កម្ពុជាសូមស្វាគមន៍ ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រមានិតឡាវ


នៅម៉ោង៨៖៤៥នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក ប៊ុនញ៉ាំង វរជិត (Bounnhang Vorachith) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រមានិតឡាវ បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។
នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ លោកប្រធានរដ្ឋ សាធារណរដ្ឋប្រជាធិបតេយ្យប្រមានិតឡាវ នឹងចូលគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, ជួបពិភាក្សាការងារជាមួយសម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ ហើយនៅរសៀលម៉ោង ៤.០០នាទីថ្ងៃដដែលនេះដែរ លោកប្រធានរដ្ឋ សាធារណរដ្ឋប្រជាធិបតេយ្យប្រមានិតឡាវ នឹងជួបពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាពផងដែរ៕