Home/ពត៌មានថ្មីៗ/ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំតុមូលចិន លើកទី៥ ស្តីពីការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកWTO
  • សម្តេចតេជោ ហ៊ុន សែន សូមប្រកាសជាប្រចាំថ្ងៃជូនសាធារណជនឲ្យបានជ្រាបថា គ្រឹះស្ថានមីក្រូហិ​រញ្ញវត្ថុទាំងអស់នៅកម្ពុជាជារបស់ឯកជន មិនមែនជារបស់រដ្ឋនោះទេ សូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ !

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំតុមូលចិន លើកទី៥ ស្តីពីការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកWTO

នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតី បើកកិច្ចប្រជុំតុមូលចិន លើកទី៥ ស្តីពីការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅសណ្ឋាគារសុខា ខេត្តសៀមរាប។

ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន អរគុណដល់រដ្ឋាភិបាលចិនដែលបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងលេខាធិការដ្ឋាននៃអង្គការពាណិជ្ជកម្មពិភពលោក ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំតុមូលនេះ។

* ដោយសារតែកម្ពុជាជាប្រធានក្រុមនៃប្រទេសអភិវឌ្ឍន៍តូច ដើម្បីចរចាស្វែងរយកប្រយោជន៍ពីអង្គការពាណិជ្ជកម្មនោះ សម្តេចតេជោ ហ៊ុន សែន បានឡើងបង្ហាញនូវបទពិសោធន៍មួយចំនួនរបស់កម្ពុជាចែកជូនដល់អ្នកចូលរួមក្នុងកិច្ចប្រជុំតុមូលចិនលើកទី៥។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាបានប្រែក្លាយពីសង្រ្គាមស៊ីវិល និងការអភិវឌ្ឍន៍សេដ្ឋកិច្ចពីបាតដៃទទេនៅក្នុងឆ្នាំ១៩៧៩ ដែលប្រជាជនមាន ចំណូលដុលប្រចាំឆ្នាំត្រឹមតែ ៣០០ដុល្លា ក្នុងមនុស្សម្នាក់ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ រហូតក្លាយជាប្រទេស ដែលមានមានចំណូលដុលប្រចាំឆ្នាំចំនួន ១០៧០ដុល្លាអាមេរិក ក្នុងមនុស្សម្នាក់ក្នុង ឆ្នាំ២០១៥ មានកំណើនសេដ្ឋកិច្ចគិតជាមធ្យមក្នុងរង្វង់ ៧.៧% ចន្លោះពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៤។

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាបានក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងមានកំណើនភ្ញៀវទេសចរណ៍ រហូតដល់ចំនួន៥,០១១,៧១២លាននាក់ ក្នុងឆ្នាំ២០១៦ ហើយទទួលបានកំណើនពាណិជ្ជកម្មអន្តរជាតិ ពី១៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០១១ ទៅដល់ ៣០ពាន់លានដុល្លារក្នុងឆ្នាំ២០១៤។

* សម្តេចតេជោ បានបន្តថា កម្ពុជាបានកាត់បន្ថយភាពក្រីក្រពី៥៣.២% ក្នុងឆ្នាំ២០០៤ មកនៅប្រមាណ១១.៥% ក្នុងឆ្នាំ២០១៥។ ជាមួយនេះ កម្ពុជាត្រូវបានប៉ាន់ប្រមាណថា នឹងបន្តអត្រាកំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំក្នុងរង្វង់ ៧% រហូតដល់ឆ្នាំ២០១៨ ដែលជាលទ្ធផលទទួលបាន ពីការអភិវឌ្ឍន៍នៃពិពិធកម្ម នៃសហគ្រាសធុនតូចនិងមធ្យម និងការបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងសាកលលោក។

* សម្តេចនាយករដ្ឋមន្រ្តី បានឲ្យដឹងដែរថា បន្ទាប់ពីបានចូលជាសមាជិកសហគមន៍សហភាពអាស៊ីអាគ្នេយ៍នៅក្នុង ខែមេសា ឆ្នាំ១៩៩៩ និងបាន ក្លាយជាសមាជិកអង្គការ WTO ក្នុងខែតុលា ឆ្នាំ២០០៤ រួចមកកម្ពុជាបានផ្លាស់ប្តូរមុខមាត់ និងកំពុងរៀបចំខ្លួន ដើម្បីក្លាយទៅជាប្រទេស កំពុងអភិវឌ្ឍន៍នាពេលខាងមុខ តាមរយៈការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម កសិកម្ម ទេសចរណ៍ និងវិស័យសេវាកម្ម ផ្សេងៗទៀត ដោយផ្សារភ្ជាប់គោលនយោបាយអភិវឌ្ឍជាតិជាមួយនឹងគោលនយោបាយ  អភិវឌ្ឍន៍ក្នុងតំបន់ និងអន្តរជាតិ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានរំលេចនូវបទពិសោធន៍របស់កម្ពុជាផងដែរ ក្នុងការអភិវឌ្ឍន៍ប្រទេសចេញពីភ្លើងសង្រ្គាម ចែកជូនដល់បណ្តាប្រទេសដែលកំពុងមានការអភិវឌ្ឍតិចតួចដទៃទៀត។

* សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានមានប្រសាសន៍ទៀតថា ក្នុងនាមជាសមាជិកអាស៊ាន កម្ពុជាបានចូលរួមការបង្កើត សហគមន៍សេដ្ឋកិច្ចកាលពីចុងឆ្នាំ២០១៥ ព្រមទាំងបានចូលរួមយ៉ាងសកម្មក្នុងការធ្វើសេរីភាវូនីយកម្មជាមួយនិងដៃគូររបស់អាស៊ាន ទំាង០៦រួមមាន ប្រទេសចិន ជប៉ុន កូរ៉េ ឥណ្ឌា អូស្រ្តាលី ណូវែលហ្សែឡង់។

* សម្តេចបានបន្ថែមថា កម្ពុជា ក៏កំពុងដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញការចរចាបង្កើតតំបន់ពាណិជ្ជកម្មសេរីដ៏ធំមួយដែលមាន ១៦ប្រទេស ហៅថា ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៅក្នុងតំបន់ ដែលនឹងត្រូវបានគ្រោងចុះហត្ថលេខានៅក្នុងឆ្នាំ២០១៧នេះ សំដៅពង្រីកទីផ្សារទំនិញ និងសេវា ទាក់ទាញវិនិយោគទុនបរទេស។

* សម្តេចនាយករដ្ឋមន្រ្តី បានបន្ថែមថា កម្ពុជាបានក្លាយជាសមាជិកនៃអង្គការ WTO នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ ដោយទទួលបានជោគជ័យតាមរយៈការចរចាទ្វេភាគី និងពហុភាគីអស់រយៈពេល៥ឆ្នាំ ជាមួយនឹងបណ្តាប្រទេសអភិវឌ្ឍន៍ខ្ពស់ ដែលការចរចានេះបានតម្រូវឲ្យកម្ពុជាបង់តម្លៃ និងបើកចំហរវិស័យជាច្រើនជាពិសេសពាណិជ្ជកម្មផ្នែកទំនិញ  សេវាកម្ម វិនិយោគ ព្រមទាំងត្រូវធ្វើការកែទម្រង់រចនាសម្ព័ន្ធស្ថាប័ន និងលិខិតបទដ្ឋានច្បាប់ជាច្រើនទៀតផង។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីការចរចា ដើម្បីបានក្លាយជាសមាជិក WTO។ សម្តេចថា ដើម្បីបានក្លាយជាសមាជិក WTO គឺកម្ពុជា បានធ្វើការព្រមៗគ្នា។ ជោគជ័យនេះកម្ពុជា មិនត្រឹមតែឆ្លើយតែការឆ្លើយជាលាយលក្ខណ៍អក្សរនោះទេ តែគឺជាការធ្វើសុគតភាពទាំងក្នុង និងខាងក្រៅ។

* សម្តេចតេជោ បានរំលឹកថា ដើម្បីអភិវឌ្ឍន៍ប្រទេស ក្រោយថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៨ ការប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូងក្រោយការបោះឆ្នោត សម្តេចបានដាក់ចេញយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី១ មានមុំពីរសំខាន់ៗ គឺមុំសន្តិភាវូពាណិជ្ជកម្ម និងការធ្វើសមាហរណកម្មទៅ កាន់អន្តរជាតិ។ សម្តេចតេជោ បានរំលឹកដល់គណៈប្រតិភូថា កម្ពុជា បានអភិវឌ្ឍន៍ចេញពីបាត់ដៃទេសចរណ៍ ពីខេត្តសៀមរាប មានសណ្ឋាគារចាស់ៗត្រឹមតែពីរ រហូតដល់ប្រមាណ៤០០ នាពេលបច្ចុប្បន្ន ពីភ្ញៀវទេសចរសូន្យនាក់ មកកាន់រាប់លាននាក់នាពេលបច្ចុប្បន្ន។

* សម្តេចតេជោ ស្នើអគ្គនាយករងអង្គការពាណិជ្ជកម្មពិភពលោក និងប្រទេសជាសមាជិកចាស់ គួរមានការយោគយល់ដល់ប្រទេស ដែលមានការអភិវឌ្ឍតិចតួចឲ្យក្លាយជាសមាជិកពាណិជ្ជកម្មពិភពលោក។

* សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យប្រទេសជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក យោគយល់ដល់ប្រទេសអភិវឌ្ឍន៍តិចតួចដទៃទៀត បានចូលជាសមាជិករបស់ WTO។ ត្រង់ចំណុចនេះ សម្តេចតេជោ បានទទូចឲ្យ WTO ទទួលប្រទេសទីម័រ បានក្លាយជាសមាជិកអង្គការ WTO ព្រោះស្ថានភាពរបស់ទីម័រនាពេលបច្ចុប្បន្នមានស្ថានភាពល្អប្រសើរជាងកម្ពុជា ពេលសុំចូលជាសមាជិករបស់ WTO ទៅទៀត។

* សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើអគ្គនាយករងអង្គការ WTO ត្រូវមានការពិចារណាពីរណាំងលំហូរពាណិជ្ជកម្មរវាងប្រទេសអ្នកមាន និងប្រទេសអ្នកក្រ។ សម្តេចបានលើកឡើងថា ប្រទេសអ្នកមានតែងតែលើកហេតុ និងលក្ខខណ្ឌផ្សេងៗដើម្បីរាំងខ្ទប់ទំនិញពីប្រទេសអ្នកក្រ។

* សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា ប្រទេសទាំងអស់នៅលើពិភពលោកត្រូវតែដើរទៅជាមួយគ្នា មិនអាចទុកឲ្យប្រទេសអ្នកក្រ នៅតែក្រនោះទេ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងរិះគន់ទៅលើគោលនយោបាយគាំពារនិយមរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថាមិនអាច អនុវត្តន៍ទៅបានជោគជ័យនោះឡើយ។ សម្តេចតេជោថា ពិភពលោក គឺត្រូវតែត្រូវការទៅវិញទៅមក។

* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងរំលឹកពីការលើកឡើងរបស់សម្តេចក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីសនាពេលកន្លងទៅ ដោយសម្តេចបានថ្លែងការជឿជាក់ថា អាមេរិក និងចិន មិនអាចផ្ទុះសង្រ្គាមជាមួយគ្នានោះឡើយ ហើយបើអាមេរិក ចង់កើតសង្រ្គាម ចិន ក៏មិនវាយជាមួយនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាស៊ាន មិនធ្វើជាស្មៅឲ្យដំរីជាន់នោះឡើយ។ ដូច្នេះអាស៊ានដើរតួសម្របសម្រួលដល់មហាអំណាចចិន និងអាមេរិក មិនទុកឲ្យមានជម្លោះហើយបង្កគ្រោះថ្នាក់ដល់អាស៊ាននោះឡើយ។

* សម្តេចតេជា ហ៊ុន សែន ថ្លែងបញ្ជាក់ជាថ្មីចង់ឲ្យនយោបាយអន្តរពាណិជ្ជកម្មប៉ាស៊ីហ្វិក TPP លុបចោល ព្រោះមានចរិតបំបែកបំបាក់អាស៊ាន ដែលជាការផ្តួចផ្តើមបង្កើតឡើងដោយអតីតប្រធានាធិបតីលោក ប៉ារាក់ អូបាម៉ា។ ប៉ុន្តែពេលនេះត្រូវបានលុបចោលហើយ ដោយប្រធានាធិបតី ដូណាល់ ត្រាំ។

* សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បន្តថា កាតព្វកិច្ចចំពោះមុខសម្រាប់ប្រទេសទាំងជាប្រទេសអភិវឌ្ឍន៍តិចតួច គឺត្រូវធ្វើយ៉ាងណាឲ្យការចរចាសម្រេចបានជោគជ័យនៅក្នុងសន្និសីទថ្នាក់រដ្ឋមន្រ្តីលើកទី១១ នៃអង្គការ WTO គ្រោងធ្វើនៅថ្ងៃទី១១ ដល់១៤ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងប៊ូណូស្សារ៉េស ប្រទេសអាហ្សង់ទីន ដែលលទ្ធផលនោះត្រូវតែបំរើផលប្រយោជន៍ដល់ប្រទេសអភិវឌ្ឍន៍តិចតួចទាំងអស់  រួមទាំងប្រទេសដែលកំពុងចរចាចូលជាសមាជិកអង្គការ WTO ផងដែរ។

* សម្តេចតេជោ បន្តថា ក្នុងឋានៈជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួច កម្ពុជានឹងខិតខំឲ្យអស់ពីកំលាំងកាយចិត្តធ្វើការ សម្របសម្រួលជាមួយប្រទេសអភិវឌ្ឍន៍តិចតួច និងប្រទេសកំពុងអភិវឌ្ឍន៍ ដែលជាសមាជិកអង្គការ WTO ទាំងអស់ ដើម្បីជំរុញកិច្ចចរចានានា ដែលបម្រើឲ្យផលប្រយោជន៍ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ជាពិសេសតាមដាន និងជំរុញឲ្យមានការអនុវត្តសេចក្តីថ្លែងការណ៍ និងសេចក្តីសម្រេចរបស់សន្និសីទថ្នាក់រដ្ឋមន្រ្តីនៅទីក្រុងបាលី និងទីក្រុងណៃរ៉ូប៊ី ដូចជាការផ្តល់ការលើកលែង និងលក្ខខណ្ឌពិសេសផ្នែកសេវា ការផ្តល់ភាពអនុគ្រោះពន្ធគយ និងមិនជាប់កូតា សម្រួលវិធានប្រភពដើមទំនិញ សិទ្ធិទទួលបានឱសថសម្រាប់សេវាសុខភាពសាធារណៈ កិច្ចសម្រួលពាណិជ្ជកម្ម និង ជំនួយសម្រាប់អនុវត្តវិស័យពាណិជ្ជកម្មជាដើម។

* សម្តេចតេជោ បានអំពាវនាវដល់ប្រទេសអភិវឌ្ឍន៍តិចតួចទាំងអស់ ចូលរួមដោយសកម្មដើម្បីដោះស្រាយបញ្ហានានាទាក់ទងការគាំពារ កសិកម្មក្នុងស្រុក ការស្តុកទុកស្បៀងបម្រុងដើម្បីធានាសន្តិសុខស្បៀង ការឧបត្ថម្ភធនលើវិស័យជលផល ការធ្វើពាណិជ្ជកម្មនិងបរិស្ថាន និងការផ្តល់ប្រពិត្តកម្មពិសេស និងដោយឡែកដល់ប្រទេសអភិវឌ្ឍន៍តិចតួច ឲ្យបានចប់សព្វគ្រប់មុនកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១១ នៅប្រទេសអាហ្សង់ទីន។

2017-03-20T15:39:19+00:00 ថ្ងៃ ចន្ទ, ២០ មិនា ២០១៧|

About the Author: