ឯកឧត្តម យឹម ឆៃលី ចូលរួមចែកកូនឈើ ១០ម៉ឺនដើម ជូនដល់ខេត្ត កំពង់ចាម


កំពង់ចាម៖ កូនឈើគ្រញូង និងបេង ប្រមាណ ១០ម៉ឺនដើម ក្នុងនោះ កូនបេង ១ម៉ឺនដើម ត្រូវបាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សា អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម ធ្វើការបែងចែកទៅដល់បណ្តាក្រុង ស្រុកទាំង១០ របស់ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីឱ្យអាជ្ញធរ ក្រុង ស្រុក យកទៅចែកជូនតាមបណ្តាសាលារៀន និងវត្តអារាមដាំដុះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានបញ្ជាក់ថា កូនឈើដែលត្រូវបែង ចែកទៅឱ្យក្រុង ស្រុក ទាំង ១០ របស់ខេត្តកំពង់ចាមនាពេលនេះ ជាប្រភេទឈើមាន រយៈ ពេលយូរ ដើម្បីបន្តដាក់ដាំ នៅតាមសាលារៀន វត្តអារាម និងនៅតាមទីសាធារណៈនានា ផង ដែរ។
ការឱ្យដាក់ដាំដើមឈើទាំងអស់នេះ ក៏ដើម្បីរួមចំណែកបង្កើននូវគម្របបៃតង រួមទាំង បានដាស់តឿនផ្នត់ គំនិត និងឥរិយាបថ ប្រជាពលរដ្ឋទូទៅ ជាពិសេស យុវជនជំនាន់ក្រោយ ឱ្យចេះស្រឡាញ់ដើមឈើ ដើម្បីចូលរួមចំណែកគាំពារបរិស្ថាន ការអភិរក្ស និងការរស់ នៅ ប្រកបដោយចីរភាព។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថា ព្រៃឈើ ជាសម្បត្តិធម្មជាតិដ៏មានតម្លៃបំផុត និង ជាអាយុជីវិត មនុស្ស និងសត្វ ដែលទាមទារឱ្យ មានការគ្រប់គ្រង និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយ វិចារណញ្ញាណ សមហេតុ សមផល ដើម្បីធានានូវតុល្យភាពបរិស្ថាន ហើយផ្ដល់ឱកាសឱ្យកូន ចៅជំនាន់ក្រោយ ទទួល បានផលប្រយោជន៍ ពីធនធានទាំងអស់នេះ ដើម្បីបំពេញនូវ សេចក្ដីត្រូវការ និងភាពសុខ ដុមរមនា។ ដូច្នេះតាមរយៈកូនឈើទាំងអស់នេះ ឯកឧត្តមសង្ឃឹមថា រដ្ឋបាលក្រុង ស្រុក នីមួយៗ នឹង បាននាំយកទៅដាំ និងបែងចែកបន្តទៅដល់សាលារៀន វត្តអារាមនានា ដើម្បីទទួលបាន ដាំដុះ ទៅតាមស្ថានភាពជាក់ស្ដែង ហើយនឹងចូលរួមថែរក្សា ទាំងអស់គ្នា ផងដែរ ។
ក្នុងឱកាសនោះឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាមរួមជាមួយអាជ្ញាធរខេត្ត និងអាជ្ញាធរក្រុង ស្រុក ទាំង ១០ របស់ខេត្តកំពង់ចាម ក៏បានអញ្ជើញដាំកូនឈើជានិមិត្តរូប នៅវិទ្យាស្ថានស្រាវជ្រាវ បណ្តុះ និងដាំកូនឈើ ស្ថិតក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដើម្បីចូលរួម អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជាផងដែរ៕

Yim Chhayly 30-6-2016 (3)

Yim Chhayly 30-6-2016 (2)

Yim Chhayly 30-6-2016 (1)