ឯកឧត្តម សុខ ឥសាន អំពាវនាវឲ្យរួមគ្នា ការពារឲ្យខានតែបាន នូវសមិទ្ធផលសង្គមជាតិ


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា តាមរយៈបណ្តាញទំនាក់ទំនង Telegram នៅថ្ងៃទី១៨ មករា ឆ្នាំ២០១៨នេះ អំពាវនាវឲ្យរួមគ្នា ការពារឲ្យខានតែបាន នូវសមិទ្ធផលសង្គមជាតិ ព្រោះថាប្រទេសកម្ពុជា បានឆ្លងកាត់ដំណាក់កាល ប្រវត្តិសាស្ត្រជាច្រើន ប្រកបដោយការឈឺចាប់ ទុក្ខវេទនា និងសោកនាដកម្មធ្ងន់ធ្ងរ រាប់មិនអស់ ដែលធ្វើឲ្យប្រជាជនកម្ពុជា ចងចាំមិនភ្លេច ហើយខិតខំកសាងនូវប្រវត្តិសាស្ត្រថ្មី ដែលជៀសផុតពីគ្រោះមហន្តរាយ ដូចពីអតីតកាល ។

ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា ផ្អែកលើមូលដ្ឋាននេះ ដោយសារសមិទ្ធផល ដែលមានសព្វថ្ងៃ ត្រូវរកបានដោយកម្រ និងលំបាកលំបិន ចាំបាច់ត្រូវតែរួបរួមគ្នា ក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រី ថែរក្សា ការពារឲ្យខាងតែបានគង់វង្ស និងគត់មត់ ដាច់ខាតមិនឲ្យក្រុមឧទ្ទាមក្នុងព្រៃ  ក្រុមឧទ្ទាមក្នងស្រុក និងក្រុមឧទ្ទាមក្រៅស្រុក មកបំផ្លិចបំផ្លាញបានជាដាច់ខាត ។

បើតាម ឯកឧត្តម សុខ ឥសាន អះអាងថា “ឧទ្ទាមណាក៏ដោយ ក្នុងព្រៃ ក្នុងស្រុក និងក្រៅស្រុក គឺជាឧទ្ទាមក្រៅច្បាប់ដូចគ្នាទាំងអស់ ចាំបាច់ត្រូវតែកម្ទេច កុំឲ្យវាងើបក្បាល បានជាដាច់ខាត”។

ជាមួយគ្នានោះដែរ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏បានលើកឡើង អំពីការជំរុញ ការអភិវឌ្ឈន៏សេដ្ឋកិច្ចសង្គមថា “ព្រះរាជាណាចក្រកម្ពជា ប្រកាន់នយោបាយការបរទេស អព្យាក្រឹត្យ និងមិនចូលបក្សសម្ព័ន្ធ មានទំនាក់ទំនងល្អជាមួយ គ្រប់ប្រទេសនៅលើពិភពលោក ដោយមិនប្រកាន់និន្នាកានយោបាយ ព៌ណសម្បុរ ជាតិសាសន៏ និងមនោគមន៏វិជ្ជា ធំ ប្ញតូច ។ ការប្រកាន់នយោបាយការបរទេសបែបនេះ មានគោលដៅ ដើម្បីជំរុញការអភិវឌ្ឈន៏ សេដ្ឋកិច្ចសង្គម ពាណិជ្ជកម្មកម្ពុជា ឲ្យបានខ្លាំងក្លា ស្របតាមតម្រូវការ ចាំបាច់របស់ប្រទេសជាតិ” ។

លោកអះអាងថា “ក្នុងបរិបទ នៃសាកលភាវូបនីយកម្មសកលលោក រាជរដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវប្រកាន់ នយោបាយការបរទេស ទន់ភ្លន់និងម៊ឺងម៉ាត់ ដោយឈរលើ គោលការណ៏ គោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ស្មើសិទ្ធិ ស្មើភាព និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា ។ ទន្ទឹមនឹងនេះ ដើម្បីសម្រេចជោគជ័យ នៃការអភិវឌ្ឈន៏សេដ្ឋកិច្ច សង្គម និងពាណិជ្ជកម្ម ចាំបាច់ត្រូវតែប្រទេសមានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសុវត្ថិភាព សាធារណសង្គម” ។

បើតាមអ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា ហេតុនេះហើយ បានជា ទោះក្នុងតម្លៃណាក៏ដោយ រាជរដ្ឋាភិបាល ចាំបាច់ត្រូវចាត់រាល់វិធានការណ៏ ផ្កូវច្បាប់ចំពោះ ទង្វើល្មើសច្បាប់ បំពានច្បាប់ ជាពិសេសទង្វើ និងឧបាយកលក្បត់ជាតិ ដែលចង់បំផ្លាញសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ  មិនឲ្យកើតទ្បើងនៅកម្ពុជាជាដាច់ខាត ៕