ខេត្តព្រៃវែង ជាខេត្តដំបូងគេនៅកម្ពុជា ត្រូវគណៈកម្មការរៀបចំទិវា «ដើរពិភពលោក» ជ្រើសរើសសម្រាប់រៀបចំព្រឹត្តិការណ៍ ដើម្បីបញ្រ្ជាបការយល់ដឹង ចូលរួមសកម្មភាពកីឡា


ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកជំទាវ, ឯកឧត្តម អ៊ុក សិទ្ធិជាតិ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងជាប្រធានគណៈកម្មការរៀបចំទិវាដើរពិភពលោកនៅកម្ពុជា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីទិវា «ដើរពិភពលោក» Walk for life in the world (24 hours)​ នៅវេលាម៉ោង១០:០០នាទីព្រឹក ចម្ងាយ ១,៥០០ម៉ែត្រ ដែលកំណត់ដោយ TAFISA។

ឯកឧត្តម សួន សុម៉ាលីន បានថ្លែងថា ខេត្តព្រៃវែង ជាខេត្តដំបូងគេ ដែលត្រូវបានគណៈកម្មការរៀបចំទិវាដើរពិភពលោកនៅកម្ពុជា ជ្រើសរើសសម្រាប់រៀបចំព្រឹត្តិការណ៍ នៅប្រទេសកម្ពុជា។

ឯកឧត្តមបានបន្ថែមថា ទិវាពិភពលោកនេះ បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយ បញ្រ្ជាបការយល់ដឹង និងលើកទឹកចិត្តដល់ប្រជាជនក្នុងការគាំទ្រ ចូលរួមសកម្មភាពកីឡាសម្រាប់ទាំងអស់គ្នា និងលេងដើម្បីសុខភាព ក្លាយជាធនធានប្រកបដោយសក្តានុពល ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឆ្ពោះទៅសម្រេចចក្ខុវិស័យរាជរដ្ឋាភិបាល ឆ្នាំ២០៣០ និងឆ្នាំ២០៥០ ជាពិសេសផ្សព្វផ្សាយលើវិស័យកីឡាទៅកាន់ពិភពលោកទាំងអស់គ្នា។

សូមបញ្ជាក់ថា ទិវាដើរនេះបានប្រព្រឹត្តទៅនៅសួនច្បារសម្ដេចក្រឡាហោម ស ខេង ដែលមានការចូលរួមពីលោក លោកស្រីជាអភិបាលរងខេត្ត, ប្រធានលាសាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នាយក នាយករងសាលាខេត្ត កងកម្លាំងទាំង៣ រដ្ឋបាលក្រុងព្រៃវែង មន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការចំណុះសាលាខេត្ត មន្រ្តីរាជការ គ្រូបង្រៀន និងសិស្សានុសិស្ស ព្រមទាំងវិស័យឯកជនសរុបចំនួន ៦០០នាក់៕