រដ្ឋាភិបាល នឹងប្រើប្រាស់កញ្ចប់ថវិកាចំនួន ២៧លានដុល្លារអាមេរិក ជួយតម្លៃពោត


ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បញ្ជាក់ថា កិច្ចប្រជុំស្តីពីបញ្ហាកសិផលពោត រវាងប្រធានមន្ទីរ ពាណិជ្ជកម្មខេត្តចំនួន៣ រួមមាន ខេត្តបាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ ជាមួយ និងអ្នកដាំដុះ កសិផល និងអ្នកទិញពោតយកទៅផលិតជាចំណីសត្វ បានបញ្ចប់ទៅដោយភាពល្អប្រសើរបំផុត។

មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយចប់កិច្ចប្រជុំ កាលពីល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ដើម្បីឲ្យតម្លៃពោតកុំឲ្យមានការធ្លាក់ថ្លៃ ឬឡើងថ្លៃហួសប្រមាណ អ្នកលក់ និងអ្នកទិញត្រូវមានចុះលក្ខខណ្ឌត្រឹមត្រូវ ដើម្បីផលិតបាននូវកសិផល ពោលគឺត្រូវមាន ចុះកុងត្រាគ្នាទៅវិញទៅមក ដោយបង្កើតទំនុកទុកចិត្ត រវាងអ្នកលក់ និងអ្នកទិញ។

សម្រាប់ ឯកឧត្តម កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា បច្ចុប្បន្នថវិកានៅក្នុងដៃមានចំនួន ២៧លានដុល្លារអាមេរិក ដែលអាចប្រើប្រាស់បានទៅលើការផ្តល់ កម្ចីសម្រាប់កសិផលពោតនេះ ប្រើជាបណ្ដោះអាសន្នសិន ហើយក៏នឹងមានបន្ថែមទៀត ដែលអាច កើនដល់ប្រមាណជា ៥០លានដុល្លារអាមេរិក។

តាមការលើកឡើងរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា នៅឆ្នាំ២០១៦កន្លងទៅ តម្រូវការពោតនាំចេញ មានប្រមាណ ១០ម៉ឺនតោន ស្មើនឹង ១៤លានដុល្លារ អាមេរិក៕