សម្លៀកបំពាក់ដែលច្នៃដោយកូនខ្មែរបង្ហាញវត្តមានក្នុងពិធីបង្ហាញម៉ូដលំដាប់អន្តរជាតិក្នុងទីក្រុងប៉ារីស

(បារាំង) ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសឱ្យដឹងថា ក្រុមហ៊ុនឌីហ្សាញម៉ូត និងកាត់ដេរសម្លៀកបំពាក់ NATACHA VAN តាមរយៈក្រសួងពាណិជ្ជកម្ម និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បាននាំយកសម្លៀកបំពាក់ច្នៃម៉ូតកម្រិតអន្តរជាតិ ដែលជាស្នាដៃកូនខ្មែរមកចូលរួមក្នុងកម្មវិធីបង្ហាញម៉ូត “READY-TO-WEAR CATWALK SHOW” នៅក្នុងឱកាសពិព័រណ៍សម្លៀកបំពាក់ “APPAREL SOURCING PARIS 2017” កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា នៅក្នុងកម្មវិធីបង្ហាញម៉ូតនោះ មានការចូលរួមពីបណ្តាប្រទេសមកពីសហគមន៍អឺរ៉ុប កម្ពុជា វៀតណាម និងមីយ៉ាម៉ា ដែលការបង្ហាញម៉ូតសម្លៀកបំពាក់របស់កម្ពុជា ត្រូវបានទទួលនូវការចាប់អារម្មណ៍យ៉ាងខ្លាំងជាងគេ ដោយភ្ញៀវអ្នកទស្សនាទាំងអស់បាននាំគ្នាទះដៃអបអរសាទរតាំងពីការដើមដំបូងរហូតដល់ទីបញ្ចប់។ ម៉ូតសម្លៀកបំពាក់ខ្មែរនាពេលនោះ ត្រូវបានមើលឃើញថា ស្អាត ទាន់សម័យ មានគុណភាពល្អ ហើយអាចប្រកួតប្រជែងបានក្នុងទីផ្សារអឺរ៉ុបទៀតផង។

ភាពលេចធ្លោនៃសម្លៀកបំពាក់កម្ពុជាក្នុងកម្មវិធីបង្ហាញម៉ូតនោះ បានធ្វើឱ្យគណៈកម្មការរៀបចំកម្មវិធីក្រោកឈរឡើងថ្លែង កោតសរសើរយ៉ាងខ្លាំងដល់កម្ពុជា ហើយនៅពេលនោះមានតែប្រទេសកម្ពុជាតែមួយគត់ ដែលមាន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម គណៈប្រតិភូកម្ពុជា និងម្ចាស់ក្រុមហ៊ុនឌីហ្សាញម៉ូតសម្លៀកបំពាក់ NATACHA VAN ត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយសឡើងមកលើឆាក ដើម្បីថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍។

ក្រសួងពាណិជ្ជកម្មចាត់ទុកថា នេះជាភាពជោគជ័យដ៏ធំធេងនេះ នឹងជួយឱ្យកាន់តែមានការគាំទ្រ និងមានការបញ្ជារទិញផលិតផលសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាកាន់តែច្រើនឡើងៗពីបណ្តាប្រទេសមកពីសហគមន៍អឺរ៉ុប អាមេរិក កាណាដា និងអាស៊ីជាច្រើនទៀត៕

2017-09-22T13:16:41+00:00 ថ្ងៃ សុក្រ, ២២ កញ្ញា ២០១៧|

About the Author: