ប្រសាសន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន ៖ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះ គណៈប្រតិភូយោធាជាន់ ខ្ពស់នៃកងទ័ពប្រជាជនវៀតណាម

នៅអគ្គបញ្ជាការដ្ឋាន ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះ គណៈប្រតិភូយោធាជាន់ ខ្ពស់នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ PHAN VAN GIANG ប្រធានអគ្គសេនាធិការ និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានអញ្ជើញបំពេញទស្សនកិច្ចជាមិត្តភាពនិងផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋាភិបាល កងទ័ពនិងប្រជាជននៃប្រទេស ទាំងពីរ កម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើន ។
ក្នុងនាម រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ បក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលជានិច្ចកាលបានផ្តល់ការគាំទ្រ ជួយឧបត្ថម្ភយ៉ាងច្រើនដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងការពារ កសាង និងអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនជាលំដាប់។ ក្នុងវិស័យកងទ័ព ភាគីវៀតណាម បានជួយបណ្តុះបណ្តាលដល់កងយោធពលខេមរភូមិន្ទ និងជួយឧបត្ថម្ភសំណង់អគារ សម្ភារៈ និងថវិកាជាច្រើន ដល់កងយោធពលខេមរភូមិន្ទ ដែលបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ក្នុងការបង្កើនសក្តានុពលដល់កងយោធពលខេមរភូមិន្ទ។ ហើយជំនួយទាំងនោះ វានឹងនាំមកនូវលទ្ធផលជាផ្លែផ្កាយ៉ាងច្រើនថែមទៀតដល់ចំណងមេត្រីភាព មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសនិងកងទ័ពទាំងពីរ កម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើននិងរឹងមាំថែមទៀត។
ឯកឧត្តម ឧត្តមសេនីយ៍ទោ PHAN VAN GIANG បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុត និងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈឯកឧត្តម ឧត្តមសេនីយ៍ទោ PHAN VAN GIANG ប្រធានអគ្គសេនាធិការនៃ កងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខ្ញុំសូមជូនពរចំពោះបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម សូមឱ្យចំណងមេត្រីភាព មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសនិងកងទ័ពយើងទាំងពីរ កម្ពុជា-វៀតណាម ស្ថិតស្ថេរជាអមតៈ។
បន្ទាប់មក ខ្ញុំ និងឯកឧត្តម ឧត្តមសេនីយ៍ទោ PHAN VAN GIANG ប្រធានអគ្គសេនាធិការ និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូនដល់អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលមានកម្ពស់៥ជាន់ ត្រូវបានប្រសិទ្ធនាមថា «អគារមិត្តភាពកម្ពុជា-វៀតណាម» ៕

2017-03-20T14:28:50+00:00 ថ្ងៃ ចន្ទ, ២០ មិនា ២០១៧|

About the Author: