ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ការផ្ដល់យោបល់ របស់អតីតនាយកទីភ្នាក់ងារសហប្រតិបត្តិការសំងាត់ របស់សហរដ្ឋអាមេរិក មានគំនិតអាក្រក់


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ការផ្ដល់យោបល់ របស់អតីតនាយកទីភ្នាក់ងារសហប្រតិបត្តិការសំងាត់ របស់សហរដ្ឋអាមេរិក (CIA) លោក  James Woolsy មានគំនិតអាក្រក់ដែលមិនគិត ពីប្រជាធិបតេយ្យរបស់បណ្តាប្រទេសមួយចំនួននោះទេ។

លោក James Woolsy អតីតនាយក CIA របស់អាមេរិក បានលើកឡើងថា ការលូកដៃ របស់អាមេរិកចូលកិច្ចការបោះឆ្នោត នៅប្រទេសដទៃគឺជាការល្អប្រសើរ សម្រាប់ផលប្រយោជន៍លទ្ធិប្រជាធិបតេយ្យ និងបញ្ចៀសឥទ្ធិពលនៃលទ្ធិកុំមុយនីស្ត។

ឯកឧត្តម សុខ ឥសាន បានថ្លែងតាមរយៈតេឡេក្រាម នៅថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០១៨ថា “យោបល់ល្អគឺដើម្បីលទ្ធិប្រជាធិបតេយ្យ តែសម្រាប់សហរដ្ឋអាមេរិក តែគំនិតអាក្រក់ គឺមិនគិតប្រជាធិបតេយ្យរបស់បណ្តាប្រទេសនោះទេ ហើយយកលទ្ធិប្រជាធិបតេយ្យ ជាខែល ដើម្បីបំផ្លាញសេចក្តីសុខរបស់ប្រទេសដទៃដែលខ្លួនមិនពេញចិត្ត” ។

ឯកឧត្តមបានបន្តថា ការលើកឡើងបែបនេះ របស់អតីតនាយកCIA ជាការទទួលស្គាល់ថាអាមេរិក ពិតជាបានលូកដៃចូលក្នុងកិច្ចការបោះឆ្នោតនៅបណ្តាប្រទេស ដើម្បីបុព្វហេតុ មនោគមន៍វិជ្ជា សេរីនិយម ប្រឈមមុខនឹងមនោគមន៍វិជ្ជាកុំមុយនីស្តនិយម  ដែលបាននិងកំពុងប្រកួតប្រជែងក្នុងពិភពលោកនេះពិតប្រាកដមែន ។

ឯកឧត្តម សុខ ឥសាន ថា បញ្ហានេះមិនខុសនឹងពាក្យនិយាយផ្ទាល់មាត់របស់លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គាះជាតិ (CNRP) ដែលបានលាតត្រដាងថា រដ្ឋាភិបាលអាមេរិក បានណែនាំឲ្យអនុវត្តផែនការផ្តួលរំលំរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដោយយកគម្រូតាមប្រទេសយូហ្គោស្លាវី និងស៊ែបប៊ី នោះទេ ។

ឯកឧត្តមបានបញ្ជាក់ថា នេះហើយជាការបញ្ជាក់ច្បាស់ពីវប្បធម៌លូកដៃរបស់អាមេរិក ចូលកិច្ចការផ្ទៃក្នុងបណ្តាប្រទេសដែលមិនរណបខ្លួន ។ ម៉្យាងទៀតអាមេរិកចង់យកបណ្តាប្រទេសលេពិភពលោកធ្វើជាភូមិសាស្ត្រនយោបាយ ក្នុងការប្រឈមមុខនឹងមនោគមន៍ កុំមុយនីស្តដែលជាគូសត្រូវរបស់ខ្លួន៕