ឥណ្ឌាផ្តល់វិភាគទាន ៥ម៉ឺនដុល្លារ ដល់សាលាក្តីខ្មែរក្រហម


Khmer Rough 13 09 16 2 copy

     រដ្ឋាភិបាលប្រទេសឥណ្ឌា បានប្រកាសផ្តល់វិភាគទាន ៥ម៉ឹនដុល្លារអាមេរិក ដល់ដំណើរការសាលាក្តីខ្មែរក្រហម។ សេចក្តីរាយការណ៍បានបញ្ជាក់ថា រាប់ទាំងវិភាគទានថ្មី ៥ម៉ឹនដុល្លារនេះ រដ្ឋាភិបាលឥណ្ឌា ក្នុងដំណើរការជួយសាលាក្តីខ្មែរក្រហម ចាប់តាំងពីឆ្នាំ២០០៦ មក បានជួយដំណាក់កាលកំពុងកាត់ទោសអតិតមេដឹកនាំខ្មែរក្រហមនេះ បានចំនួនទឹកប្រាក់សរុប ១លាន ៥ម៉ឺនដុល្លារ ហើយ។

     គួររំលឹកថា កាលពីចុងខែកក្កដា កន្លងមកនេះ សហភាពអឺរ៉ុបបានទម្លាក់ថវិកាឧបត្ថម្ភសាលាក្តីចំនួន ២លាន ៩សែនអឺរ៉ូ ដែលក្នុងនោះ ថវិកា ១លាន ៥សែនអឺរ៉ូ សម្រាប់គាំទ្រភាគីអន្តរជាតិ… ចំណែកទឹកប្រាក់ ១លាន ៤សែនអឺរ៉ូ ទៀតសម្រាប់ភាគីជាតិនៃសាលាក្តីខ្មែរក្រហម ។

     ដំណើរការសាលាក្តីខ្មែរក្រហមបច្ចុប្បន្ន ត្រូវគេឃើញថា កំពុងស្ថិតក្នុងសំណុំរឿង ០០២ នៃដំណាក់កាលទី២ ដែលទាក់ទងនឹងការចោទប្រកាន់ ចំពោះប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាម និងជនជាតិវៀតណាម និងបញ្ហានានាជាច្រើនថែមទៀត ដែលជាបទចោទប្រកាន់បន្ថែម ពីដីកាដំណោះស្រាយក្នុងសំណុំរឿង ០០២ ។