បក្សនយោបាយ, អ្នកច្បាប់ និងអ្នកវិភាគ៖ ការរំលាយគណបក្សសង្រ្គោះជាតិ មិនបានសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជានោះឡើយ


(ភ្នំពេញ)៖ តំណាងគណបក្សនយោបាយធំៗនៅកម្ពុជា អ្នកច្បាប់ រួមទាំងក្រុមអ្នកវិភាគផងដែរ បានយល់ឃើញ និងលើកឡើងប្រហាក់ប្រហែលគ្នាថា ការរំលាយគណបក្សសង្រ្គោះជាតិ ដោយអំណាចច្បាប់របស់កម្ពុជាមិនបានធ្វើឲ្យប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ ឬធ្វើឲ្យប្រជាធិបតេយ្យនៅកម្ពុជាត្រូវដើរថយក្រោយនោះឡើយ។

ក្រោយពេលតុលាការកំពូលរបស់កម្ពុជា បានសម្រេចរំលាយគណបក្សសង្រ្គោះជាតិតាមអំណាចច្បាប់ស្តីពីគណបក្សនយោបាយនោះ ប្រតិកម្មអន្តរជាតិជាច្រើនបានសម្តែងប្រតិកម្ម រួមទាំងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិផងដែរ សុទ្ធតែមើលឃើញថា ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាត្រូវបានដើរថយក្រោយបក្សប្រឆាំងមួយនេះត្រូវបានរំលាយ។

ផ្ទុយពីការយល់ឃើញរបស់ប្រទេសលោកសេរី និងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាល គណបក្សហ៊្វុនស៊ិនប៉ិច តំណាងក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព និងលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា មិនបានមើលឃើញដូច្នោះឡើយ។

ក្នុងកិច្ចពិភាក្សាតុមូលស្ដីពី «ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ក្រោយអវត្តមានគណបក្សសង្គ្រោះជាតិ» ដែលធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក សុខ ឥសាន្ត បានថ្លែងយ៉ាងដូច្នេះ «សបញ្ជាក់ថា ក្នុងបរិយាកាសមួយដែលស្ថិតនៅក្នុងបរិបទដែលគណបក្សប្រឆាំងត្រូវបានរំលាយ គឺថា លទ្ធិប្រជាធិបតេយ្យអត់មានស្លាប់ អត់មានតូចចង្អៀត ឬមួយដើរថយក្រោយដូចជាអ្នកខ្លះនិយាយនោះទេ។ ជាពិសេសប្រទេសដែលជាមេខ្លោងនៃបដិវត្តន៍ពណ៌ ដែលដឹកនាំគណបក្សប្រឆាំងឲ្យធ្វើសកម្មភាពបំផ្លាញសន្តិភាព ស្ថេរភាពនយោបាយនៅក្នុងប្រទេសណុងហើយ ដែលកំពុងតែក្តៅក្រហាយ ដែលគេធ្វើអីមិនកើតចំពោះរដ្ឋអំណាច រាជរដ្ឋាភិបាល ដែលកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ»

ដោយឡែកតំណាងគណបក្សហ៊្វុនស៊ិនប៉ិច ដែលកំពុងត្រៀមទទួលអាសនៈពីគណបក្សសង្រ្គោះជាតិតាមច្បាប់ស្តីពីការបោះឆ្នោតនោះ លោក ផាន់ សិទ្ធី បានលើកឡើងថា ដំណើរការលទ្ធិប្រជាធិបតេយ្យបានកើតមាននៅកម្ពុជាតាំងពីឆ្នាំ១៩៩៣ ជាពេលដែលគ្មានគណបក្សសង្រ្គោះជាតិមកម្ល៉េះ ហើយអវត្តមានរបស់គណបក្សសង្រ្គោះជាតិនាពេលនេះ ក៏មិនបង្កការប៉ះពាល់អ្វីដល់ដំណើរការរបស់លទ្ធិប្រជាធិបតេយ្យ។

«ខ្ញុំមិនជឿងថា វាបាត់បង់ទៅណាទេ ប្រជាធិបតេយ្យ នៅតែជាលទ្ធិប្រជាធិបតេយ្យដដែល នៅតែមានដដែល តែរឿងល្អជាងមុន ឬមិនល្អជាងមុន ខ្ញុំមិនទាន់អាចធ្វើការប្រៀបធៀបបាននោះទេ។ តែខ្ញុំសង្ឃឹមថា ដំណើរការប្រព្រឹត្តទៅនៃប្រទេសកម្ពុជា គឺនៅតែដំណើរការទៅមុខល្អជាធម្មតា ព្រោះរាជរដ្ឋាភិបាលមានឆន្ទៈក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋផងដែរ»។ លោក ផាន់ សិទ្ធី បញ្ជាក់បន្ថែម។

លោក ផាន់ សិទ្ធី បានបន្ថែមថា ដរាបណាប្រជាពលរដ្ឋនៅតែគោរពច្បាប់មានន័យថា ដំណើរលទ្ធិប្រជាធិបតេយ្យ នៅតែបន្តដំណើរទៅមុខ។ ផ្ទុយទៅវិញបើប្រជាពលរដ្ឋឈប់គោរពច្បាប់ ទើបដំណើរការលទ្ធិប្រជាធិបតេយ្យ ត្រូវស្លាប់ហើយក្លាយទៅជាអាណាធិបតេយ្យ។

សម្រាប់លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានលើកឡើងពីទិដ្ឋភាពច្បាប់ជុំវិញការចាប់ខ្លួន លោក កឹម សុខា និងការរំលាយគណបក្សសង្រ្គោះជាតិផងដែរ។ លោក គឹម សន្តិភាព បានអះអាងថា ការចាប់ខ្លួនលោក កឹម សុខា និងការរំលាយគណបក្សសង្រ្គោះជាតិ គឺជាការអនុវត្តន៍របស់កម្ពុជា។

ប្រធានរាជបណ្ឌិត្យសភា លោក សុខ ទូច បានមើលឃើញថា គណបក្សប្រឆាំងនៅកម្ពុជា ក្រៅពីគណបក្សសង្រ្គោះជាតិ គឺនៅមានគណបក្សប្រឆាំងជាច្រើនទៀត កំពុងដំណើរការទៅរបបនយោបាយកម្ពុជា «លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស»។ លោក បានគូសបញ្ជាក់ថា បើលទ្ធិប្រជាធិបតេយ្យកម្ពុជាដើរថយក្រោយលុះត្រាតែកម្ពុជា កែរដ្ឋធម្មនុញ្ញទៅជាឯកបក្ស តែបើកម្ពុជា នៅតែបន្តរក្សរដ្ឋធម្មនុញ្ញដដែលមានបក្សច្រើនចូលរួមប្រកួតប្រជែងដដែល លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមិនដើរថយក្រោយនោះឡើយ។

សូមរំលឹកថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅនេះ គណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលរបស់កម្ពុជាសម្រេចរំលាយចោលដោយចោទប្រកាន់ពីបទក្បត់ជាតិ។ ក្រៅពីរំលាយបក្សនេះហើយ ថ្នាក់ដឹកនាំគណបក្សនយោបាយមួយចំនួន ១១៨រូប ក៏ត្រូវបានហាមឃាត់ការធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ៕