អាមេរិកដាក់កម្ពុជាស្ថិតក្នុង Tier2 នៃការបង្ក្រាបជួញដូរមនុស្ស


     រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានថ្លែងសរសើរថា រដ្ឋាភិបាលកម្ពុជាមានភាពជឿនលឿនក្នុងការកាត់ទោស និងដាក់ទោស ពិសេសលើបទល្មើសនៃការជួញដូរកំលាំងពលកម្ម ។ ការសរសើរនេះ គឺក្នុងគ្រាដែលសហអាមេរិក បានដាក់ចំណាត់ថ្នាក់កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ២ នៅក្នុងរបាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ ២០១៦ ។

     លោក John Kerry ជាមួយនឹងរបាយការណ៍ឆ្នាំ ២០១៦ ស្តីពីការជួញដូរមនុស្ស (TIP) ពីទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៦ បានបញ្ជាក់ថា ប្រទេសកម្ពុជាមានចំណាត់ថ្នាក់លេខ២ ដែលជាចំណាត់ថ្នាក់ល្អជាងចំណាត់ថ្នាក់លេខ២ ក្នុងបញ្ជីតាមដានកាលពីឆ្នាំទៅ ។ ចំណាត់ថ្នាក់លេខ២ គឺសំរាប់សម្គាល់ប្រទេសដែលសាមីរដ្ឋាភិបាល បើទោះមិនបានគោរពតាមពេញលេញ ចំពោះបទដ្ឋានអប្បរមា ដូចមានចែងក្នុងច្បាប់របស់សហរដ្ឋអាមេរិក ស្តីពីការការពារជនរងគ្រោះដោយការជួញដូរនោះមែន… ប៉ុន្តែបានបង្ហាញថា សាមីរដ្ឋាភិបាលប្រទេសនោះ កំពុងមានការខិតខំច្រើនគួរសម ដើម្បីគោរពតាមបទដ្ឋានទាំងនោះ ។

     រដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមអនុវត្តផែនការសកម្មភាពជាតិ ដែលត្រូវបានបង្កើតឡើងនៅក្នុងអំឡុងពេលនៃរបាយការណ៍លើកមុន ហើយបានកំណត់ផ្តល់ថវិកាចំនួន ៥០ម៉ឺនដុល្លារអាមេរិក ដល់គណៈកម្មាធិការអន្តរក្រសួង ដែលដឹកនាំការងារប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សរបស់ប្រទេសកម្ពុជា ។ របាយការណ៍ឆ្នាំ ២០១៦ របស់សហអាមេរិក ស្តីពីការជួញដូរមនុស្ស ប្រចាំឆ្នាំលើកទី១៦ នេះ ត្រូវគេឃើញមានការរៀបរាប់ពីប្រទេស និងទឹកដីចំនួន១៨៨ ដោយរួមទាំងសហរដ្ឋអាមេរិកផងដែរ ៕

US Report 04 07 16 2 copy