ជួបពិភាក្សាការងារជាមួយឯកឧត្តម Roberto Azevêdo អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) អំពីស្ថានភាពអភិវឌ្ឍន៍ទូទៅរបស់កម្ពុជា


(ទីក្រុងហ្សឺណែវ ប្រទេសស្វីស)៖ នៅព្រឹកថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងឱកាសមកចូលរួមពិធីផ្ទេរតំណែងប្រធានក្រុមសម្របសម្រួលប្រទេសអភិវឌ្ឍន៍តិចតួចពីកម្ពុជាជូនទៅឲ្យសាធារណៈរដ្ឋអាហ្រ្វិចកណ្តាល នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយឯកឧត្តម Roberto Azevêdo អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) អំពីស្ថានភាពអភិវឌ្ឍន៍ទូទៅរបស់កម្ពុជា ក៏ដូចជារាយការណ៍ពីជោគជ័យ និងសមិទ្ធិផលនានា ដែលទទួលបានក្នុងពេលដែលកម្ពុជាធ្វើជាប្រធានក្រុមសម្របសម្រួលប្រទេសអភិវឌ្ឍន៍តិចតួចចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ទៅដល់ថ្ងៃទី១៦ ខែកុម្ភៈ ២០១៨នេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូន ឯកឧត្តម Roberto Azevêdo អំពីសេដ្ឋកិច្ចកម្ពុជាកំពុងបន្តរីកចំរើន ដោយមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% នាឆ្នាំ២០១៧ ដែលជាចំណែកនៃស្ថេរភាពនយោបាយ និងសេដ្ឋកិច្ច ព្រមទាំងការទទួលបានភាពអនុគ្រោះពន្ធ និងចំណែកទទួលបានទីផ្សារក្រោមក្របខណ្ឌអង្គការ WTO។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងតួនាទីជាសមាជិកត្រីភាគីនៃអ្នកសម្របសម្រួល(TROIKA) កម្ពុជាបន្តយកតួនាទីតំណាងឲ្យប្រទេសអភិវឌ្ឍន៍តិចតួច ជំរុញសមាជិកទាំងអស់ឲ្យអនុវត្តសេចក្តីសម្រេចថ្នាក់រដ្ឋមន្រ្តី ពិសេសសេចក្តីសម្រេចទីក្រុង Hong Kong, Bali និង Nairobi សម្រាប់បង្កើនការនាំទំនិញចេញដោយរួចពន្ធ និងមិនជាប់កូតា ទទួលបាននូវភាពអនុគ្រោះលើវិធានប្រភពដើមទំនិញ និងការបើកចំហរសេវាកម្មបន្ថែមជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូន អគ្គនាយកផងដែរថា ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច បានឯកភាពជ្រើសរើសកម្ពុជាជាសមាជិកគណៈកម្មាធិការនាយកនៃគម្រោងពង្រឹងសមាហរណកម្ម (EIF) ដែលតួនាទីនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទាញយកគម្រោងនានាមកអនុវត្តសម្រាប់បង្កើនកំរិតជីវភាពពលរដ្ឋ ពង្រឹងស្ថេរភាពសេដ្ឋកិច្ច ពាណិជ្ជកម្មនៅក្នុងប្រទេសអភិវឌ្ឍន៍តិចតួច រួមទាំងប្រទេសកម្ពុជា។ ជាមួយនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឲ្យអគ្គនាយកដើរតួនាទីរបស់ខ្លួនក្នុងការគៀងគរជំនួយដើម្បីឲ្យកម្ពុជាបន្តអនុវត្តគម្រោងនេះ។ ជាចុងក្រោយឯកឧត្តម Roberto Azevêdo នឹងជួយរកឱកាសជូនកម្ពុជាបញ្ជូនបន្ថែមមន្ត្រីកម្ពុជាមករៀនសូត្រដើម្បីបង្កើន និងពង្រឹងសមត្ថភាពរបស់មន្ត្រី តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាល កម្មសិក្សា និងប្រជុំនានានៅអង្គការ WTO

ឯកឧត្តម អគ្គនាយក បានសម្តែងការអបអរសាទរពីសមិទ្ធិផលនានាក្រោមការខិតខំរបស់កម្ពុជា និងបានសរសើរពីការដឹកនាំសម្របសម្រួលរបស់កម្ពុជា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ដែលជាឆ្នាំនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១១ ហើយក៏បានអរគុណកម្ពុជាផងដែរ ដែលបានខិតខំទាញប្រយោជន៍ជូនប្រទេសអភិវឌ្ឍន៍តិចតួច ក៏ដូចជាគាំទ្រដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី។
ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គនាយក បានស្នើសុំកម្ពុជាបន្តដើរតួនាទីជាសមាជិក TROIKA សម្រាប់រយៈពេល ២ឆ្នាំទៀត គឺឆ្នាំ២០១៨ និងឆ្នាំ២០១៩ ដោយឯកឧត្តមនឹងយកតួនាទីជាអគ្គនាយក WTO លើកទឹកចិត្តសមាជិកទាំងអស់ឲ្យអនុវត្តសេចក្តីសម្រេចនានា និងពិនិត្យលទ្ធភាពជួយបណ្តុះបណ្តាលធនធានមនុស្សបន្តទៀត។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានអរគុណ និងបានឆ្លើយតបជាវិជ្ជមានថា ក្នុងនាមជាសមាជិក TROIKA កម្ពុជានឹងជួយសម្របសម្រួល និងគាំទ្រអ្នកសម្របសម្រួលថ្មី ដើម្បីទាញប្រយោជន៍ជូនប្រទេសអភិវឌ្ឍន៍តិចតួចបន្តទៀត ក៏ដូចជាការជំរុញចលនាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី សូមស្វាគមន៍ចំពោះបំណងរបស់ឯកឧត្តមអគ្គនាយក ក្នុងការអញ្ជើញមកបំពេញបេសកកម្មជាផ្លូវការ នៅកម្ពុជា នាខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ។