កម្ពុជានឹងពង្រឹងកិច្ចសហការជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង


នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរបស់កម្ពុជា បានដឹកនាំប្រតិភូ ជួបពិភាក្សាការងារជាមួយលោក ហ្គីលេស ដាបេហ្ស៊ី (Gilles Dabezies) នាយកប្រតិបត្តិរងនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង។
នៅក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើសុំដល់ភាគីបារាំង ពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់ (MoU) ជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការផ្លាស់ប្តូរបទពិសោធន៍រវាងស្ថាប័នទាំងពីរ ព្រមទាំងអភិវឌ្ឍន៍ធនធានមនុស្សដល់សភាពាណិជ្ជកម្មកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកនាយកប្រតិបត្តិរងអំពីកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពថ្មីៗនៅក្នុងប្រទេសកម្ពុជា ព្រមទាំងគោលនយោបាយវិនិយោគ និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម IDP ឆ្នាំ២០១៥-២០២៥ ដែលរៀបចំឡើង ដើម្បីទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេស និងប្រែក្លាយកម្ពុជាពីឧស្សាហកម្មដែលប្រើប្រាស់កម្លាំង ទៅជាឧស្សហកម្មប្រើប្រាស់ជំនាញនៅក្នុងឆ្នាំ ២០២៥។
ជាការឆ្លើយតប លោក ហ្គីលេស ដាបេហ្ស៊ី បានសម្តែងការត្រេកអរ និងស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ ពីព្រោះវាត្រូវជាមួយនឹងបំណងរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសបារាំង។ លោក ហ្គីលេស ដាបេហ្ស៊ី ក៏បានណែនាំមន្ត្រីក្រោមឱវាទរបស់ខ្លួន ធ្វើកិច្ចសហការជាមួយមន្ត្រីនៃក្រសួងពាណិជ្ជកម្ម ដើម្បីរៀបចំសេចក្តីព្រាងខ្លឹមសារ MoU សម្រាប់ស្ថាប័នទាំងពីរ ចុះហត្ថលេខាក្នុងពេលអនាគតដ៏ខ្លីខាងមុខ៕