សម្តេចតេជោ ហ៊ុន សែន ជួបជាមួយក្រុមហ៊ុន Huawei នៅទីក្រុងណាននីញ


Huwei 12 09 16 2

(ចិន)៖ នៅរសៀលថ្ងៃទី ១១ ខែកញ្ញា នេះ បន្ទាប់ពីបានជួបក្រុមហ៊ុន  Spring Airlines and Tour រួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាត្តឱ្យ លោក Li Jin’ge អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Huawei ចូលជួបនៅផ្ទះសំណាក់ Lyuan Resort ទីក្រុងណាននីញ ប្រទេសចិន។

លោក Li Jin’ge បានសំដែងនូវការត្រេកអរដែល សម្តេចតេជោបានឆ្លៀតពេលផ្តល់ឱកាសឱ្យក្រុមហ៊ុនលោកបានចូលជួបសំណេះសំណាល និងពិភាក្សាការងារមួយចំនួន។ ក្រុមហ៊ុន Huawei ទទួលផលចំណេញជារៀងរាល់ឆ្នាំ ដែលនៅឆ្នាំ ២០១៥ គឺសម្រេចបាន ៦០,០០០ លានដុល្លារ និងនៅឆ្នាំ ២០១៨ គ្រោងឱ្យបានដល់ ៨០,០០០ លានដុល្លារ ។ ចំពោះកម្ពុជា គឺក្រុមហ៊ុនបានផ្តល់ការងារដល់ពលរដ្ឋកម្ពុជា ប្រមាណជាង ៤០០នាក់ ដែល ៨០% គឺជាជនជាតិខ្មែរ។

តាមពិតក្រុមហ៊ុនមានប្រវត្តិលើទឹកដីកម្ពុជានៅឆ្នាំ ១៩៩៩ ហើយនៅឆ្នាំ ២០០៤ សម្តេចតេជោ បានអញ្ជើញទៅទស្សនកិច្ច ក្រុមហ៊ុននៅប្រទេសចិន។ ក្រុមហ៊ុនបានចូលរួមចំណែកយ៉ាងច្រើនក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសលើចំណេះដឹង និងការងារបច្ចេកវិទ្យាដែលជួយពង្រឹងដល់សន្តិសុខសង្គម។ ចំពោះការងារសង្គម ក្រុមហ៊ុនបានជួយកាកបាទ ក្រហមកម្ពុជា ជារៀងរាល់ឆ្នាំ ព្រមទាំងជួយទៅដល់សកម្មភាពការងារ នៃសហព័ន្ឋយុវជនផងដែរ។

សម្តេចតេជោ ហ៊ុន សែន អរគុណដល់ក្រុមហ៊ុន Huawei ដែលបានជួយដល់កម្ពុជា ទោះបីតាមគម្រោងរដ្ឋាភិបាល ឬគម្រោងមនុស្សធម៍ ដែលក្រុមហ៊ុនបានជួយមកកម្ពុជា។ នៅក្នុងជំនួបនារសៀលនេះ ក្រុមហ៊ុនបានធ្វើអំណោយជាអណ្តូងទឹកចំនួន ៥០ ជូនដល់សម្តេចតេជោដើម្បីផ្តល់ដល់ពលរដ្ឋកម្ពុជា នៅតាមតំបន់ដែលកំពុងខ្វះខាតអណ្តូងទឹកប្រើប្រាស់៕

Huwei 12 09 16 3

Huwei 12 09 16 4