សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ


នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់កិត្តិយសអញ្ជើញប្រគល់សញ្ញាបត្រដល់ក្មួយៗនិស្សិត នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិចំនួន ១,៤៣១នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។
នៅក្នុងពិធីប្រគល់សញ្ពាបត្រនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអបអរសាទរ និងកោតសរសើរដល់ សាកលវិទ្យាល័យដែលបានយកចិត្តទុកដាក់ចូលរួមបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោបានចូលរួមត្រេកអរ និងអបអរសាទរជាមួយក្មួយៗនិស្សិតទាំងអស់ដែលបានបញ្ចប់ការសិក្សា និងបានទទួលសញ្ញាបត្រនៅថ្ងៃនេះ។ សម្តេចតេជោ បានគាំទ្រ និងលើកទឹកចិត្តដល់និស្សិតបន្តការសិក្សា តទៅទៀត ព្រោះការសិក្សាគឺគ្មានដែនកំណត់ឡើយ។ សព្វថ្ងៃនេះ រាជរដ្ឋាភិបាល បានបើកឱកាសទូលំទូលាយ ដល់និស្សិតក្នុងការកសាងសមត្ថភាព។ កម្ពុជាកំពុងប្រមូលផ្តុំដោយធនធានមនុស្ស ទន្ទឹមនឹងនេះ កម្ពុជាមានមោទនៈភាពដែលបានក្លាយជាប្រទេសសម្របសម្រួលជាមួយបណ្តាប្រទេសដែលកំពុងមានការអភិវឌ្ឍតិចតួច និងកំពុងជួយប្រទេសទីម័រលេស្តេ (Timore-Leste) អោយចូលសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO)ទៀតផង។ ចំពោះសកម្មភាពមនុស្សធម៍ គឺកម្ពុជាយើងបានចូលរួមយ៉ាងសកម្មជាមួយ UN ដែលយើង បានបញ្ជូនកងទ័ពមួកខៀវជាច្រើនទៅបម្រើការជាមួយអង្គការសហប្រជាជាតិជួយប្រទេសកំពុងមានវិតបត្តិ សង្រ្គាមទៀតផង។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ព្រះសង្ឃ និងប្រជាពលរដ្ឋ ទូទាំងប្រទេសសូមចូលរួមក្នុងចលនា ប្រយុទ្ឋប្រឆាំងគ្រឿងញៀន ហើយក្រុមគ្រួសារជា ឪពុក ម្តាយ ជីដូនជីតា ត្រូវចូលរួមអប់រំ កូនចៅ បន្សាបគ្រឿង ញៀននៅតាមផ្ទះផ្ទាល់ខ្លួនទើបមានប្រសិទ្ឋភាព ជាជាងបញ្ជូនកូនចៅទៅមណ្ឌលកែប្រែ។ ពេលនេះគឺគ្រប់គ្នាត្រូវ ចូលរួម។ ចំណុចក្តៅមួយទៀត សម្តេចតេជោនាយករដ្ឋមន្រ្តី បានអំពាវនាវដល់ប្រជាពលរដ្ឋអោយបានយល់ដឹង ច្បាស់អំពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជន គឺមិនមែនជារបស់រដ្ឋទេ។ ព្រោះមានប្រជាពលរដ្ឋ មួយចំនួនធំបានខ្ចីប្រាក់ពីគ្រឹះស្ថានឯកជនទាំងនេះ ហើយគិតថាជាគ្រឹះស្ថានរបស់រដ្ឋ។ អ្វីដែលមហន្តរាយបំផុតគឺ ប្រជាជនអ្នកខ្ចីប្រាក់ទាំងនោះគ្មានប្រាក់សងហើយត្រូវគេរិបអូសផ្ទះសម្បែង។ សម្តេចតេជោ អំពាវនាវដល់វិទ្យុ ទូរទស្សន៍ កាសែត និងសារព័ត៌មានអនឡាញ (Online) ទាំងអស់ត្រូវចូលរួមផ្សព្វផ្សាយដាក់នៅក្នុងទំព័រមុខ ព្រមទាំងក្រុមហ៊ុនទូរស័ព្ទទាំងអស់ត្រូវរៀបចំសម្លេងខលធូន (Call Tune) ដើម្បីផ្សព្វផ្សាយអោយបានយល់ដឹង គ្រប់ៗគ្នា។
សម្តេចតេជោ ហ៊ុន សែន មានជំនឿ និសង្ឃឹមយ៉ាងមុតមាំលើនិស្សិតជ័យលាភីទាំងអស់ក្នុងការចូលរួមថែរក្សា ការពារសន្តិភាព និងចូលរួមកសាងអភិវឌ្ឍន៍សង្គមជាតិយើងអោយកាន់តែរីកចម្រើនទៅមុខ។ សម្តេចតេជោ បាន ជូនពរដល់និស្សិតជ័យលាភីទាំងអស់ទទួលបានជោគជ័យ និងមានសុភមង្គលក្នុងជីវិតគ្រប់ៗគ្នា៕