រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្រាប់ ILO បង្កើនកម្មវិធីបណ្តុះបណ្តាល ដើម្បីជំរុញការគោរពស្តង់ដារការងារនៅតាមរោងចក្រ


នៅក្នុងកិច្ចប្រជុំប្រចាំត្រីមាសស្តីពីការអនុវត្តលក្ខខណ្ឌការងារនៃឧស្សាហកម្មកាត់ដេរសំលៀកបំពាក់ និងស្បែកជើង នៅក្រោមគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) របស់អង្គការពលកម្មអន្តរជាតិ (ILO) ដែលបានរៀបចំឡើងកាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់កម្ពុជា បានស្នើអង្គការ ILO បង្កើនកម្មវិធីបណ្តុះបណ្តាលថែមទៀតដល់និយោជក ដើម្បីជំរុញលើកកម្ពស់ការគោរពស្តង់ដារនៅតាមរោងចក្រនានា និងកាត់បន្ថយទម្រង់ពលកម្មកុមារ។
“ការមិនគោរពស្តង់ដារ និងប្រើប្រាស់ពលកម្មកុមារ មានកំរិតតិចតួចនៅឡើយ ហើយខ្ញុំគិតថាយើងអាចបន្ធូរបញ្ហាទាំងអស់នេះបាន តាមរយៈការបណ្តុះបណ្តាលនិយោជក និងនិយោជិក ឲ្យបានយល់ច្បាស់អំពីការអនុវត្តច្បាប់និងលក្ខខណ្ឌការងារនៅក្នុងប្រទេសកម្ពុជា” ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើដល់អង្គការ ILO បន្តកិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ព្រមទាំងភាគីពាក់ព័ន្ធ ដើម្បីតាមដាន និងលើកទឹកចិត្តដល់ការអនុវត្តលក្ខខណ្ឌការងារ នៅតាមរោងចក្រនានា សំដៅធានាលើកស្ទួយឧស្សាហកម្មកាត់ដេររបស់កម្ពុជា និងទាក់ទាញការបណ្តាក់ទុនពីបរទេស ក៏ដូចជាការបញ្ជារទិញកាន់តែច្រើនពីទីផ្សារអន្តរជាតិ។
យោងតាមរបាយការណ៍វាយតម្លៃរបស់អង្គការ ILO បានឲ្យដឹងថា មានរោងចក្រកាត់ដេរចំនួន ៤៨១ កំពុងធ្វើប្រតិបត្តិការនៅកម្ពុជា បានចូលរួមគោរពលក្ខខណ្ឌការងារបានល្អចំនួន ២១ចំនុច ពោលគឺបានកើនឡើងពី ៣៦% នៅក្នុងឆ្នាំ២០១៥ ដល់ទៅ ៥៦% នៅក្នុងឆ្នាំ២០១៦ ហើយក្នុងនោះ ការប្រើប្រាស់ពលកម្មកុមារក៏បានថយចុះគួរឲ្យកត់សំគាល់ ពោលគឺពី ៣៤% នៅក្នុងឆ្នាំ២០១៤ មកនៅ ១៨% ក្នុងឆ្នាំ២០១៥ និង ៩% នៅក្នុងឆ្នាំ២០១៦។ លទ្ធផលប្រសើរទាំងអស់នេះ បានឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃកិច្ចសហការរវាងរាជរដ្ឋាភិបាល និងអង្កការ ILO ក្នុងការអនុវត្តកម្មវិធី BFC នៅក្នុងប្រទេសកម្ពុជា៕