ឯកឧត្តម សុខ ពុទ្ធិវុធ ជម្រុញឱ្យប្រជាពលរដ្ឋក្នុងឃុំព្រៃស្លឹក ស្រុកទ្រាំង រួបរួមគ្នាកសាងអភិវឌ្ឍវិស័យអាណាចក្រឱ្យរីកចម្រើន


នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីស្រោចស្រពសុគន្ធវារី តែងតាំងចងព្រះហស្ថព្រះគ្រូចៅអធិការ គ្រូសូត្រស្តាំ គ្រូសូត្រឆ្វេង និងសម្ភោធសមិទ្ធផលផ្សេងៗក្នុងវត្តព្រៃមៀន ស្ថិតក្នុងឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ នេះឯកឧត្តម សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ អនុប្រធានទី១ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទ្រាំង បានជម្រុញឱ្យប្រជាពលរដ្ឋ លោកតាជី យាយជី ចូលរួមគ្នាអភិវឌ្ឍវិស័យអាណាចក្រឱ្យរីកដើម្បី ព្រោះថាបើសិនជាអាណាចក្ររីកចម្រើន នោះវិស័យពុទ្ធចក្រក៏រីកចំរើនទៅតាមនោះដែរ។ តែផ្ទុយទៅវិញប្រសិនអាណាចក្រមិនរីកចម្រើនទេយើងក៏គ្មានឱកាសកសាងវិស័យពុទ្ធចក្រដែរពីព្រោះអាណាចក្រផ្សាភ្ជាប់ជាមួយពុទ្ធចក្រ។
ឯកឧត្តមបន្តថា ជាក់ស្តែងនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ប្រទេសទាំងមូលត្រូវខ្ទេចខ្ទី វត្តអារាមនានាត្រូវបានបំផ្លាញខ្ទេចខ្ទីពេលនោះយើងគ្មានឱកាសក្នុងការអភិវឌ្ឍប្រទេសនោះទេហើយវិស័យពុទ្ធចក្ររបស់យើងក៏លិចលង់ទៅតាមនោះដែរ។ ប៉ុន្តែក្រោយថ្ងៃរំដោះ ៧ មករា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំស្តារប្រទេសជាតិឡើងវិញ ដោយដៃម្ខាងការពារការត្រឡប់មកវិញនូវរបប ប៉ុល ពត ដៃម្ខាងកសាងអភិវឌ្ឍទាំងវិស័យអាណាចក្រ និងពុទ្ធចក្ររហូតមានការរីកចម្រើនដូចគួរជាទីមោទនៈដូចសព្វថ្ងៃ។