ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ


នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតជយលាភី ថ្នាក់បរិញ្ញាបត្ររងជំនាន់ទី១០ ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១០ និងទី១១ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី៨ ចំនួន១៤៣១នាក់ របស់សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅវិទ្យាស្ថានជាតិអប់រំ (NIE)។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរីករាយជាមួយនិស្សិតជាង ១ពាន់នាក់ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ដែលបានបញ្ចប់ការសិក្សា ដោយជោគជ័យ និងបានអរគុណដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ ដែលបានប្រឹងប្រែងក្នុងការបណ្តុះបណ្តាលកូនខ្មែរ។ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះ បានសម្រេចផ្តល់អាហារូបករណ៍មួយចំនួន ដល់ព្រះសង្ឃឲ្យបានសិក្សាបន្តនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀនសូត្រមិនចេះជាប់នោះទេ ជាក់ស្តែងរដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន បើទោះបីមានបណ្ឌិត ជាច្រើនទៅហើយក្តី ក៏នៅតែបន្តទៅយកបណ្ឌិតផ្នែកអប់រំបន្ថែមទៀតនៅឯសាកលវិទ្យាល័យជូឡាឡុងកន ក្នុងប្រទេសថៃ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសិក្សារៀនសូត្រ ខុសពីការដាំដុះដំណាំ។ សម្តេចតេជោ ការសិក្សារៀនសូត្រមានតែការខិតខំរៀនសូត្រដោយខ្លួនឯង មិនមាននរណាមកខិតខំជំនួសបានឡើយ ដែលផ្ទុយពីដំណាំគេអាចបង្កាត់ពូជបាន តែខួរក្បាលមនុស្សមិនអាចបង្កាត់បានទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមជាប្រធានសម្របសម្រួលប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងការទាញប្រយោជន៍ពីអង្គការពាណិជ្ជកម្មពិភពលោកនោះ កម្ពុជា នឹងប្រឹងប្រែងជួយឲ្យប្រទេសទីម័រ ក្លាយជាសមាជិកអង្គការពាណិជ្ជកម្ម។ សម្តេចតេជោ ហ៊ុន សែន ថា នេះជាមោទនភាពមួយសម្រាប់កម្ពុជា ដែលដៃម្ខាងប្រឹងប្រែងអភិវឌ្ឍន៍ និងដៃម្ខាងពង្រីកកេត្យានុភាពរបស់ខ្លួនក្នុងឆាកអន្តរជាតិ។

* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរ ចូលរួមប្រយុទ្ធប្រឆាំងជាមួយការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ដែលកម្ពុជា កំពុងដាក់ចេញយុទ្ធនាការក្តៅប្រយុទ្ធប្រឆាំង។ សម្តេចតេជោថា ការអំពាវនាវ និងដាក់ចេញយុទ្ធនាការនេះ ដើម្បីទប់ស្កាត់ កុំឲ្យកម្ពុជាមានសង្រ្គាម គ្រឿងញៀនដូចបណ្តាប្រទេសមួយចំនួន ដូចជាម៉ិកស៊ិកជាដើម។

* សម្តេចតេជោ បានផ្តល់យោបល់ថា ក្នុងអំឡុងពេលរាជរដ្ឋាភិបាលដាក់ចេញយុទ្ធនាការប្រយុទ្ធប្រឆាំងនេះ អាណាព្យាបាលគួរប្រឹងប្រែងជួយ បន្សាបគ្រឿង ញៀនកូននៅតាមផ្ទះ ប្រសើរជាងការយកទៅបន្សាបនៅតាមមណ្ឌលបន្សាបនានា។ សម្តេចតេជោថា គ្មាននរណាមានលទ្ធភាពជួយបន្សាប គ្រឿងញៀនកូនជាង ក្រុមគ្រួសារនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវ និងបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា មីក្រូហិរញ្ញវត្ថុទាំងអស់ ដែលផ្តល់ប្រាក់កម្ចីរបស់ប្រជាពលរដ្ឋមិនមែនជារបស់រដ្ឋនោះ ទេ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ធនាគារជាតិ គ្មានសិទ្ធិផ្តល់ប្រាក់កម្ចីជូនប្រជាពលរដ្ឋនោះទេ។ សម្តេចនាយករដ្ឋមន្រ្តីថា កន្លងមកមានការភ័ន្តច្រឡំ យ៉ាងធ្ងន់ធ្ងរពីប្រជាពលរដ្ឋថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុថា ជារបស់រដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន ថា ការដែលគណបក្សប្រឆាំងឃោសនាថា នឹងលុបបំណុលជូនប្រជាពលរដ្ឋពេលឈ្នះឆ្នោតនោះ គឺជាគ្រោះមហន្តរាយធំណាស់ សម្រាប់ប្រទេសជាតិ ព្រោះវាជាការលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទៅខ្ចីបុលលុយកាន់តែច្រើន។

* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ឲ្យចូលរួមផ្សព្វផ្សាយបញ្ជាក់ជូនប្រជាពលរដ្ឋថា មីក្រូហិរញ្ញវត្ថុមិនមែនជារបស់ រដ្ឋនោះទេ។ សម្តេចតេជោ ហ៊ុន សែន នៅបានណែនាំឲ្យប្រព័ន្ធផ្សព្វផ្សាយសារនេះរយៈពេលមួយឆ្នាំ ពោលរាល់ពេលព្រឹកឡើងត្រូវផ្សាយ ឬ ដាក់អក្សររត់ថា មីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា មិនមែនជារបស់រដ្ឋនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មីក្រូហិរញ្ញវត្ថុបានចូលរួមចំណែកធំណាស់ សម្រាប់ចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ ប៉ុន្តែខុសត្រង់ប្រជាពលរដ្ឋមួយចំនួនខ្ចីយកទៅប្រើប្រាស់ខុសគោលដៅ និងមិនចំតម្រូវការដូចជាការខ្ចីយកទៅទិញម៉ូតូជិះជាដើម។

* សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មិនអាចលុបបំណុលរបស់ប្រជាពលរដ្ឋជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានទេ បើចង់ដូរលុះត្រាតែផ្លាស់ប្តូររបប ពោលត្រូវរំលាយរបបរាជានិយមអាស្រ័យធម្មនុញ្ញ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ប្រព័ន្ធទូរស័ព្ទទាំងអស់ លោតសារសំឡេង និងសារជាអក្សរផងដែរថា មីក្រូហិរញ្ញវត្ថុមិនមែនជារបស់រដ្ឋ នោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា យុទ្ធនាការនេះ គឺជាការជួយឲ្យប្រជាពលរដ្ឋរួចផុតពីបំណុល។

* សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់ធនាគារអេស៊ីលីដា ដែលបានចំណាយលុយផ្លាស់ប្តូរនិមិត្តសញ្ញារបស់ខ្លួន។ សម្តេចតេជោ ហ៊ុន សែន ក៏មានការណែនាំឲ្យមីក្រូហិរញ្ញវត្ថុប្រាសាក់ ពិចារណាផ្លាស់ប្តូរនិមិត្តសញ្ញារបស់ខ្លួន ដែលរំលេចដោយអក្សរ «រ» ផងដែរ ព្រោះអាចឲ្យប្រជាពលរដ្ឋច្រឡំថា ជារបស់រដ្ឋ។

* ឆ្លើយតបអ្នកវិភាគ និងអ្នកអត្ថាធិប្បាយមួយចំនួនថា នាយករដ្ឋមន្រ្តី និងនាយករដ្ឋមន្រ្តីស្តីទីមានបញ្ហានោះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រដ្ឋធម្មនុញ្ញបានគូសបញ្ជាក់ច្បាស់ណាស់ បើគ្មាននាយករដ្ឋមន្រ្តីពិតប្រាកដ ក៏គ្មាននាយករដ្ឋមន្រ្តីស្តីទី ហើយបើនាយករដ្ឋមន្រ្តីស្លាប់ គណៈរដ្ឋមន្រ្តីត្រូវរំលាយចោលដោយស្វ័យប្រវត្តិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចូលចិត្តណាស់អ្នកវិភាគ តែកុំចូលមកជេរ គឺត្រូវជាប់គុកហើយ។ សម្តេចតេជោ បន្តបញ្ជាក់ថា សិទ្ធិសេរីភាព របស់បុគ្គលម្នាក់ៗ មានដែនកំណត់នៅត្រឹមសិទ្ធិសេរីភាពរបស់អ្នកដទៃ។ សម្តេចបានផ្តាំទៀតថា ចេះឯងឲ្យក្រែងចេះគេ បើធ្វើទង្វើបំពានដល់សិទ្ធិសេរីភាព របស់អ្នកដទៃហើយ គឺត្រូវមានទោស។

* សម្តេចបានផ្តាំទៀតថា ចេះឯងឲ្យក្រែងចេះគេ បើធ្វើទង្វើបំពានដល់សិទ្ធិសេរីភាពរបស់អ្នកដទៃហើយ គឺត្រូវមានទោស។ សម្តេចតេជោនាយករដ្ឋមន្រ្តី នៃកម្ពុជាថា សម្តេចស្រឡាញ់ និងចូលចិត្តអ្នកវិភាគណាស់ ព្រោះសម្តេចក៏ជាអ្នកចូលចិត្តវិភាគណាស់ បើមិនចេះវិភាគសម្តេចមិនអាចនាំមកនូវសន្តិភាព និងដឹកនាំអភិវឌ្ឍន៍ប្រទេសបាននោះទេ។ ក្នុងនោះរួមមានទាំងការវិភាគពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនាពេលកន្លងទៅនេះផងដែរ ដែលក្នុងនោះមនុស្សទូទាំងពិភពលោក ៩៩ភាគរយបានជ្រើសរើសលោកស្រី ហ៊ីលឡារី គ្លីនតុន ខណៈតែមួយភាគរយ រួមទាំងសម្តេចផងដែរ បានជ្រើសរើសលោក ដូណាល់ ត្រាំ។

* សម្តេចតេជោ ហ៊ុន សែន បានផ្តាំជូនប្រជាពលរដ្ឋថា គ្មាននរណាស្រឡាញ់ខ្មែរ ជាងខ្មែរគ្នាឯងនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅអាមេរិក កុំឲ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានចោទសួរអាមេរិកថា នៅពេលទម្លាក់គ្រាប់បែកសម្លាប់ពលរដ្ឋខ្មែរ តើមានបានគិតដល់បញ្ហាសិទ្ធិមនុស្សដែរឬទេ? ដែលរហូតមកដល់ពេលនេះ មិនដែលចេញសេចក្តីថ្លែងការណ៍បង្ហាញការសោកស្តាយ ឬទទួលស្គាល់កំហុសរបស់ខ្លួនម្តងណាឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ទម្ងន់គ្រាប់បែកអាមេរិក មិនទាន់ដោះស្រាយផង ទៅបំផ្លាញប្រទេសនៅមជ្ឈិមបូព៌ា។ សម្តេចចោទសួរអាមេរិកថា ចង់បង្កវិនាសកម្មក្នុងប្រទេសកម្ពុជាជាថ្មីឬ? សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅអាមេរិកថា កម្ពុជា បែកបាក់វេទនាដោយសារតែអាមេរិក កុំចង់មកសាងប្រវត្តិសាស្រ្តច្រំដែល។