កម្ពុជា​-​ចិន​ព​ន្លឿ​ន​ឲ្យ​មានការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ក្រុងព្រះសីហនុ និង​ព្រលានយន្តហោះ​នៅ​សៀមរាប​


ភ្នំពេញ:  ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រធាន​គណៈកម្មាធិការ​កម្ពុជា និង​លោក​យ៉ាង ជា​ឈី ទីប្រឹក្សា​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ជា​ប្រធាន​គណៈកម្មា​ធិការ​ចិន ធ្វើជា​សហប្រធាន​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​កម្ពុ​ជា​-​ចិន​លើក​ទី​៤ ដើម្បី​អនុវត្ត​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ កាលពី​រសៀល​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៧ នៅ​វិមាន​សន្តិភាព​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ថ្លែងថា ទស្សនកិច្ច​របស់លោក​យ៉ាង ជា​ឈី មាន​សារៈសំខាន់​ខ្លាំងណាស់​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី ជីន​ពីង ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ខែតុលា ឆ្នាំ​២០១៦ កន្លងមក និង​មុន​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ប្រទេស​ចិន នៅ​ខែឧសភា ខាងមុខនេះ​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បន្តថា លោក​យ៉ាង ជា​ឈី ក៏​ចូលរួម​ធ្វើ​សហប្រធាន​កិច្ចប្រជុំ​គណៈ​កម្ម​ធិ​ការសម្របសម្រួល​អន្តរ​រដ្ឋាភិបាល​កម្ពុជា ចិន លើក​ទី​៤​នេះដែរ​។ ដោយ​លោក​បាន​លើកឡើងថា ដំណើរ​ទស្សនកិច្ច​នេះ នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា ចិន ឲ្យ​កាន់តែ​ស៊ីជម្រៅ​និង​ពង្រឹង​មិត្តភាព​ដ៏​ប្រពៃ និង​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត នូវ​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា ចិន​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​បញ្ជាក់ថា “​ក្នុងឱកាស​នេះដែរ យើង​បាន​ពិភាក្សា​អំពី​បញ្ហា​តំបន់ និង​អន្តរជាតិ ហើយ​កិច្ចប្រជុំ​នេះ ក៏បាន​ពិភាក្សា​អំពី​ការត្រៀម​រៀបចំ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ប្រទេស​ចិន​ដែរ ដែល​នឹងមាន​ឯកសារ​ជាច្រើន​ដែល​នឹងត្រូវ​ចុះហត្ថលេខា និង​មាន​ផែនការ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី “​ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ​”​។​

​លោក​បន្តទៀតថា កិច្ចប្រជុំ​គណៈ​កម្ម​ធិ​ការសម្របសម្រួល​អន្តរ​រដ្ឋាភិបាល​កម្ពុជា ចិន លើក​ទី​៤ នេះ មាន​សារៈសំខាន់​ណាស់ ដោយបាន​ឯកភាពគ្នា​លើ​គ្រប់​វិស័យ​ជាច្រើន រួមមាន​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ថ្នាក់ដឹកនាំ​កំពូល​រវាង​ប្រទេស​ទាំងពីរ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រួមមាន ពាណិជ្ជកម្ម ការវិនិយោគ ជំនួយ​កសិកម្ម និង​ទេសចរណ៍​។​ល​។ ហើយ​បាន​ឯកភាពគ្នា​លើ​បញ្ហាសំខាន់ៗ​ដូចជា បញ្ហា​សន្តិសុខ កងទ័ព ពាណិជ្ជកម្ម និង​ជម្រុញ​អ្នកទេសចរ​ចិន​ឲ្យ​មក​ទស្សនា​កម្ពុជា​ចំនួន ២​លាន​នាក់ ក្នុង​ឆ្នាំ​២០២០​។ ជាពិសេស​ព​ន្លឿ​ន​ឲ្យ​មានការ​សាងសង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ក្រុងព្រះសីហនុ និង​ព្រលានយន្តហោះ​នៅ​ខេត្តសៀមរាប​ឲ្យ​បាន​ឆាប់​។ កម្ពុជា​ក៏បាន​ស្នើ​ឲ្យ​ភាគី​ចិន​ជួយ​ទិញ​អង្ករ​ឲ្យ​បាន ៣០០.០០០​តោន ក្នុង​ឆ្នាំ​២០១៨៕​