ប្រសាសន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ


នៅទិសទី២ យោធភូមិភាគទី៤ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខនិងជូនពរ ឆ្នាំថ្មី ខ្ញុំសូមនាំមកនូវការសាកសួរសុខទុក្ខនឹករឮកយ៉ាងជ្រាលជ្រៅបំផុត និងការកោតសរសើរពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងថ្នាក់ដឹកនាំអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជូនចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៅទិសយោធភូមិភាគទី៤ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ លះបង់កម្លាំងកាយចិត្តប្រាជ្ញាស្មារតី ធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុនៃកិច្ចការពារជាតិ។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញបរិបូណ៍។ កត្តាសន្តិភាព ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ មានន័យថា បើគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍ នេះគឺជាកត្តាសត្យានុម័ត ដែលយើងមិនអាចប្រកែកបានឡើយ។
សន្តិភាព បានធានានិងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋគ្រប់រូប មានសោមនស្សរីករាយក្នុងការប្រារព្ធពិធីបុណ្យតាមប្រពៃណីជាតិ ដែលបានបង្ហាញឱ្យឃើញពីសង្គមជាតិមួយ ដែលមានវប្បធម៌ ប្រពៃណី អរិយធម៌ សីលធម៌ និងចរិយាធម៌ដ៏ល្អប្រពៃ។
ទន្ទឹមការចូលរួមសប្បាយរីករាយរបស់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ កងទ័ពនៅតែបន្តបំពេញភារកិច្ចរបស់ខ្លួនជានិច្ច ក្នុងកិច្ចការពារជាតិ និងសហការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ឱ្យបានកាន់តែល្អប្រសើរ ស័ក្តិសមជាកងទ័ពដែលប្រសូត្រចេញពីប្រជាពលរដ្ឋ គឺធ្វើអ្វីៗដើម្បីប្រជាពលរដ្ឋ។
ក្នុងឱកាសសប្បាយរីករាយនាពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ គ.ស ២០១៧ ដែលនឹងប្រព្រឹត្តិទៅនាពេលខាងមុខនេះ ខ្ញុំសូមជូនពរដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ និងក្រុមគ្រួសារកងទ័ព សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕