ទីប្រឹក្សាផ្នែកអំពើប្រល័យពូជសាសន៍របស់ ​UN ស្វាគមន៍ការផ្តន្ទាទោសជាប្រវត្តិសាស្រ្ត ចំពោះអតីតមេដឹកនាំខ្មែរក្រហម នួន ជា និងខៀវ សំផន


ការផ្តន្ទាទោសជាប្រវត្តិសាស្រ្ត កាលពីថ្ងៃសុក្រ ដោយតុលាការអន្តរជាតិ ដែលគាំទ្រដោយអង្គការសហប្រជាជាតិ ចំពោះអតីតមេដឹកនាំខ្មែរក្រហមនៅកម្ពុជា ទៅលើបទចោទនៃអំពើប្រល័យពូជសាសន៍ បានទទួលការស្វាគមន៍ពីទីប្រឹក្សាពិសេសរបស់អង្គការសហប្រជាជាតិដែលមានជំនាញផ្នែកអំពើប្រល័យពូជសាសន៍។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Adama Dieng ជាទីប្រឹក្សាពិសេសទទួលបន្ទុកការទប់ស្កាត់អំពើប្រល័យពូជសាសន៍ បានចាត់ទុកការផ្តន្ទាទោសដោយតុលាការអន្តរជាតិដែលគាំទ្រដោយអង្គការសហប្រជាជាតិនៅកម្ពុជាថាជា «ទិវាល្អសម្រាប់យុត្តិធម៌» ដោយបន្ថែមថា «វាបង្ហាញថា យុត្តិធម៌នឹងឈ្នះ ហើយថា អំពើនិទណ្ឌភាពចំពោះអំពើប្រល័យពូជសាសន៍ និងអំពើឧក្រិដ្ឋកម្មឃោរឃៅផ្សេងទៀតនឹងមិនត្រូវបានទទួលស្គាល់ឡើយ»

នួន ជា បច្ចុប្បន្នមានអាយុ៩២ឆ្នាំ ដែលជាអតីតអនុលេខាក្នុងអំឡុងរបប ប៉ុល ពត ជ្រុលនិយមសាហាវព្រៃផ្សៃ និង អតីតប្រមុខរដ្ឋ ខៀវ សំផន អាយុ៨៧ឆ្នាំ ត្រូវបានចោទប្រកាន់ពីការសម្លាប់រង្គាលសហគមន៍មូស្លីមចាម និងសហគមន៍ជាតិពន្ធុវៀតណាម ចាប់ពីខែមេសា ឆ្នាំ១៩៧៥ ដល់ខែមករា ឆ្នាំ១៩៧៩។

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានផ្តន្ទាទោសបុរសទាំងពីររូបនេះពីអំពើបំពារបំពានយ៉ាងធ្ងន់ធ្ងរទៅលើ អនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្រោមទម្រង់ជាការធ្វើមនុស្សឃាត ការសម្លាប់រង្គាល ការធ្វើឲ្យទៅជាទាសករ ការនិរទេស ការដាក់ក្នុងមន្ទីរឃុំឃាំង ការធ្វើទារុណកម្ម ការធ្វើទុក្ខបុកម្នេញដោយសារមូលហេតុនយោបាយ សាសនា និងពូជសាសន៍ និងអំពើអមនុស្សធម៌ផ្សេងទៀតទៅលើប្រជាជនស៊ីវិលនៅកម្ពុជាក្នុងអំឡុងពេលនោះ។

បើតាមសេចក្តីរាយការណ៍សារព័ត៌មាននេះ ជាលើកដំបូងហើយដែលមន្រ្តីជាន់ខ្ពស់នៃបក្សកុម្មុយនីស្តកម្ពុជារបស់ ប៉ុល ពត ដែលជាបក្សកាន់អំណាចនាសម័យកាលនោះ ត្រូវបានផ្តន្ទាទោសពីអំពើប្រល័យពូជសាសន៍។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ដែលចេញដោយអ្នកនាំពាក្យរបស់គាត់ លោក António Guterres អគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានថ្លែងថា សាលក្រមនេះបង្ហាញថា ចារីនៃអំពើឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នងបំផុត អាចត្រូវបានដាក់ឲ្យទទួលខុសត្រូវ ទោះបីអំពើឧក្រិដ្ឋកម្មទាំងនោះត្រូវបានប្រព្រឹត្តអស់រយៈពេលជាច្រើនទសវត្សរ៍ទៅហើយក្តី។

សេចក្តីថ្លែងការណ៍បានលើកឡើងថា «អគ្គលេខាធិការរងចូលរួមរំលែកទុក្ខជាមួយជនរងគ្រោះពីអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងអំពើបំពារបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩» ដោយបន្ថែមថា លោក Guterres ក៏បានថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់មន្រ្តីគ្រប់រូបដែលបានចូលរួមចំណែកក្នុងកិច្ចការដ៏សំខាន់របស់ អ.វ.ត.ក និងបានអំពាវនាវដល់បណ្តាប្រទេសជាសមាជិកឲ្យផ្តល់ការគាំទ្រដល់តុលាការនេះជាបន្តទៀត។

លោក Dieng ក៏បានសម្តែងនូវការគាំទ្រ និងសាមគ្គីភាពជាមួយជនរងគ្រោះផងដែរ ដោយថ្លែងថា «ប្រជាជនគ្រប់រូបដែលបានទទួលរងការឈឺចាប់ ដោយសារអំពើឧក្រិដ្ឋកម្មសាហាវយង់ឃ្នងដែលបានប្រព្រឹត្តដោយពួកខ្មែរក្រហមនៅកម្ពុជា ក្នុងអំឡុងពេលនោះ បានរង់ចាំយុត្តិធម៌អស់រយៈពេលយ៉ាងយូរមកហើយ។ លោកសង្ឃឹមថា សេចក្តីសម្រេចនេះនឹងផ្តល់ឲ្យពួកគេនូវសំណង និងការធូរស្បើយបានមួយកម្រិត»

គាត់មានប្រសាសន៍ថា នេះក៏ជាសាលក្រមប្រវត្តិសាស្រ្តដែរ ដើម្បីបញ្ចៀសមិនឲ្យអំពើឧក្រិដ្ឋកម្មស្រដៀងគ្នានេះអាចកើតមាននាពេលអនាគត៖ «ទោះបីការទទួលខុសត្រូវព្រហ្មទណ្ឌជាឧបករណ៍ដែលមានសារសំខាន់ក្នុងការផ្តល់យុត្តិធម៌ និងសំណងដល់ជនរងគ្រោះក៏ដោយ ក៏វាមានតួនាទីយ៉ាងសំខាន់ផងដែរក្នុងការទប់ស្កាត់និងបង្អាក់នូវឧក្រិដ្ឋកម្មទាំងនេះ ព្រមទាំងជួយសង្គមក្នុងការផ្សះផ្សារឡើងវិញ»

គាត់មានប្រសាសន៍ថា «នៅពេលដែលយើងឃើញការរំលោភបំពានយ៉ាងមានគ្រោះថ្នាក់ទៅលើសិទ្ធិជាសារវ័ន្ត និង វិធាន និងបទដ្ឋានគតិយុត្តិអន្តរជាតិ នៅតាមទីកន្លែងជាច្រើនជុំវិញពិភពលោក សេចក្តីសម្រេចនេះគឺជាការផ្ញើសារដ៏មានឥទ្ធិពលមួយ ទាំងនៅក្នុងតំបន់ និងក្នុងសាកលលោក ដល់អ្នកដែលបានប្រព្រឹត្ត ញុះញង់ ឬ បណ្តែតបណ្តោយឲ្យមានអំពើឧក្រិដ្ឋកម្មឃោរឃៅ ថាមិនយូរមិនឆាប់ ពួកគេនឹងត្រូវយកមកដាក់ឲ្យទទួលខុសត្រូវមិនខាន»៕