ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ និងអភិបាលខេត្តកែប ជំរុញអនុគណៈកម្មការនីមួយៗ ពន្លឿនការងារឲ្យស្រេចមុនពិធីមកដល់


នៅសល់រយៈពេល១សប្ដាហ៍ទៀតប៉ុណ្ណោះ ពិធីបុណ្យសមុទ្រលើកទី៦ ជុំទី២ នឹងឈានមកដល់ហើយ ជាមួយគ្នានោះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប បានជំរុញដល់អនុគណៈកម្មការនីមួយៗ ដែលចំណុះឲ្យគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧ ត្រូវពន្លឿនការងារពាក់ព័ន្ធទាំងប៉ុន្មាន ឲ្យបានរួចស្រេចមុនព្រឹត្តិការណ៍នេះមកដល់។

ការជំរុញឲ្យពន្លឿនការងារនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំនៅសាលាខេត្តកែប នាថ្ងៃសុក្រ ១២រោច ខែមិគសិរ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ គ.ស២០១៧ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទសចរណ៍ និងឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប ខណៈកិច្ចការមួយចំនួនត្រូវបានសម្រេចជាបណ្ដើរៗហើយ។

ថ្នាក់ដឹកនាំទាំងពីរបានបន្តជំរុញពន្លឿនការងារពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាឲ្យពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យលើសឆ្នាំមុនៗ ក្នុងនោះរួមមាន៖

១៖ ពង្រីកការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍បុណ្យសមុទ្រ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ បណ្ដាញសារព័ត៌មាន គេហទំព័រ បណ្ដាញសង្គម Facebook ផ្ទាំងព័ត៌មានដាក់នៅតាមរ៉ឺម៉កកង់បី តាមផ្សារ ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ទីសាធារណៈនានាឲ្យបានច្រើនថែមទៀត។

២៖ កំណត់ទីតាំងស្ដង់កម្លាំងសមត្ថកិច្ច ស្ដង់គ្រូពេទ្យ និងសុខាភិបាល ស្ដង់កាកបាទក្រហម ស្ដង់ម្ហូបអាហារ ស្ដង់បញ្ជរព័ត៌មាន ស្ដង់ពិព័រណ៍ផលិតផល និងស្ដង់ពាក់ព័ន្ធនានា បង្គន់អនាម័យចល័តឲ្យបានច្បាស់លាស់ និងត្រៀមរៀបចំឲ្យមានសណ្ដាប់ធ្នាប់ ដោយគិតទាំងបញ្ហាសុវត្ថិភាព និងអនាម័យផងដែរ។

៣៖ ត្រូវត្រៀមកម្លាំងសមត្ថកិច្ចសម្រួលចរាចរណ៍ ការធ្វើដំណើរ ការដឹកជញ្ជូន និងកំណត់ទីតាំងផ្ញើម៉ូតូ រថយន្តរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ជៀសវាងបញ្ហាកកស្ទះ។

៤៖ ត្រៀមទីសំណាក់ ម្ហូបអាហារ បន្ទប់ទឹក អគ្គិសនី សម្រាប់ទទួលគណៈប្រតិភូជាតិ-អន្តរជាតិ ក្រុមកីឡាករ និងក្រុមសិល្បករ ធ្វើយ៉ាងណាសម្រួលការងារបដិសណ្ឋារកិច្ចឲ្យបានរលូន ពេញចិត្ត រួមទាំងការងារសម្រួលចរាចរណ៍ និងភ្នាក់ងារសម្រាប់ពួកគេផងដែរ។

៥៖ ត្រៀមរៀបចំការសម្ដែងសិល្បៈ និងកីឡា៖ ចំពោះការសម្ដែងកីឡានេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានជម្រាបពីកិច្ចការត្រៀមរៀបចំស្ទើររួចរាល់ផងដែរ ក្នុងនោះមានកីឡា១០ប្រភេទ រួមទាំងប្រដាល់ផងដែរ នឹងសម្ដែងក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។

៥៖ ខិតខំបណ្តុះបណ្តាល និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍នានា ដើម្បីបម្រើទេសចរជាតិ និងអន្តរជាតិ។ ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រីនៅតែបញ្ជាក់ថា នៅតាមភោជនីយដ្ឋានទាំងអស់ ក្រោមតុត្រូវតែគ្មានសំរាម ឬក្រដាសនោះឡើយ នេះជាយុទ្ធនាការពិសេសមួយ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញនៅទូទាំងប្រទេស។

៦៖ ត្រូវបំផុស និងណែនាំប្រជាពលរដ្ឋក្នុងខេត្តឲ្យរៀបចំ និងតុបតែងគេហដ្ឋានរបស់ខ្លួនឲ្យបានស្អាត សម្រាប់ជួលឲ្យភ្ញៀវជាតិ និងអន្តរជាតិដែលមកចូលរួមពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧ ចូលស្នាក់នៅ ជាមួយការទទួលបានប្រាក់ចំណូលដល់ប្រជាពលរដ្ឋដោយផ្ទាល់។

៧៖ ត្រូវរៀបចំទស្សនីយភាពសិល្បៈ ពិព័រណ៍ភ្លើង សួនភ្លើងក្រោមទឹក ការតាំងពិព័រណ៍ផលិតផលទេសចរណ៍ ពាណិជ្ជកម្ម កម្មវិធីបង្ហោះគោម ការបង្ហាញសម្លៀកបំពាក់កែច្នៃ កម្មវិធីជប់លៀងឆ្នេរខ្សាច់ ការបោះតង់ និងកម្មវិធីសម្អាតឆ្នេរឲ្យបានល្អ។

៨៖ ត្រូវខិតខំយកចិត្តទុកដាក់ការពារ និងរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ ក្នុងឱកាសពីធីបុណ្យសមុទ្រ ឆ្នាំ២០១៧។ ឯកឧត្តម ថោង ខុន ក៏បានអំពាវនាវឲ្យក្រុមហ៊ុនសេវាទូរស័ព្ទ និងក្រុមហ៊ុនអ៊ីនធឺរណេតទាំងអស់ ត្រូវដំឡើងប្រេកង់សេវារបស់ខ្លួនឲ្យបានទូលំទូលាយ ដើម្បីបម្រើដល់ការទំនាក់ទំនង ពោលត្រូវតែធានាដល់ការប្រើប្រាស់សេវារបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចៀសវាងការរអាក់រអួល ឬមិនអាចទំនាក់ទំនងគ្នាបាន ក្នុងពិធីបុណ្យសមុទ្រខាងមុខនេះ។

៩៖ ត្រៀមរថយន្តសង្គ្រោះ និងត្រៀមអ្នកសង្គ្រោះបឋមឲ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមជួយសង្គ្រោះជនរងគ្រោះដោយប្រការណាមួយ ក្នុងឱកាសពិធីបុណ្យសមុទ្រ។

១០៖ ត្រូវរៀបចំបង្កើតក្រុមយុវជនស្ម័គ្រចិត្ត ដើម្បីជួយដើរសម្អាតបរិស្ថាន ក៏ដូចជាជួយរើសសំរាមក្នុងឱកាសបុណ្យសមុទ្រ ដើម្បីបង្ហាញ និងដាស់ស្មារតីដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរឲ្យភ្ញាក់រឭកពីបញ្ហាសំរាមនេះ។ ត្រូវខិតខំរួមគ្នាបង្កើតឲ្យមានភាពស្អាត និងបៃតង អនាម័យ សណ្តាប់ធ្នាប់នៅតាមគោលដៅទេសចរណ៍ឲ្យបានល្អ ដើម្បីទាក់ទាញទេសចរឲ្យបានច្រើន។

គួរបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី៦ ជុំទី២ នឹងត្រូវប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែធ្នូ ឆ្នាំ២០១៧ លើទឹកដីខេត្តកែប ក្រោមប្រធានបទ «ឆ្នេរសមុទ្របៃតង៖ អនាគតគឺបច្ចុប្បន្ន» និងក្រោមពាក្យស្លោក «និរន្តរភាពទេសចរណ៍ សម្រាប់ការអភិវឌ្ឍ» ហើយអ្វីដែលពិសេសនោះ ពិធីបើកជាផ្លូវការនៃព្រឹត្តិការទេសចរណ៍នេះ នឹងត្រូវប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧។