អាជ្ញាធររាជធានីភ្នំពេញសម្ពោធដាក់ឱ្យប្រើប្រាស់សួនច្បារព្រះសក្យមុនីចេតិយ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍


ក្រោយពីធ្វើការជួសជុលកែលម្អ បានបញ្ចប់ជាស្ថាពរ កាលពីដើមខែមិថុនា ឆ្នាំ២០១៦ សួនច្បារព្រះសក្យមុនីចេតិយ អាជ្ញាធររាជធានីភ្នំពេញ បានបើក សម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ និងអភិរក្ស វិស័យ ទេសចរណ៍ និងក៍ដោយសារ សំណង់ ព្រះសក្យមុនីចេតិយ នេះ មានអាយុកាល ជិត ៦០ឆ្នាំ និងចាស់ទ្រុឌទ្រោមផងនោះ ទើប អាជ្ញាធររាជធានីសម្រេច ធ្វើការជួសជុល ដាក់ឱ្យកូនចៅជំនាន់ ក្រោយ បានស្គាល់ និងចូលរួមថែរក្សាបន្ដ។
ពិធីសម្ពោធសួនច្បារព្រះសក្យមុនីចេតិយនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។ ជាមួយគ្នានេះក៏មាន ពិធីអភិសេកព្រះពុទ្ធរូប រួមនិងពិធី រាប់បាត្រ ជាមួយព្រះសង្ឃ ចំនួន ៣៨អង្គ ផងដែរ។
សូមបញ្ជាក់ថា សួនច្បារ និងព្រះសក្យមុនីចេតិយនេះ ដែលមានទីតាំង នៅមុខស្ថានីយរថភ្លើង ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌ ដូនពេញ ត្រូវបានក្រុម ការងារ ជំនាញ របស់ មន្ទីរសាធារណៈការក្រុង ធ្វើការ ជួសជុល កែលម្អឡើងវិញ ត្រឹមតែលាបថ្នាំ និងជីកអាងទឹក សម្រាប់បាញ់ទឹក និងកែលម្អសួននិងដាំស្មៅ និងដាំកូនឈើ រាបការឡាពង្រីកផ្ទៃ សួនសរុប ៥០០ម៉ែត្រការ៉េដោយរក្សា ទ្រុងទ្រាយដើមទាំងស្រុង។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងនេះត្រូវបាន ប្រើពេល ៦០ថ្ងៃ ដែលបានប្រើប្រាស់ថវិកា សាលារាជធានីភ្នំពេញទាំងស្រុង អស់ប្រមាណជាង១០ម៉ឺន ដុល្លារ ដោយកែលម្អជាសួនច្បារដាំស្មៅផ្កា ដាំដើមរំដួលជុំវិញ ដាំដើមពោធិ៍ ផ្ទៃកម្រាលថ្មើរជើង និងទីធ្លារៀបថ្មបន្ទះក្រានីត។
ស្ថាបនាអាងបាញ់ទឹកព័ទ្ឋជុំវិញចេតិយ ដោយបំពាក់ភ្លើង LED បាញ់ពីក្នុងទឹក ស្ថាបនាបង់សម្រាប់ អង្គុយរាងវែងជារង្វង់មូល ជុំវិញអាងទឹក និងបំពាក់ភ្លើងបំភ្លឺសួនច្បារផងដែរ ។
ក្រៅពីការកែលម្អសួនព្រះសក្យមុនីចេតិយ ក៏មានការរៀបចំទីតាំងសណ្តាប់ធ្នាប់នៅជុំវិញ ទីតាំងនេះផងដែរ ដើម្បីឱ្យមានលក្ខណៈប្រសើរជាងមុន។
ឯកឧត្ដម ប៉ា សុជាតិវង្ស បានបញ្ជាក់ថា ព្រះសក្យមុនីចេតិយ នេះត្រូវបានបើកសម្ពោធដាក់ ឱ្យប្រើប្រាស់ លើកដំបូង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៥៧ សម័យសង្គមរាស្ត្រនិយម ហើយត្រូវបានខូចខាតខ្ទេច ខ្ទីនៅសម័យ ប៉ុល ពល និងត្រូវបានជួសជុលកែលម្អជាថ្មីឡើងវិញ នៅឆ្នាំ១៩៨៨ ដោយពុទ្ធបរិស័ទ គ្រប់មជ្ឈដ្ឋាន ក្រោមការឧបត្ថម្ភ នៃគណៈកម្មាធិការបក្ស និងគណៈ កម្មាធិការប្រជាជនបដិវត្ត រដ្ឋធានីភ្នំពេញ ដើម្បីរក្សាទុកជាសម្បត្តិវប្បធម៌ជាតិ ផ្នែកព្រះពុទ្ធសាសនា។
ដោយមើលឃើញសក្យមុនីចេតិយ នេះមាន សភាពចាស់ទ្រុឌទ្រោម មិនស័ក្តិសម ជាកន្លែង សម្រាប់ដាក់ព្រះធាតុព្រះពុទ្ធអង្គនោះ ទើប អាជ្ញាធរ សម្រេច ធ្វើការកែលម ដោយលាប់ថ្នាំថ្មី រក្សាចេតិយ នៅធាតុដើមដដែល និងបន្ថែមពង្រីកសួន ច្បារ ឱ្យមានសោភ័ណភាព ដើម្បីទាក់ទាញ វិស័យទេសចរណ៍ ជាតិនិងអន្ដរជាតិ ឱ្យទស្សនាកម្សាន្ដនៅ ទីនេះ កាន់តែច្រើនឡើងមួយកម្រិតថែមទៀត។
ឯកឧត្ដម ប៉ា សុជាតិវង្ស បានបន្ដថា ក្រោយពី យើង បានស្ថាបនា សក្យមុនីចេតិយនេះរួចរាល់ ហើយ អាជ្ញាធរ និងមាន គម្រោង ស្ថាបនា ជួសជុល កែលម្អ សួន ច្បារចំនួនបីកន្លែងទៀតគឺ សួនច្បារ នៅផ្សារសិនជួរីផ្លាសារ ពោចិនតុង , សួន រង្វង់មូលចោមចៅ និងសួន ច្បារនៅខាង មុខ ព្រះសក្យមុនីចេតីយ៍ រហូតដល់មាត់ទន្លេតែម្ដង ក្រោយពីការដ្ឋាន សំណង់ចំណតរថយន្ដក្រោមដី របស់អគារ កាណាឌីយ៉ា និងអគារ វឌ្ឍនៈ ទាំងពីរនេះស្ថាបនារួចរាល់ហើយនោះ យើងនិងចាប់ផ្ដើមភ្លាម៕

Pa Socheatvong 4-7-2016 (4)

Pa Socheatvong 4-7-2016 (3)

Pa Socheatvong 4-7-2016 (2)

Pa Socheatvong 4-7-2016 (1)