សម្តេច សាយ ឈុំ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ មន្ត្រីគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សាលាមត្តេយ្យ វត្តកោះ


ព្រឹកថ្ងៃទី ១៥ ខែ កុម្ភះ ឆ្នាំ ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ មន្ត្រីគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងក្មួយៗ គរុសិស្ស ដែលកំពុងបំពេញកម្មសិក្សា នៅសាលាមត្តេយ្យ វត្តកោះ ក្នុងខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ។
បន្ទាប់ពីបានស្តាប់ អ្នកគ្រូនាយិកា លោកគ្រូ អ្នកគ្រូ រាយការណ៍ ការវិវឌ្ឍ រីកចម្រើន របស់សាលា ការគ្រប់គ្រងថែរក្សា ការបង្ហាត់បង្រៀនសិស្ស និងពីលទ្ធផលនៃការសិក្សារបស់ក្មួយៗកុមារកន្លងមក សម្តេច ភក្តី បានថ្លែងកោតសរសើរ និងអបអរសារទរ ចំពោះស្មារតីទទួលខុសត្រូវខ្ពស់ របស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ដែលកន្លងមក បានគ្រប់គ្រងថែរក្សាសាលានេះ ប្រកបដោយអានាម័យ បរិដ្ឋានល្អ បានបង្ហាត់បង្រៀនមើលថែកុមារបានល្អ និងប្រកបដោយសុវត្តិភាព។ ព្រមជាមួយនេះដែរ សម្តេច បានផ្តល់អនុសាសន៍ សូមបន្តការសាមគ្គី សហការជួយគ្នាក្នុងកាងារ បន្តពង្រឹងការគ្រប់គ្រង ថែរក្សាសាលា និងបង្កើនការយកចិត្តទុកដាក់បង្ហាត់បង្រៀនក្មួយៗកុមារ ឲ្យកាន់តែល្អ និងមានសុវត្ថិភាព។
សម្តេច ជូនពរ គណៈគ្រប់គ្រងសាលា គ្រូៗ និងក្មួយៗគរុសិស្ស ទាំងអស់ ហើយព្រមជាមួយនេះ សម្តេច បានឧបត្ថម្ភ ៥,០០០,០០០៛ (ប្រាំលានរៀល) សម្រាប់គ្រូៗក្នុងសាលា និងឧបត្ថម្ភ ៣,០០០,០០០៛(បីលានរៀល) សម្រាប់គរុសិស្សទាំ២៧រូប ដែលកំពុងចុះកម្មសិក្សា នៅសាលាមត្តេយ្យ វត្តកោះ នេះផងដែរ៕