ខេត្តពោធិ៍សាត់ ប្រារព្ធខួបអនុស្សាវរីយ៍ លើកទី០៩ ទិវាអតីតយុទ្ធជនកម្ពុជា


ពោធិ៍សាត់ ៖ សមាគមន៍អតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ (សអក) កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ បានប្រារព្ធពិធីអបអរខួបអនុស្សាវរីយ៍លើកទី០៩ ទិវាអតីតយុទ្ធជនកម្ពុជា ថ្ងៃទី២១ ខែមិថុនា ក្រោមអធិបតីភាព លោក ម៉ៅ ធនិន អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្ត ដោយមានការចូលរួមពីលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ត្រី ប៉ែន ណាវណ្ណ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្ត អស់លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបាលស្រុកក្រុង កងកម្លាំងប្រដាប់អាវុធ និងសមាជិកសមាជិកាសមាគមន៍យ៉ាងច្រើនកុះករ ។

លោក ញឹក សារ៉េត ប្រធានមន្ទីរសង្គមកិច្ច និងជាអនុប្រធានប្រចាំការសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្ត បានថ្លែងថា ការរៀបចំទិវាអតីតយុទ្ធជនកម្ពុជា គឺមានគោលបំណងលើកកម្ពស់ ការយល់ដឹង អំពីអតីត យុទ្ធជន បំផុសចលនាគាំទ្រអតីតយុទ្ធជន លើកកម្ពស់ស្មារតីជួយឧបត្ថម្ភ និងដើម្បីជាឱកាស ឲ្យប្រជាជន និងអតីតយុទ្ធជន បានយល់ដឹងអំពីការរីកចម្រើន របស់សមាគមន៍អតីតយុទ្ធជនកម្ពុជា ។ លោកបានឲ្យដឹងទៀតថា គិតត្រឹមខែឧសភា ២០១៦ អតីតយុទ្ធជនគ្រប់ប្រភេទ និងគ្រួសារ ដែលកំពុងទទួលរបបឧបត្ថម្ភគោលនយោបាយ មានចំនួន ៤.២៩៧នាក់ ក្នុងនោះមានអ្នកនៅក្នុងបន្ទុក ១.៤៨៤នាក់ ស្រី ១.១៧២នាក់  ។

លោក ម៉ៅ ធនិន បានថ្លែងថា ការប្រារព្ធទិវានេះ ដើម្បីឲ្យយុវជនកម្ពុជាគ្រប់រូប គ្រប់វ័យគ្រប់មជ្ឈដ្ឋាន ក្នុងសង្គម ឲ្យនឹកឃើញចងចាំទុកក្នុងចិត្ត នូវមហាពលីកម្មដ៏ធំធេង មិនមានកាត់ថ្លៃបាន ក្នុងការតស៊ូ ដើម្បីបុព្វហេតុរំដោះជាតិ មាតុភូមិ ប្រែក្លាយប្រទេសឲ្យសម្បូរសប្បាយរុងរឿង ដូចសព្វថ្ងៃនេះ ។ លោកក៏បានអំពាវនាវឲ្យមន្ទីរសង្គមកិច្ច ត្រូវបើកផ្តល់របបគោលនយោបាយដល់ អតីតយុទ្ធជន និង គ្រួសារឲ្យទាន់ពេលវេលា ត្រូវទប់ស្កាត់ការលក់របបគោលនយោបាយ ។ លោកបានបន្តថា បងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវចូលរួមចលនា ៣ពូកែ និងអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ជាតិ និងអង្គការអន្តរជាតិ សូមផ្តល់កិច្ចសហប្រតិបតិ្តការ ឧបត្ថម្ភគាំទ្រ ចំពោះអតីតយុទ្ធជនឲ្យបានសកម្មបន្តទៀត ។

នៅក្នុងឱកាសនោះ អ្នកចូលរួមសរុបប្រមាណ ១៤០នាក់ ទទួលសារុងម្នាក់មួយ និង ថវិកា ១ម៉ឺនរៀល ជាអំណោយរបស់ លោក ម៉ៅ ធនិន និង លោកស្រី ហ៊ុន ចាន់ធីផងដែរ ។ ជាមួយគ្នានោះ ការបើកប្រាក់មរណសង្រ្គោះដល់គ្រួសារយុទ្ធជនពលី ចំនួន ៤នាក់ ដែលក្នុងម្នាក់ៗទទួលប្រាក់ចំនួន ៤លានរៀលនោះ នឹងប្រគល់ជូននៅថ្ងៃទី១៧ ខែមិថុនា ឲ្យទាន់ពេលវេលា ៕

1

3

4

photo_2016-06-15_08-47-01

5

6

2

photo_2016-06-15_08-47-25

12

11

10