ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១ម៉ឺននាក់ មកពីរោងចក្រចំនួន១៣ នៅតំបន់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

(ភ្នំពេញ)៖ ផ្តើមការងារថ្មីសម្រាប់ឆ្នាំ២០១៨ នៅថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយកម្មករ កម្មការិនីសរុប ១៣,៥៤៦នាក់ មកពីរោងចក្រចំនួន១៣ នៅតំបន់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលមើលកម្ពុជាបញ្ច្រាស់ថ្ងៃគឺមិនឃើញកម្ពុជាល្អនោះទេ តែបើអ្នកដែលមើលកម្ពុជាតាមបណ្តោយថ្ងៃវិញ គឺឃើញកម្ពុជាមានភាពល្អប្រសើរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានរួមគ្នាថែរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងអ្នកទេសចរបានលេងកម្សាន្តយ៉ាងសប្បាយរីករាយនៅថ្ងៃបុណ្យឆ្លងឆ្នាំសកល។

* សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា នៅថ្ងៃឆ្លងឆ្នាំសម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញចូលរួមឆ្លងឆ្នាំ ហើយក៏បានមើលឃើញទិដ្ឋភាពរាជធានីភ្នំពេញពីលើអគារវឌ្ឍនៈ ដែលបានបង្ហាញឲ្យឃើញទិដ្ឋភាពស្រស់ស្អាតរាជធានីភ្នំពេញក្នុងពេលរាត្រីរំលេចដោយភ្លើងពណ៌ ផ្ទុយកាលពីឆ្នាំ១៩៧៩ ដែលគ្រប់ផ្ទះក្នុងរាជធានីភ្នំពេញដុតតែចង្កៀង។

* សម្តេចនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរជាមួយកម្មករ កម្មការិនី ដែលទទួលបានប្រាក់ឈ្នួលទាបបំផុតរហូតដល់ ១៧០ដុល្លារ រួមនិងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត សម្រាប់ឆ្នាំ២០១៨។

* ផ្តាំផ្ញើទៅម្ចាស់អត្ថបទ និងអ្នកវិភាគទាំងឡាយ ដែលបានរិះគន់ថា ទន្ទឹមវឌ្ឍនភាពនៅមានបញ្ហាជាច្រើនកំពុងប្រឈមសម្រាប់កម្ពុជានោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រប់ប្រទេសនៅលើពិភពលោក រាប់ទាំងក្រុមគ្រួសាររបស់ម្ចាស់អត្ថបទ និងអ្នកវិភាគទាំងអស់នោះផង គឺមិនអាចគេចផុតពីបញ្ហាប្រឈមនោះឡើយ។ សម្តេចនាយករដ្ឋមន្ត្រី បានស្នើឲ្យម្ចាស់អត្ថបទ និងអ្នកវិភាគទាំងនោះ ស្តាប់ប្រសាសន៍របស់សម្តេចតាំងពីដើមរហូតដល់ចប់មុននឹងវាយតម្លៃ។ សម្តេចតេជោ ហ៊ុន សែន បានហៅការវិភាគរបស់អ្នកវិភាគទាំងនោះថា ជាការវិភាគបែបកន្ទុយអណ្តើក ដែលមានចរិតមិនមែនជាអ្នកសេដ្ឋកិច្ចវិទូនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ល្ងាចនេះខ្សែវីដេអូឯកសារមួយស្តីពីដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ នឹងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នានា និងទូរទស្សន៍ Online នៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ខ្សែវីដេអូនេះបានបង្ហាញពីដំណាក់កាលតស៊ូចាប់ផ្តើមពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ឆ្ពោះទៅសង្គ្រោះជាតិចេញពីរបបពិឃាត ដ៏ឃោរឃៅនៃរបបកម្ពុជាប្រជាធិបតេយ្យ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដល់ការប្រឹងប្រែងរបស់ជនរួមជាតិទាំងអស់ ដើម្បីរំដោះជាតិ និងការបង្រួបបង្រួមជាតិ។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា អតីតកាលបានផ្តល់ជាមេរៀន ហើយអតីតកាលក៏បានផ្តល់ឲ្យអាយុជីវិតថ្មី និងភាពរីកចម្រើនរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន។

* សម្តេចតេជោ បន្តថា សម្តេចមិនមែនជាអ្នកផ្តើមឲ្យមានសង្គ្រាមនៅកម្ពុជានោះទេ តែសម្តេចមានភារកិច្ចបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា ជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដទៃទៀត ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋខ្មែរគ្រប់រូប។

* សម្តេចនាយករដ្ឋមន្ត្រី អំពាវនាវឲ្យកម្មករ កម្មការិនី រួមគ្នាក្តាប់ឲ្យបាននូវឱកាសការងារនាពេលបច្ចុប្បន្ន តាមរយៈការរក្សាឲ្យបាននូវសុខសន្តិភាព។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា សម្តេចសប្បាយរីករាយចំពោះកម្មវិធីដែលសម្តេចបានដាក់ចេញក្នុងការឧបត្ថម្ភប្រាក់សម្រាប់កម្មការិនី ព្រមទាំងកម្មវិធីអត្ថប្រយោជន៍ផ្សេងៗទៀត ហើយត្រូវបានអនុវត្តន៍ដោយមានប្រសិទ្ធភាពនៅឆ្នាំ២០១៨នេះ។

* សម្តេចតេជោ ហ៊ុន សែន បានស្នើកុំឲ្យមានការជេរប្រមាថទៅលើកម្មករ កម្មការិនី។ សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មករ កម្មការិនី ទៅធ្វើការយកប្រាក់ឈ្នួល តែមិនមែនជាខ្ញុំកញ្ជះដែលត្រូវចេញវាយ ចូលខោកនោះទេ។

* សម្តេចនាយករដ្ឋមន្ត្រី គាំទ្រឲ្យមានការបណ្តេញចេញនូវប្រធានក្រុម ប្រធានផ្នែកទាំងឡាយណា ដែលបានជេរប្រមាថទៅលើកម្មករ កម្មការិនី។ សម្តេចតេជោ បានបន្ថែមថា ការជេរប្រមាថនេះ មិនគួរមាននៅក្នុងរោងចក្រនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដោយទទូចកុំឲ្យមានការជេរប្រមាថកម្មករ កម្មការិនី ហើយប្រធានក្រុម ប្រធានផ្នែកត្រូវធ្វើការងារឲ្យបានល្អជាមួយកម្មករ កម្មការិនី។

* ជាមួយការបង្ហាញនូវកំណើនឧស្សាហកម្មរហូតដល់ប្រមាណ ៤៥ភាគរយក្នុងសេដ្ឋកិច្ចជាតិនោះ សម្តេចនាយករដ្ឋមន្ត្រី បានរំលឹកកម្មករ កម្មការិនីថា គ្មានអ្នកវិនិយោគណាមករកស៊ី និងបង្កើតរោងចក្រនៅក្នុងប្រទេសមានគ្រាប់ផ្លោងនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាគ្រឿងញៀន គឺជារឿងដែលត្រូវប្រយុទ្ធនៅក្នុងឆ្នាំ២០១៨នេះ និងស្នើសុំឲ្យកម្មករ កម្មការិនីចៀសឆ្ងាយពីគ្រឿងញៀន។

* ក្រៅពីបញ្ហាគ្រឿងញៀន បញ្ហាគ្រោះថ្នាក់ចរាចរ ក៏ជារឿងដែលសម្តេចតេជោ ហ៊ុន សែន ថ្លែងថា ត្រូវបន្តប្រយុទ្ធប្រឆាំងក្នុងឆ្នាំ២០១៨នេះផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រតិកម្មយ៉ាងខ្លាំងៗចំពោះជិះការបញ្ច្រាស់តាមដងផ្លូវនៅមុខគេហដ្ឋានរបស់សម្តេចជិតវិមានឯករាជ្យ។

* ចំពោះរឿងជិះបញ្ច្រាស់នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលត្រូវបន្ទោសមុនគេគឺអ្នកដែលអនុវត្តន៍ច្បាប់។ សម្តេចតេជោ ក៏បានលើកបង្ហាញពីភាពកម្សោយ នៃការអនុវត្តន៍ច្បាប់ចរាចរណ៍នាពេលបច្ចុប្បន្នផងដែរ។

* សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ឆ្នាំ២០១៨ គឺជាឆ្នាំ ត្រូវតែគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរត្រូវតែថយចុះ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានប្រតិកម្មខ្លាំងផងដែរ ចំពោះវប្បធម៌អន្តរាគមន៍ក្នុងរឿងអនុវត្តន៍ច្បាប់ចរាចរណ៍ ដោយប្រើមន្ត្រីពាក់ផ្កាយនិងមានបុណ្យស័ក្តិខ្ពស់។ សម្តេចនាយករដ្ឋមន្ត្រី បានព្រមានថា ទោះបីពាក់ផ្កាយ ឬលោកខែ ក៏ត្រូវតែដកដែរបើអន្តរាគមន៍រឿងខុសច្បាប់ចរាចរណ៍។

* សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យតាមចាប់ឲ្យបានរាល់អ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍មកពិន័យតាមច្បាប់។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា សូម្បីតែកូនៗ និងម៉ែដោះមើលថែចៅៗសម្តេច ក៏ត្រូវបានហៅមកអប់រំផងដែរនៅយប់មិញនេះ រឿងបើកមិនគោរពច្បាប់ចរាចរណ៍។

* ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យយកចិត្តទុកដាក់ត្រួតពិនិត្យឲ្យបានខ្ពស់ចំពោះរថយន្តដឹកកម្មករ កម្មការិនី ដើម្បីចៀសវាងគ្រោះថ្នាក់លើកម្មករ កម្មការិនី។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យអ្នកធាក់ស៊ីក្លូទាំងអស់អាចទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានប្រកាសបង្កើត មូលនិធិគាំទ្រដល់អ្នកធាក់ស៊ីក្លូ ផងដែរ ដោយប្រគល់ភារកិច្ចឲ្យអភិបាលរាជធានីភ្នំពេញជាអ្នកទទួលខុសត្រូវ។ មូលនិធិនេះ នឹងផ្តើមជាមួយថវិកាប្រមាណ ១០០លានរៀល។ សម្តេចនឹងបន្ថែមថវិកាប្រមាណ ១០លានរៀលក្នុងមួយខែបន្ថែមទៀតទៅក្នុងមូលនិធិទ្រទ្រង់អ្នកធាក់ស៊ីក្លូនេះ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានហៅលោក វ៉ន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលរួមបង្កើតមូលនិធិមួយនេះឡើយ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យចូលរួមជិះស៊ីក្លូ ដើម្បីគាំទ្រ និងអភិរក្សស៊ីក្លូរបស់ខ្មែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំ២០១៨ ជាឆ្នាំជោគឆ្នាំជ័យសម្រាប់កម្មករ កម្មការិនី និងជាតិទាំងមូល ហើយសម្តេចមិនជ្រលក់មាត់ជាមួយអ្នកនយោបាយ ដែលបាត់បង់សិទ្ធិធ្វើនយោបាយនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់កម្មករ កម្មការិនីរួមទាំងឪពុកម្តាយ ក្រុមគ្រួសារទៅបោះឆ្នោតឲ្យបានគ្រប់គ្នានៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ និងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រសម្តេចដឹកនាំប្រទេស រក្សាបានសន្តិភាព និងការអភិវឌ្ឍ។

2018-01-03T10:34:02+00:00 ថ្ងៃ ពុធ, ៣ មករា ២០១៨|

About the Author: