ឯកឧត្តម សាយ សំអាល់ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរ ការបោះជំរំអន្តរជាតិ ប្រចាំឆ្នាំ២០១៧


នៅព្រឹកថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៧ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បាន អញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរ ការបោះជំរំអន្តរជាតិ ប្រចាំឆ្នាំ២០១៧ ក្រោមប្រធានបទ«ការអប់រំចិត្តយុវជនឱ្យមានភាពជាអ្នកដឹកនាំប្រកបដោយសីលធម៌ និង គុណធម៌» ដែលមានការចូលរួមដោយសិស្សានុសិស្សនៃសាលាថ្នាក់ វិទ្យាល័យរបស់ សាលារដ្ឋ និងសិស្ស ថ្នាក់វិទ្យាល័យនៃសាលាបែលធីអន្តរជាតិទាំង១៤សាខា សរុបប្រមាណ ជាង២ពាន់នាក់ នៅមជ្ឈមណ្ឌលពិពរណ៌កោះពេជ្រ។កម្មវិធីនេះមានការរៀបចំដោយ អង្គការ សម្ព័ន្ធយុវជនអន្តរ ជាតិប្រចាំប្រទេសកម្ពុជា សហការណ៍ជាមួយក្រសួងអប់រំយុវជន និងកីឡា និងសាលាបែលធីអន្តរជាតិ ក្នុងគោលបំណង៖ អប់រំបណ្តុះបណ្តាលស្មារតី និងចិត្តកំនិត យុវជនឱ្យក្លាយ ជាអ្នកដឹកនាំទៅអនាគត។
ថ្លែងនាឱកាសនោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបង្កើតអោយមានកម្មវិធីជួបជុំរវាងសិស្សានុសិស្ស និងយុវជនទាំងអស់ ដើម្បីអោយពួកគេស្វែងយល់ពីខ្លួនឯងអោយបានច្បាស់ និងដឹងពីទិស ដៅ និងគោលបំណងដ៏ពិតរបស់ខ្លួន តាមរយៈការអប់រំបណ្តុះបណ្តាលក្នុងកម្មវិធីបោះជំរំ អន្តរជាតិនេះ ម្យ៉ាងទៀត សិស្សានុសិស្ស និងយុវជនទាំងអស់ ក៏អាចឃើញនូវរូបភាពខ្លួនឯង និងអាចចាកចេញពីផ្នត់គំនិតដ៏តូចចង្អៀតរបស់គេ ដើម្បីទទួលបាននូវសមត្ថភាពក្នុងការ ដឹកនាំដ៏ត្រឹមត្រូវនៅក្នុងសម័យបច្ចុប្បន្ន និងអាចរៀនពីផ្នត់គំនិតក្នុងការរស់នៅរបស់អ្នក ដទៃផងដែរ។
គួបញ្ជាក់ផងដែរថា កម្មវិធីបោះជំរំអន្តរជាតិប្រចាំឆ្នាំ២០១៧ នេះ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែមិនា ដល់ថ្ងៃទី២៩ ខែមិនា ដោយកម្មវិធីនេះ គឺជាការប្រារពលើកទី៧ ហើយ សំរាប់ប្រទេសកម្ពុជា ៕