Home/ពត៌មានថ្មីៗ/ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អនុញាត្តិឲ្យឯកឧត្តម Koichiro KAKEE ឧបការីរបស់អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអន្តរជាតិ ចូលជួបសម្តែងការគួរសម
  • សម្តេចតេជោ ហ៊ុន សែន សូមប្រកាសជាប្រចាំថ្ងៃជូនសាធារណជនឲ្យបានជ្រាបថា គ្រឹះស្ថានមីក្រូហិ​រញ្ញវត្ថុទាំងអស់នៅកម្ពុជាជារបស់ឯកជន មិនមែនជារបស់រដ្ឋនោះទេ សូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ !

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អនុញាត្តិឲ្យឯកឧត្តម Koichiro KAKEE ឧបការីរបស់អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអន្តរជាតិ ចូលជួបសម្តែងការគួរសម

នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញាត្តិឲ្យឯកឧត្តម Koichiro KAKEE ឧបការីរបស់អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអន្តរ ជាតិ នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុនចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីការរៀបចំសិក្ខាសាលា ស្តីពីការបណ្តុះបណ្តាលមេកានិច រថយន្ត និងការជួសជុលយានយន្ត។
នាឱកាសនោះភាគីជប៉ុនបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា លើគ្រប់វិស័យក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនា ពេលបច្ចុប្បន្ន ដែលមានសម្តេចតេជោជាប្រមុខ ជាពិសេស វឌ្ឍនភាពដែលកម្ពុជាខិតខំសម្រេចបាននូវការធ្វើឱ្យប្រសើរឡើងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ព្រមទាំងសន្យានឹងបន្តភាពជាដៃគូរយ៉ាងជិតស្និតជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរមានការទំនាក់ទំនងនឹងគ្នាយ៉ាងល្អប្រសើរកាលពីយូរមកហើយលើគ្រប់វិស័យ។ ទន្ទឹងនឹងនេះ ឯកឧត្តមបណ្ឌិត ក៏បានសម្តែងនូវការអរគុណចំពោះរាជ រដ្ឋាភិបាលជប៉ុន ដែលតែងតែគិតគូរនិងជួយជ្រោមជ្រែងកម្ពុជា លើគ្រប់វិស័យក្នុងនោះមានវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាដើម។ ឯកឧត្តមបណ្ឌិត បន្តទៀតថាបច្ចុប្បន្ន សិក្ខាកាមដែលកំពុងទទួលបានការបណ្តុះ បណ្តាលបច្ចេកទេសយានយន្តជាជំនួយរបស់ជប៉ុនមានជាង៣ពាន់នាក់ ហើយក្នុងថ្ងៃខាងមុខឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រី ចង់បង្កើនសិក្ខាកាមលើវិស័យនេះ ឲ្យបានរាប់ម៉ឺន នាក់ បន្ថែមទៀត។
ក្នុងជំនួបទ្វេភាគីនេះ ឯកឧត្តម Koichiro KAKEE ឧបការី របស់អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអន្តរជាតិ នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូននិងទេសចរណ៍ បានសន្យាទទួលសិក្ខាកាមកម្ពុជាឲ្យទៅទទួលការបណ្តុះ បណ្តាលលើវិស័យយានយន្តកំរិតខ្ពស់នៅប្រទេសជប៉ុន ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ។
ជាមួយគ្នានេះដែរឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានស្នើរសុំ ឲ្យភាគីជប៉ុនបន្តជួយបណ្តុះបណ្តាល សិស្សនិស្សិត កម្ពុជាអំពោះបច្ចេកទេសជួសជុលរថយន្តឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី មើលឃើញថាសហគ្រាសជប៉ុននៅកម្ពុជា មានការគោរពលក្ខខណ្ឌការងារបានល្អប្រសើរ ដូច្នេះឯកឧត្តមរដ្ឋមន្ត្រីស្នើរដល់ភាគីជប៉ុន បន្តជម្រុញនិងផ្តល់ឱកាសដល់អ្នកវិនិយោគជប៉ុនឲ្យមកបន្តវិនិយោជគជប៉ុន នៅកម្ពុជា និងរក្សាឥរិយាបថនេះឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
បើតាម ឯកឧត្តម Koichiro KAKEE ឧបការីរបស់អនុរដ្ឋមន្ត្រីជប៉ុនបានឲ្យដឹងថា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូននិងទេសចរណ៍ជប៉ុន គ្រោងនិងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលឆាប់ៗនេះ ហើយក៏និងសុំឲ្យមានជំនួបជាមួយឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ៕

2017-03-20T16:24:10+00:00 ថ្ងៃ ចន្ទ, ២០ មិនា ២០១៧|

About the Author: