ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ការបិទទិដ្ឋាការរបស់ អាល្លឺម៉ង់ មកលើសមាជិករាជរដ្ឋាភិបាលកម្ពុជា មិនមែនជារឿងធ្ងន់ធ្ងរនោះទេ


ភ្នំពេញ៖ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា (CPP) ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ការបិទទិដ្ឋាការរបស់ អាល្លឺម៉ង់ មកលើសមាជិករាជរដ្ឋាភិបាលកម្ពុជា មិនមែនជារឿងធ្ងន់ធ្ងរនោះទេ ហើយថា ការបិទនេះ អាចទាក់ទងនឹងក្បាល ម៉ាស៊ីន គាំទ្រឲ្យមានបដិវត្តន៍ពណ៌។

កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ កាសែតភ្នំពេញប៉ុស្តិ៍ បានចុះផ្សាយថា “រដ្ឋាភិបាលអាល្លឺម៉ង់ បានចាត់វិធានការមួយចំនួន ក្នុងរយៈពេលប៉ុន្មានខែនេះ ដើម្បីដាក់សម្ពាធ មកលើរដ្ឋាភិបាលកម្ពុជា ឲ្យកែលម្អបរិយាកាសនយោបាយ ដូចការចង្អុល បង្ហាញ នៅក្នុងការឆ្លើយតប ដោយក្រសួងការបរទេសអាល្លឺម៉ង់ ទៅនឹងសំណួររបស់សភា ក្នុងនោះក៏មានការព្យួរការ ផ្តល់ទិដ្ឋាការ អនុគ្រោះចំពោះការធ្វើដំណើរឯកជន របស់នាយករដ្ឋមន្ត្រីកម្ពុជា និងក្រុមគ្រួសារ ព្រមទាំងសមាជិករដ្ឋាភិបាល ផ្សេងទៀតផងដែរ” ។

ពាក់ព័ន្ធនឹងបញ្ហានេះឯកឧត្តម សុខ ឥសាន បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១៩ កុម្ភៈ នេះថា ការបិទទិដ្ឋាការ លើសមាជិករាជរដ្ឋាភិបាលកម្ពុជា គឺជាសិទ្ធិរបស់អាល្លឺម៉ង់ ក្នុងនាមជាប្រទេសឯករាជ្យ ។ លោកថា កម្ពុជាក៏គ្មានជំទាស់អ្វីដែរ ព្រោះការបិទនេះ ជាសិទ្ធិសម្រេចរបស់អាល្លឺម៉ង់ ។ លោកបន្ថែមថា ការបិទទិដ្ឋាការនេះ គ្រាន់តែជាលក្ខណៈបុគ្គលតែប៉ុណ្ណោះ មិនមែនជាលក្ខណៈផ្លូវទូតនោះទេ ។

ឯកឧត្តម សុខ ឥសាន បញ្ជាក់ថា “ក៏ប៉ុន្តែខ្ញុំឃើញថា ការដែលគ្រាន់តែបិទទិដ្ឋាការ សម្រាប់ឯកជន នៃមន្ត្រីរាជរដ្ឋាភិបាល ខ្ញុំថា មិនមានជាការធ្ងន់ធ្ងរអីទេ ពីព្រោះភាគច្រើនលើសលប់ គឺថា កម្ពុជាមិនមានចេតនាអី ចង់ទៅប្រទេសអាល្លឺម៉ង់ទេ ទោះបីគាត់ បើកក៏គ្មានអ្នកណាចង់ទៅដែរ” ។

ឯកឧត្តមបន្តថា នៅអាមេរិកក្ដី នៅតាមបណ្ដាប្រទេសអឺរ៉ុបក្ដី សុទ្ធតែរងសម្ពាធពីភេរវកម្មអន្តរជាតិ ដែលទប់ស្កាត់មិនបាន មិនដូចនៅកម្ពុជា ទៅដល់កន្លែងណា ក៏មានសុខសន្តិភាព គ្មានភ័យព្រួយ ឬហានិភ័យ ដែលកើតពីអំពើភេរវកម្ម ។

ឯកឧត្តមក៏បានគូសបញ្ជាក់ថា បើសិនជាការបិទទិដ្ឋាការនេះ គ្មានហេតុផលគ្រប់គ្រាន់ អាចបញ្ជាក់ថា អាល្លឺម៉ង់រួមចំណែកក្នុងក្បាលម៉ាស៊ីន គាំទ្រឲ្យមានបដិវត្តន៍ពណ៌នៅកម្ពុជាដែរ ៕