ក្រសួងការបរទេស៖ កម្ពុជានឹងបើកស្ថានទូតថ្មី នៅប្រទេសស៊ែប៊ី


ប្រទេសកម្ពុជានឹងបើកស្ថានទូតថ្មីរបស់ខ្លួន នៅទីក្រុងប៊ែលក្រាដ ប្រទេសស៊ែប៊ី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីជំនួបរវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីការបរទេស​ និងសហប្រតិប​ត្តិការអន្តរជាតិ ជាមួយលោក Nebojsa Stevanovic រដ្ឋលេខាធិការក្រសួងការបរទេសស៊ែប៊ី។

ក្នុងឱកាសជំនួបនៅព្រឹកថ្ងៃទី២០ ខែ​វិច្ឆិកា ឆ្នាំ២០១៨ លោករដ្ឋលេខាធិការក្រសួងការបរទេសស៊ែប៊ី បានប្រគល់ជូននូវលិខិតរបស់ប្រធានាធិបតីស៊ែប៊ី ផ្ញើជូនសម្តេចតេជោនាយករដ្ឋមន្រ្តី​ ហ៊ុន សែន ក្នុងបំណងអញ្ជើញសម្តេច ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅស៊ែប៊ី។

យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន​  ទទួលបាននៅថ្ងៃទី២២ ខែវិច្ឆិកានេះ បានបញ្ជាក់យ៉ាងដូច្នេះថា​ «លោកឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់សារជាថ្មីថា កម្ពុជានឹងបើកស្ថានទូតរបស់ខ្លួននៅទីក្រុងប៊ែលក្រាដ ហើយលោកផ្ទាល់ នឹងបំពេញទស្សនកិច្ចនៅប្រទេសស៊ែប៊ី នៅឆ្នាំ២០១៩ ដើម្បីរឹតចំណងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ឲ្យកាន់តែរីកចំរើនថែមទៀត»។

តាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស​ដដែលនេះ បានឲ្យដឹងទៀតថា លោកឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់​​ ចំពោះលទ្ធផល​នៃ​កិច្ចពិគ្រោះ​យោបល់ លើកទី២ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដែលបានប្រព្រឹត្តិទៅប្រកបដោយផ្លែផ្កា។

ឯកឧត្តមរដ្ឋលេខាធិការនៃក្រសួងការបរទេសស៊ែប៊ី ក៏បានបញ្ជាក់ថា កម្ពុជានិងស៊ែប៊ីមានទំនាក់ទំនងដ៏ល្អប្រសើរ និងយូរអង្វែង​ខាងនយោបាយ ហើយលោកក៏បានសំដែងនូវអំណរគុណផងដែរ ដល់កម្ពុជាដែលតែងតែមានជំហរច្បាស់លាស់ ចំពោះបញ្ហាកូសូវ៉ូ៕