សិស្សវិទ្យាល័យហ៊ុន សែន កណ្តៀងចំនួន៥០នាក់ បានបំពាក់កន្សែងកាកបាទក្រហម


ពោធិ៍សាត់ ៖ ក្មួយៗសិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន កណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ចំនួន៥០នាក់ក្នុងនោះស្រី២៥នាក់ ត្រូវបានលោក ខូយ រីដា ប្រធាននិងលោក លោកស្រីជាសមាជិក សមាជិការគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្ត បានធ្វើពិធីបំពាក់កន្សែងប្រចាំវិទ្យាល័យ នារសៀលថ្ងៃទី១៦ខែមិថុនា ឆ្នាំ ២០១៦ បន្ទាប់ពីបានធ្វើការបណ្តុះ បណ្តាលរួចមកហើយអំពីជំនាញវិជ្ជា សង្រ្គោះបឋម និងផ្សព្វផ្សាយ ពីចលនាកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម។
លោក ខូយ រីដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបានលើកឡើងថា ដោយអនុវត្តទៅតាមគោលនយោបាយយុវជនកាកបាទក្រហមកម្ពុជានោះ គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បាននឹងកំពុង យកចិត្តទុកដាក់ លើការងារបណ្តុះបណ្តាលជំនាញសង្រ្គោះបឋមនិងធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីចលនាកាកបាទក្រហម អឌ្ឍចន្ទ ក្រហមនិង គោលការគ្រឹះទាំង៧ទាំងនៅក្នុងសាលានិងនៅតាមមូលដ្ឋាន ពេលមានបញ្ហាផ្សេងៗ ដែលតែងតែកើតមានឡើងជាយថាហេតុ ។ ក្មួយៗយុវជនកាកបាទក្រហមដែលបានបំពាក់កន្សែងត្រូវឈរលើគោលការណ៍អព្យាក្រិតមិនលំអៀងនិងចូលរួមយ៉ាងសកម្ម លើការងារអប់រំ លើកកម្ពស់សុវត្ថិភាពចរាចរណ៍ ស្វែងរកមូលនីធិ ត្រៀមបង្ការពេលមានគ្រោះមហន្តរាយ ដើម្បីជួយសង្រ្គោះ ដល់ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។ ជាមួយគ្នានេះលោកបានផ្តាំផ្ញើដល់ក្មួយៗយុវជនកាកបាទក្រហម ទាំងអស់ខិតខំប្រឹងប្រែងបំពេញការងារជាមនុស្សធម៌ ស្វែងរកការគាំទ្រដោយឈរមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការជា មួយមូលដ្ឋានដោយប្រកាន់ខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាពនិងសកលភាព។
សូមបញ្ជាក់ថា វិទ្យាល័យហ៊ុន សែនកណ្តៀងមានសិស្សានុសិស្ស ៩៧០នាក់ក្នុងនោះស្រី ៥៣៧នាក់ ក្នុងនោះយុវជនកាកបាទក្រហម៥០នាក់ ទទួលបានអាហារូបករណ៍ពីកាកបាទក្រហមកម្ពុជាចំនួន៨នាក់ចាប់ពីឆ្នាំ២០០៧មកនិងយុវជនកាយរឹទ្ធ៨៨នាក់ស្រី៦៩នាក់ តែងតែចូលរួមធ្វើសកម្មភាពសង្គមដូចជាសម្អាតបរិស្ថាន ទីសាធារណៈ ជួយ រៃអង្គាសថវិកាជួយដល់ជនរងគ្រោះ គ្រួសារក្រីក្រ ជាដើម។ នៅរសៀលថ្ងៃដ៏ដែលនោះលោក ខូយ រីដា និងក្រុមការងារបានអញ្ជើញប្រគល់ផ្ទះមួយខ្នងមានបណ្តោយ៥ម៉ែត្រទទឹង៤ម៉ែត្រ ធ្វើអំពីឈើ ប្រកសង្គសី ក្រាលក្តា ជញ្ជាំង  សង្គសីជូនលោកតាជនពិការឈ្មោះសាន្ត សុង អាយុ៧០ឆ្នាំ រស់នៅក្នុងភូមិវាល ឃុំស្រែស្តុក ស្រុកកណ្តៀង ក្នុងនោះក៏មានអំណោយភ្ចាប់ជាមួយនូវអង្ករ៥០គីឡូក្រាម មី១កេស ឃីត១កញ្ចប់ ទឹកត្រី ទឹកស៊ីអ៊ីវនិងថវិកា ១៨ម៉ឺនរៀល ជាអំ ណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ពោធិ៍សាត់ ។

Pursat 17-6-2016 (1)

Pursat 17-6-2016 (2)

Pursat 17-6-2016 (3)

Pursat 17-6-2016 (4)