ក្រសួងធនធានទឹក និងឧតុនិយម ធ្វើការអភិវឌ្ឍស្ទឹងស្រែង


” ទឹក ផ្លូវ ភ្លើង មនុស្ស ” គឺជាវិស័យអាទិភាព ដែលកម្ពុជា ត្រូវអភិវឌ្ឍ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។ អនុវត្តតាមទស្សនវិស័យប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីខាងលើនេះ ក្រសួងធនធានទឹក និងឧតុនិយម ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាន និងកំពុងអនុវត្តយ៉ាងសកម្មនូវការកសាង និងជួសជុលស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ទាំងធំ ទាំងមធ្យម ទាំងតូច ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ។
ស្ទឹងស្រែង គឺជាស្ទឹងមួយដែលប្រមូលយកទឹកភ្លៀងដែលបានធ្លាក់នៅតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបនៅក្នុងខេត្តឧត្តរមានជ័យ ឲ្យហូរចូលទៅបឹងទន្លេសាប ។ ប៉ុន្តែ ដោយផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងនេះមានវិសាលភាពធំធេង ហើយទឹកភ្លៀងក៏ធ្លាក់ច្រើនជោកជាំ ជារឿយៗ ស្ទឹងស្រែង បង្កឲ្យមានជំនន់ ធ្វើឲ្យប៉ះពាល់ និងខូចខាតដល់ផលដំណាំ និងហេដ្ឋារចនាសម្ព័ន្ធសង្គមផ្សេងៗ នារដូវវស្សា ផ្ទុយទៅវិញ នៅរដូវប្រាំង ប្រជាពលរដ្ឋប្រឈមនឹងកង្វះខាតទឹក ។
ដើម្បីកាត់បន្ថយនូវគ្រោះធម្មជាតិខាងលើ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការអភិវឌ្ឍស្ទឹងស្រែង ដោយបានសាងសង់អាងទឹកដ៏ធំមួយ ដែលអាចស្តុកទឹកបាន ២៥៨ លានម៉ែត្រគូប សាងសង់សំណង់កាត់ស្ទឹង ដើម្បីបញ្ចាល់ និងបែងចែកទឹកទៅអាងទឹកត្រពាំងថ្ម និងទៅតាមប្រឡាយមេ ប្រឡាយរង តូចធំនានា បម្រើឲ្យការដាំដុះរបស់បងប្អូនប្រជាកសិករ ។
មកដល់ពេលនេះ ការអភិវឌ្ឍស្ទឹងស្រែង សម្រេចបានប្រមាណ ៩៩ ភាគរយ ហើយ ។ តាមរយៈការអភិវឌ្ឍនេះ យើងនឹងទទួលបានទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សាប្រមាណ ២២.៥០០ ហិកតា និងស្រូវប្រាំង ២២.៥០០ ហិកតា ដំណាំរួមផ្សំមួយចំនួននៅក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ស្រុកស្រីស្នំ ស្រុកក្រឡាញ់ ខេត្តសៀមរាប និងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ផ្តល់ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ពិសេស គឺកាត់បន្ថយបាននូវជំនន់នារដូវវស្សា ហើយសង្ឃឹមថា អាងទឹកស្ទឹងស្រែង ក៏នឹងក្លាយទៅជាតំបន់ទេសចរធម្មជាតិដ៏ស្រស់ត្រកាលថ្មីមួយទៀតផងដែរ ៕