ឯកឧត្តម គឹម សន្តិភាព៖ ការរំលាយ CNRP គឺជា​ការ​ការពារ​សិទ្ធិ និង​ឆន្ទៈ​ប្រជាពលរដ្ឋចង់​បាន​សេចក្ដីសុខ សណ្ដាប់ធ្នាប់​សង្គម


ឯកឧត្តម គឹម សន្តិភាព អនុរដ្ឋលេខាធិការ និងជាអ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ បានមានប្រសាសន៍ថា ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ វា​​មិន​បាន​ប៉ះពាល់​សិទ្ធិ និង​ឆន្ទៈ​ពលរដ្ឋ​ជាង ៣ លាន​នាក់​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ការ​រំលាយ​នេះ​គឺជា​ការ​ការពារ​សិទ្ធិ និង​ឆន្ទៈ​ប្រជាពលរដ្ឋ​ព្រោះ​ពលរដ្ឋ​ចង់​បាន​សេចក្ដីសុខ សណ្ដាប់ធ្នាប់​សង្គម ហើយ​វា​ក៏​ជា​ការ​អនុវត្ត​ច្បាប់​មួយ​ដែល​ពលរដ្ឋ​ចង់​បាន និង​យុត្តិធម៌​នៅក្នុង​សង្គម​។

ការ​ថ្លែង​បែប​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចពិភាក្សា​តុ​មូល​ស្ដីពី​ «​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ក្រោយ​អវត្តមាន​គណបក្ស​សង្គ្រោះជាតិ​» ដោយ​មាន​ការ​ចូលរួម​ពី​ ឯកឧត្តម សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​ ឯកឧត្តម គឹម សន្តិភាព​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ឯកឧត្តម សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​លោក​ ផាន់ សិទ្ធី តំណាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ និង​លោក ចិន ថុន ​តំណាង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​មាន​អ្នក​ចូលរួម​ផ្សេង​ទៀត​ប្រមាណ​ជាង ២០០ ​នាក់​នៅ​សាលប្រជុំ​រាជបណ្ឌិត្យ​សភា​កម្ពុជា​។

ឯកឧត្តមបានបញ្ជាក់​ថា​៖ «​ករណី​ដែល​នាំ​ឲ្យ​បក្ស​ CNRP ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​នេះ បើ​យើង​ពិនិត្យ​ក្នុង​អត្ថបទ​ច្បាប់​គឺ​គណបក្ស​បាន​ប្រព្រឹត្ត​កំហុស​ដូច​ ដែល​មាន​ចែង​ក្នុង​ច្បាប់​នៃ​មាត្រា​ថ្មី​នេះ​ដែល​មាន​ពាក់ព័ន្ធ​ដល់​ រចនាសម្ព័ន្ធ និង​ថ្នាក់ដឹកនាំ​របស់​គណបក្ស​»​។