សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកកិច្ចប្រជុំតុមូលចិនលើកទី៥


នៅព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំតុមូលចិនលើកទី៥ ស្តីពីការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅសណ្ឋាគារសុខា ខេត្តសៀមរាប។
កិច្ចប្រជុំនេះគឺក្រោមប្រធានបទ «ឧត្តមានុវត្តន៍ស្តីពីការចូលជាសមាជិកនៃប្រទេសអភិវឌ្ឍន៍តិចតួច(LDCs)»ដែលត្រូវបានផ្តួចផ្តើមឡើងដោយរដ្ឋាភិបាលប្រទេសចិន សហការជាមួយ អង្គការពាណិជ្ជកម្មពិភពលោក (WTO )និងរដ្ឋាភិបាលនៃប្រទេសជាប្រធានក្រុមសម្របសម្រួលប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ជូនដល់ក្រុមប្រទេស LDCs ដទៃទៀត ដែលសុំចូលជាសមាជិក WTO ឲ្យជោគជ័យដូចកម្ពុជា និងប្រទេស LDCs ចំនួន៨ ផ្សេងទៀត។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការកសាងកម្ពុជាចាប់ពីចំណុចក្រោមសូន្យនៅឆ្នាំ១៩៧៩ មកទល់សព្វថ្ងៃគឺមានការខិតខំប្រឹងប្រែងខ្លាំងណាស់។ ដោយសារការខិតខំនេះហើយទើបធ្វើ អោយសេដ្ឋកិច្ចកម្ពុជាបានកើនឡើងជាបន្តបន្ទាប់ គឺជាមធ្យមក្នុងរង្វង់ ៧.៧% ចន្លោះពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៤។ កំណើនសេដ្ឋកិច្ច និងការរីកចម្រើនទាំងនេះ គឺដោយសាកម្ពុជាមានស្ថេរភាពនយោបាយ ធានាបាននូវសន្តិសុខសុវត្តិភាពជូនប្រជាជននឹងអ្នកវិនិយោគទុន។ កម្ពុជាបានក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនិងមានកំណើនភ្ញៀវទេសចរណ៍រហូតដល់ចំនួន៥,០១១,៧១២​ នាក់ ក្នុងឆ្នាំ២០១៦ ហើយទទួលបានកំណើនពាណិជ្ជកម្មអន្តរជាតិ ពី១៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០១១ ទៅដល់ ៣០ពាន់លានដុល្លារក្នុងឆ្នាំ២០១៤។ កម្ពុជាបានកាត់បន្ថយភាពក្រីក្រពី ៥៣.២% ក្នុងឆ្នាំ២០០៤ មកនៅប្រមាណ ១១.៥% ក្នុងឆ្នាំ២០១៥។ ជាមួយនេះ កម្ពុជាត្រូវបានប៉ាន់ប្រមាណថានឹងបន្តអត្រាកំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំក្នុងរង្វង់ ៧% រហូតដល់ឆ្នាំ២០១៨ ដែលជាលទ្ធផលទទួលបានពីការអភិវឌ្ឍន៍នៃពិពិធកម្មនៃសហគ្រាសធុនតូចនិងមធ្យម និងការបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងសាកលលោក។
បច្ចុប្បន្នកម្ពុជាកំពុងអនុវត្តន៍យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដោយកំណត់វិស័យអាទិភាព៤ (១)ការអភិវឌ្ឍធនធានមនុស្សដែលនឹងធានាបាននូវការប្រកួតប្រជែងក្នុងទីផ្សារពលកម្ម (២)ការបន្តវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងការកែលម្អថែមទៀតនូវកិច្ចសម្រួលពាណិជ្ជកម្ម (៣)ការបន្តអភិវឌ្ឍន៍និងបង្កើនតម្លៃបន្ថែមនៃវិស័យ កសិកម្ម (៤)ការពង្រឹងអភិបាលកិច្ចល្អ និងសមត្ថភាពនៃស្ថាប័នរដ្ឋសំដៅបង្កើនប្រសិទ្ធភាពនៃសេវាសាធារណៈនិងកែលម្អបរិយាកាសវិនិយោគ។ ក្នុងខណៈនេះ កម្ពុជានឹងខិតខំឲ្យអស់ពីកំលាំងកាយចិត្តធ្វើការសម្របសម្រួលជាមួយប្រទេសអភិវឌ្ឍន៍តិចតួច និងប្រទេសកំពុងអភិវឌ្ឍន៍ ដែលជាសមាជិកអង្គការ WTO ទាំងអស់ ដើម្បីជំរុញកិច្ចចរចានានា ដែលបម្រើឲ្យផលប្រយោជន៍ក្រុមប្រទេស អភិវឌ្ឍន៍តិចតួច ជាពិសេស តាមដាននិងជំរុញឲ្យមានការអនុវត្តសេចក្តីថ្លែងការណ៍និងសេចក្តីសម្រេចរបស់ សន្និសីទថ្នាក់រដ្ឋមន្រ្តីនៅទីក្រុងបាលីនិងទីក្រុងណៃរ៉ូប៊ី ដូចជា ការផ្តល់ការលើកលែងនិងលក្ខ័ណពិសេសផ្នែកសេវា ការផ្តល់ភាពអនុគ្រោះពន្ធគយនិងមិនជាប់កូតា សម្រួលវិធានប្រភពដើមទំនិញ សិទ្ធិទទួលបានឱសថសម្រាប់សេវាសុខភាពសាធារណៈ កិច្ចសម្រួលពាណិជ្ជកម្ម និងជំនួយសម្រាប់អនុវត្តវិស័យពាណិជ្ជកម្មជាដើម។