សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា


នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧នេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា នៅ វិមានរដ្ឋសភា។ អង្គប្រជុំ បានធ្វើការពិនិត្យ និងអនុម័ត លើរបៀបវារៈសំខាន់មួយចំនួន សម្រាប់ដាក់ចូលក្នុងរបៀបវារៈបើកសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៥ នៅព្រឹកថ្ងៃសុក្រ ទី៧ ខែមេសាឆ្នាំ២០១៧ខាងមុខនេះ បន្ទាប់ពីបាន វិស្សមកាលពីសម័យប្រជុំពេញអង្គ រយៈពេល៣ខែមកនោះ។
កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តនូវរបៀបវារៈ ដូចខាងក្រោម៖
១) ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៥។
២) របាយការណ៍ ស្តីពីសកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៧ និងលើកទី៨ នីតិកាលទី៥។
៣) ការពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការនៃក្រុមនីតិប្បញ្ញត្តិ
៤) ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី៣ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយក្នុងចំណោមរដ្ឋាភិបាលនៃប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ។
ក្រៅពីនេះ កិច្ចប្រជុំគណៈកម្មការអចិន្រ្តៃយ៍រដ្ឋសភា ក៏បានអនុម័តលើសំណើ សុំប្រកាសទទួលស្គាល់ ឯកឧត្តម ជា វ៉ាន់ដេត ជាតំណាងរាស្រ្តថ្មីនៃមណ្ឌលខេត្តតាកែវ ជំនួស សម្តេចវិបុលបញ្ញា សុខ អាន ដែលបានទទួលមរណភាព។
ជាមួយគ្នានេះ កិច្ចប្រជុំក៏បានសម្រេចសមាសភាពលេខាធិការ៣រូប សម្រាប់សម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៥ ដែលមាន ឯកឧត្តម កែប ជុតិមា លោកជំទាវ ត្រឹង ថាវី និង ឯកឧត្តម ហេង ដាណារ៉ូ ៕