ឯកឧត្តម វង សូត អនុញ្ញាតឲ្យប្រធានក្រុមហ៊ុនប្រូខេអេស៊ា ខូអិលធីឌី និងសហការី ជួបសម្តែងការគួរសម


ព្រឹកថ្ងៃច័ន្ទ ៥កើត ខែផល្គុន ឆ្នាំរកា ព ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម វង សូត រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អនុញ្ញាតឲ្យលោកKondo Yoshio ប្រធានក្រុមហ៊ុនប្រូខេអេស៊ា ខូអិលធីឌី និងសហការី ជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធគម្រោងបង្កើតវិទ្យាស្ថានជំនាញថែទាំមនុស្សចាស់ នាទីស្តីការក្រសួង។

ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឲ្យក្រុមហ៊ុនជប៉ុន ជំនាញថែទាំ មនុស្សចាស់ សហការ ក្នុងការត្រួតពិនិត្យ ការសាងសង មជ្ឈមណ្ឌលថែទាំមនុស្សចាស់ នៅភូមិធ្លក សង្កាត់គោករកា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងចូលរួមបណ្តុះបណ្តាលធនធានមនុស្សឲ្យមានជំនាញច្បាស់លាស់ ឲ្យក្លាយជាមណ្ឌលស្តង់ដារមុនដំបូងបង្អស់នៅកម្ពុជា។

ជាការឆ្លើយតប លោក Kondo Yoshio ប្រធានក្រុមហ៊ុនប្រូខេអេស៊ាខូអិលធីឌី បានបង្ហាញការប្តេជ្ញាចិត្ត ក្នុងការសហការជាមួយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បំពេញការងារ ជួយដល់ការផ្តល់ សេវាថែទាំមនុស្សចាស់ នៅកម្ពុជា ឲ្យបានល្អបំផុត ជាពិសេសលើការជួយពិនិត្យ និងបណ្តុះបណ្តាលជំនាញថែទាំ មនុស្សចាស់ ឲ្យក្លាយជាមណ្ឌលស្តង់ដារ មុនដំបូងបង្អស់នៅកម្ពុជា។

លោក Kondo Yoshio បង្ហាញជំហរថា នឹងបង្កើតវិទ្យាស្ថានជំនាញថែទាំមនុស្សចាស់ បានច្បាស់លាស់ ដើម្បីយកជំនាញនេះ មកបម្រើដល់មណ្ឌលថែទាំ មនុស្សចាស់នៅកម្ពុជា ឲ្យមានសុខភាពល្អ និង មានអាយុយឺនយូរ ដូចមនុស្សចាស់នៅប្រទេសជប៉ុនផងដែរ និងសន្យាថា នឹងខិតខំរកដៃគូ និងអង្គការផ្សេងៗ ដែលមានគោលដៅស្របនឹងការផ្តល់សេវា ដល់មនុស្សចាស់ ។

បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្រ្តីបានឲ្យដឹងថា ការបង្កើតឲ្យមាន មណ្ឌលថែទាំមនុស្សចាស់ នៅកម្ពុជា នាពេលនេះ បានធ្វើឡើងដើម្បី ឆ្លើងតប នឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺក្រសួង បង្កើតឲ្យមានមណ្ឌលថែទាំមនុស្សចាស់ នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តផ្សេងៗទៀត នៅទូទាំងប្រទេស ដើម្បីបម្រើ ទៅដល់ប្រជាពលរដ្ឋ ជាពិសេស គឺមនុស្សចាស់ជរា ទោះបីជាមិនបានគ្រប់កន្លែង ដូចនៅប្រទេសជប៉ុន ប៉ុន្តែយ៉ាងហោចណាស់ កម្ពុជា ក៏អាចមានមណ្ឌលថែទាំមនុស្សចាស់ នៅតាមរាជធានី-ខេត្ត និងកន្លែង ចាំបាច់មួយចំនួនទៀត។