រដ្ឋមន្ត្រីក្រសួងបរិស្ថាន ណែនាំក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ តាមបទដ្ឋានបច្ចេកទេស


ស្ទឹងត្រែង: ក្នុងដំណើរទស្សនកិច្ចនៅតំបន់ទន្លេសេសាន ខេត្តស្ទឹងត្រែង រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានណែនាំឲ្យក្រុមហ៊ុន Hydro Power ដែលបាន សាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ត្រូវធ្វើឡើងទៅតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ និងគិតគូរទៅលើជីវភាពរបស់ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញទៅទស្សនកិច្ចនៅតំបន់ទន្លេសេសាន ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីពិនិត្យមើលអំពីវឌ្ឍនភាពនៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម ២ កម្លាំង៤០០មេហ្គាវ៉ាត់និងការសំអាតផ្ទៃបាតអាង របស់ក្រុមហ៊ុន Hydro Power Lower Sesan 2 Co,. Ltd។
បន្ទាប់ពីការចុះពិនិត្យឃើញជាក់ស្តែងនូវការវិវត្តន៍នៃការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម ២ នេះរួចមក ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ពិតណាស់ការសាងសង់ទំបន់វារីអគ្គិសនីវាពិត ជាប៉ះពាល់ទៅដល់ការរស់នៅមួយផ្នែករបស់ប្រជាជនក្នុងតំបន់។ប៉ុន្តែកម្ពុជាត្រូវការជាចាំបាច់ឱ្យមាន ថាមពលអគ្គិសនីដែលជារបស់ខ្លួន ដើម្បីអាចធានាបាននូវភាពរឹងមាំនៃខឿនសេដ្ឋកិច្ច និងសន្តិសុខ ជាតិ ព្រមទាំងធានាបាននូវសុវត្ថិភាពថាមពលជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសំណូមពរដល់ក្រុមហ៊ុន ធ្វើយ៉ាងណាសូមឱ្យមានការគិតគូបន្ថែមទៀតទៅលើជីវភាពរបស់ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ ដោយក្រុមហ៊ុនអាចផ្តល់ជូននូវថាមពលអគ្គិសនីទៅដល់ ប្រជាសហគមន៍ប្រើប្រាស់ក្នុងការកែច្នៃផលិតផលកសិកម្មរបស់ពួកគាត់ ដែលនេះគឺជាការរួម ចំណែកជួយឱ្យជីវភាពប្រជាសហគមន៍កាន់តែមានភាពប្រសើឡើង។
ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអនុវត្តគម្រោងរបស់ក្រុមហ៊ុនដែលបាន ធ្វើឡើងទៅតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ និងស្របតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានឹងការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម ២ នេះ កិច្ចខិតខំប្រឹងប្រែងក្នុងការថែរក្សាអភិរក្សព្រៃឈើ និងសត្វព្រៃក្នុងតំបន់នោះ ក៏ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាបាននូវកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាព។
សូមបញ្ជាក់ថា ដំណើរការ នៃការកសាងទំបន់វារីអគ្គិសនី សេសានក្រោម ២ ដែលមានអានុភាព ៤០០ ម៉េហ្កាវ៉ាត់ ស្ថិតក្នុងខេត្តស្ទឹងត្រែង ដែលគំរោងនោះ ក្រុមហ៊ុន China Huaneng បានធ្វើការវិនិយោគរួមគ្នា ជាមួយនឹងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង សំដៅធ្វើយ៉ាងណាសាងសង់ ទំបន់វារីអគ្គិសនី សេសានក្រោម ២ ឲ្យហើយរួចរាល់ជាស្ថាពរ នៅក្នុងឆ្នាំ២០១៧។ គំរោងនេះ គ្រោងនឹងចំណាយថវិកា ចំនួន ៩៧៧ លានដុល្លារអាមេរិក ដែលកើតឡើងពីកិច្ចសហការវិនិយោគរួមគ្នា រវាងក្រុមហ៊ុន China Huaneng និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ៕

Say Samal 1-7-2016 (4)

Say Samal 1-7-2016 (3)

Say Samal 1-7-2016 (1)

Say Samal 1-7-2016 (2)

Say Samal 1-7-2016 (5)