ខេត្តឧត្តរមានជ័យ និងខេត្តស៊ីសាកេត ប្រារព្ធពិធីសូត្រមន្តរាប់បាត្រឆ្លងឆ្នាំសកល ឆ្នាំ២០១៧ ឈានចូលឆ្នាំ២០១៨

ខេត្តឧត្តរមានជ័យ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម យិន ធិន ប្រធានក្រុមប្រឹក្សា​ខេត្តឧត្តរមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ថាក់វ៉ាត់ រ៉ាក់ស៊ុះបាន អភិបាលខេត្ត​ស៊ីសាកេត នៃព្រះរាជាណាចក្រថៃ បានអញ្ជើញប្រារព្ធពិធី​សូត្រមន្តរាប់បាត្រ​ឆ្លងឆ្នាំសកល ឆ្នាំ២០១៧​ ឈានចូលឆ្នាំ២០១៨ រួមគ្នានៅច្រកទ្វារ​អន្តរជាតិជាំសាងំា ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃអង្គារ ១រោជ ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមករា គស២០១៨ ដោយ​មានចូលរួម​ពីមន្ត្រីរាជការ កងកម្លាំងចម្រុះ ព្រមទាំងប្រជាពលរដ្ឋ​នៃប្រទេសទាំងពីរ​យ៉ាងច្រើនកុះករ ។

ឯកឧត្តម ស ថាវី បានមានប្រសាសន៍ថា ពិធីនេះជាកិច្ចសហប្រតិបត្តិការ​ឱ្យកាន់តែរឹងមាំ​បន្ថែមទៀត​រវាងខេត្ត​ជាប់ព្រំដែន​ជាមួយខេត្ត​ឧត្តរមានជ័យ និង ខេត្តស៊ីសាកេតប្រទេសថៃ ។ ខេត្តឧត្តរមានជ័យ​នៅមានខេត្តបុរីរ៉ាំ ខេត្តសុរិន្ទរ៍  ក៏មានការចូលរួមគ្នា​ប្រារព្ធវិធីនានាជា​ប្រពៃណីជាច្រើន​ដែលបានរៀបចំ​ឡើងជារៀងរាល់ឆ្នាំដែរ ដើម្បីបង្កើន​សន្តិភាព សាមគ្គីភាព កាន់តែរឹងមាំរវាងខេត្តជាប់ព្រំដែន​នៃប្រទេសយើងទាំងពីរ ។

ឯកឧត្តមបន្តថា ខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ មានកិច្ចសហប្រតិបត្តិការបានល្អ​ធ្វើឱ្យព្រំដែនរក្សាបាន​នូវសុខ​សន្តិភាព សុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ល្អជូន​ប្រជាពលរដ្ឋដែល​កំពុងរស់នៅ​ជាប់បន្ទាត់​ព្រំដែន​នៃប្រទេស​ទាំង​ពីរ។​ អ្វីៗអស់ទាំងនេះបានមក​ពីការខិតខំប្រឹងប្រែង​របស់ថ្នាក់ដឹកនាំនៃ​ប្រទេសទាំងពីរ ព្រមជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន​​ខេត្តជាប់ព្រំដែន​សហការគ្នាបានល្អ ទើបធ្វើឱ្យមានការទំនាក់ទំនង​នេះមានការរីក​ចម្រើនជាបន្តបន្ទាប់​ស្ទើរគ្រប់វិស័យ​រហូតដល់​បច្ចុប្បន្ននេះ។ គ្រប់កងកម្លាំង​សមត្ថកិច្ចនៃ​ប្រទេសយើង​ទាំងពីរសហការគ្នា ធ្វើការទប់​ស្កាត់បទ​ល្មើសឆ្លងដែន​ខុសច្បាប់ផ្សេងៗ​បានជោគជ័យ​ជាបន្តបន្ទាប់ ។

ឯកឧត្តម ថាក់វ៉ាត់ រ៉ាក់សុះបាន អភិបាលខេត្តស៊ីសាកេត បានថ្លែងអំណអរគុណដល់អាជ្ញាធរខេត្តឧត្តរមានជ័យ និង ខេត្តស៊ីសាកេត ដែលសហការគ្នាបាន​ល្អជាប្រចាំជាក់​ស្ដែងនៅថ្ងៃនេះយើង​ប្រារព្ធពិធីរួមគ្នា​សម្រេចបាន​ជោគជ័យ​សម្រាប់ប្រជាពលរដ្ឋ​ដែលរស់នៅជាប់បន្ទាត់​ព្រំដែននៃប្រទេសទាំងពីរ ។ ឯកឧត្តម មានប្រសាសន៍ថា ហេតុនេះយើង​ត្រូវធ្វើជាប្រពៃណី​រាងរហូតនូវរាល់គ្រប់​សកម្មភាពរបស់ខេត្តយើង​ទាំងពីរមាន ហើយនឹង​ខិតខំយក​ចិត្តទុកដាក់រិះ​រ​កវិធីល្អៗបន្ថែមទៀត ដើម្បីយកមកសហការ​ឱ្យបានកាន់តែប្រសើរជាងនេះ ៕

2018-01-03T11:24:41+00:00 ថ្ងៃ ពុធ, ៣ មករា ២០១៨|

About the Author: