ការតស៊ូរបស់ប្រជាជន៖ កម្ពុជារស់ឡើងវិញ ចំណងជើងនៃសៀវភៅនិយាយពីដំណើរតស៊ូដើម្បីបុព្វហេតុជាតិ និងប្រជាជនរបស់ សម្តេច ហេង សំរិន


(ភ្នំពេញ)៖ សៀវភៅនិយាយពីដំណើរតស៊ូដើម្បីបុព្វហេតុជាតិ និងប្រជាជនរបស់សម្តេច ហេង សំរិន មានចំណងជើងថា «ការតស៊ូរបស់ប្រជាជន៖ កម្ពុជារស់ឡើងវិញ» ត្រូវបានធ្វើពិធីផ្សព្វផ្សាយនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ សៀវភៅរៀបរាប់ពីបេសកកម្មក្នុងបុព្វហេតុជាតិ និងប្រជាជន ដែលសម្តេចបានចំណាយពេលសឹងពេញមួយជីវិតសម្តេច ត្រូវបានកត់ត្រាទុកនៅក្នុងសៀវភៅនេះ ជាភាសាអង់គ្លេស។

ពិធីសម្ពោធនិងផ្សព្វផ្សាយសៀវភៅដែលមានលក្ខណៈប្រវត្តិសាស្រ្តនេះ មានការអញ្ជើញចូលរួមពីសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា មន្ត្រីរដ្ឋាភិបាល មន្រ្តី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា ព្រមទាំងនិស្សិត និងបណ្ណារក្ស នៃគ្រឹះស្ថានអប់រំសាធារណៈ និងឯកជនជាង ១០០នាក់។

«ការតស៊ូរបស់ប្រជាជន៖ កម្ពុជារស់ឡើងវិញ» នឹងបង្ហាញពីការពិតនៃសង្គ្រាមនៅកម្ពុជាដល់អ្នកអាន និងកូនខ្មែរជំនាន់ក្រោយដែលចង់សិក្សាឈ្វេងយល់ពីប្រវត្តិសាស្រ្តកម្ពុជា។ ជាប្រវត្តិសាស្រ្តនៃការតស៊ូដោះប្រទេសជាតិរបស់ឥស្សរជនស្នេហាជាតិនិងដំណើរស្តាកម្ពុជាឡើងវិញ ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត បានរលំទៅក្នុងរយៈ ៤០ឆ្នាំកន្លងមកនេះ។

ប្រសូត្រនៅក្នុងគ្រួសារកសិករនៅទីជនបទមួយក្នុងខេត្តកំពង់ចាម ក្នុងឆ្នាំ១៩៣៤ សម្តេច ហេង សំរិន គឺជាប្រធានស្ថាបនិកចលនាមហាជនធំមួយឈ្មោះថា «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដែលក្រោយមកបានប្តូរឈ្មោះជា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលបានបង្កើតឡើងនៅក្នុងសមាជមួយនៅខេត្តក្រចេះ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨។ ផ្តើមចេញពីខេត្តក្រចេះនោះហើយ ដែលសម្តេច ហេង សំរិន បានប្រកាសផែនការ ១១ចំណុច ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ក្រោយ ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ សម្តេច ហេង សំរិន បានក្លាយជាប្រមុខរដ្ឋ នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា និងជាអគ្គលេខាធិការបក្ស នៃគណបក្សបដិវត្តន៍ប្រជាជនកម្ពុជា។ បច្ចុប្បន្ន សម្តេច ហេង សំរិន ជាប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសនៃគណ បក្សប្រជាជនកម្ពុជា ព្រមទាំងជាប្រធានប្តូរវេននៃវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក (APPF) ខណៈដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧ នៃវេទិកាសភានេះ នៅក្នុង ខែមករា ឆ្នាំ២០១៩ ខាងមុខ។

APPF បានបង្កើតឡើងដោយអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក យ៉ាស៊ូហ៊ីរ៉ូ ណាកាសូណេ (Yasuhiro Nakasone) ក្នុងឆ្នាំ១៩៩៣។ ការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ កិច្ចប្រជុំប្រចំាឆ្នាំនេះ ជាជោគជ័យផ្នែកការទូតសភាកម្ពុជាថ្មីមួយទៀត នៅដើមនីតិកាលទី៦នៃរដ្ឋសភាកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច។

សម្តេច ហេង សំរិន គឺជាថ្នាក់ដឹកនាំម្នាក់ក្នុងចំណោមថ្នាក់ដឹកនាំចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាចំនួន ១៤រូប ដែលនៅរស់រានមានជីវិត ដូចជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា, លោកស្រី មាន សំអាន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សប្រជាជនកម្ពុជា និងជាសមាជិកាព្រឹទ្ឋសភា លោក រស់ សម័យ ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាល និង លោក ចាន់ វ៉ែន អតីតអគ្គលេខាធិការរដ្ឋសភាជាដើម។

រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជានឹងប្រារព្ធខួបលើកទី៤០ឆ្នាំ ថ្ងៃបង្កើតរណសិរ្ស នៅស្តូបអនុស្សាវរីយ៍ នាស្រុកស្នួល ខេត្តក្រចេះ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។ សម្តេចពញាចក្រី ហេង សំរិន នឹងអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ក្នុងកម្មវិធីនេះដែលមានមហាជនរាប់ម៉ឺននាក់ចូលរួមផងដែរ។

* ឧបកថាសម្រាំងនៅក្នុងសៀវភៅ

មរណភាពរបស់ សោ ភឹម៖ ការស្លាប់របស់ សោ ភឹម មេបញ្ជាការភូមិភាគបូព៌ា នៃកងទ័ពបដិវត្តន៍ប្រជាជនកម្ពុជា គឺជាអ្វីមួយ ដែលមជ្ឈដ្ឋានជាតិនិងអន្តរជាតិចង់ដឹង។ សៀវភៅ «ការតស៊ូរបស់ប្រជាជន៖ កម្ពុជារស់ឡើងវិញ» នឹងមានរៀបរាប់លម្អិតទាក់ទងនឹងការស្លាប់របស់ សោ ភឹម។

ត្រង់ចំណុចមួយដែលសម្តេច ហេង សំរិន បានប្រាប់អ្នកនិពន្ធដោយបានរំលឹកអំពីកិច្ចប្រជុំចុងក្រោយមួយជាមួយអតីតមេបញ្ជាការដែលកំពុងមានជំងឺនៅវត្តមួយ ក្នុងឃុំព្រៃសាលិត ក្នុងស្រុកពារាំងខេត្តព្រៃវែងកាលពីឆ្នាំ១៩៧៨ ដែលភ្លាមៗនោះបន្ទាប់ពីអង្គរក្សមួយចំនួនរបស់ សោ ភឹម ត្រូវបានសម្លាប់ដោយកងកម្លាំង ប៉ុលពត នៅជិតទីក្រុងភ្នំពេញ។

«គាត់ស្ថិតនៅក្នុងសភាពមួយបាក់ទឹកចិត្ត» សម្តេចបានរៀបរាប់ដូច្នេះ ដោយបានពន្យល់ពីមូលហេតុដែល សោ ភឹម បានឯកភាពចាកចេញពីកងកម្លាំងរបស់ប៉ុលពត ឆ្ពោះទៅកាន់ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ «នៅស្រុកស្រីសន្ធរសម្តេចមានទាហានឈរជើងចំនួន ៣០០នាក់ សម្រាប់ត្រៀមអន្តរាគមន៍សភាពការណ៍ដែលអាចកើតឡើងជាយថាហេតុណាមួយ»

នៅពេលសម្តេចបានវិលត្រឡប់មកខេត្តព្រៃវែង ក្នុងការរៀបចំផែនការជម្លៀសអង្គភាពយោធាឆ្ពោះទៅកាន់ទិសបូព៌ា ស្រាប់តែអ្នករត់សំបុត្រម្នាក់បានហុចសំបុត្រមួយច្បាប់របស់ សោ ភឹម ជូនសម្តេច។ ជាសំបុត្រដែល សោ ភឹម បានសរសេរដោយប្រើប៊ិចទឹកពណ៌ក្រហមនិងខ្មៅថា «សូមសមមតិ្តតាំងស្មារតីខ្ពស់ ធ្វើការតស៊ូប្តូរផ្តាច់ដាច់ខាតលុះដំណក់ឈាមចុងក្រោយ បើសមមិត្តតាំងស្មារតី ខ្ពស់ធ្វើការតស៊ូប្តូរផ្តាច់ ដាច់ខាត អង់អាចក្លាហាន មានផ្លូវពីរគឺ រស់និងស្លាប់។ ប្រសិនបើត្រូវស្លាប់ យើងត្រូវស្លាប់ក្នុងកិត្តយស មិនសុខចិត្តអោបដៃអោយគេសម្លាប់ឡើយ»

អានសំបុត្រចប់សម្តេចបានចេញបញ្ជារឲ្យកម្លាំងមួយក្រុមដែលបំពាក់ដោយអាវុធជាច្រើនដើម ដើម្បីការពារ សោ ភឹម ចេញពីស្រុកស្រីសន្ធរឆ្ពោះទៅកាន់ព្រំដែនវៀតណាមនៅព្រឹកបន្ទាប់។ ក៏ប៉ុន្តែ «នៅពេលដែលពួកកងការពារកំពុងចេញដំណើរ ស្រាប់តែកងកម្លាំងរបស់ ប៉ុល ពត បានវាយប្រហារ» សម្តេចបាននិយាយថា «សោម ភឹម មិនបានទៅដល់វៀតណាមឡើយ»

តាមរយៈសៀវភៅ «ការតស៊ូរបស់ប្រជាជន៖ កម្ពុជារស់ឡើងវិញ» សម្តេចបានគូសបញ្ជាក់ថា «យន្តហោះសត្រូវបានបាចខិតប័ណ្ណចោទប្រកាន់ មេបញ្ជាការភូមិភាគបូព៌ា សោ ភឹម ថាជាជនក្បត់, លេខារងស្រុក ឈ្មោះ ហាន បានបញ្ជាទាហានឲ្យសម្លាប់គាត់។ «ក្នុងការប៉ះទង្គិចដោយ អាវុធ រវាងកងការពារ និងទ័ពស្រុក សោ ភឹម ត្រូវបានសម្លាប់នៅព្រែកពោធ៌ ដែលបច្ចុប្បន្នក្លាយជាឃុំ ព្រែកពោធ៌ របស់ស្រុកស្រីសន្ធរ។ ប្រពន្ធរបស់គាត់ឈ្មោះផាន់ ហៅ យាយការ៉ូ ក៏ត្រូវបានសម្លាប់ជាមួយកូន ពីរនាក់ផ្សេងទៀតផងដែរ។

សម្តេច ហេង សំរិន បានមានប្រសាសន៍បន្តថា «ពួកទ័ពសត្រូវបានយកសព សោ ភឹម ជាភស្តុតាង និងចោទប្រកាន់ថា គាត់ជាជនក្បត់ពិតប្រាកដ ហើយគាត់បានស្លាប់ហើយ។ ឈ្មោះ ឈាន ដែលជាលេខាបក្សតំបន់ ២២ និងឈ្មោះ សារុន ប្រធានភស្តុភារតំបន់បូព៌ាក៏ត្រូវបានពួកវាសម្លាប់ផងដែរ»

* ការប៉ះទង្គិចជាមួយកងកម្លំាងតាម៉ុក

«ការតស៊ូរបស់ប្រជាជន៖ កម្ពុជារស់ឡើងវិញ» ក៏និយាយរំលឹកផងដែរដល់ការប៉ះទង្គិចដំបូងជាមួយកងកម្លាំងតំបន់និរតីដែលដឹកនាំ ដោយ តាម៉ុក ខណ:ពេលដែលកម្លាំងបដិវត្តន៍កំពុងតែប្រយុទ្ឋ ផ្តួលរំលំ របបលន់ណុល។

សម្តេចពញាចក្រី ហេង សំរិន បានហៅការប៉ះទង្គិចលើកដំបូងជាមួយ តាម៉ុក នោះ មានជាប់ពាក់ព័ន្ឋនឹងការបាត់ខ្លួន នៅតំបន់ភ្នំជីសូនូវកងកម្លាំង ១០នាក់ មកពីតំបន់បូព៌ា ដោយរួមទាំងមេបញ្ជាការកងអនុសេនាធំមួយរូបផងដែរ។

ក្នុងនាមជាមេបញ្ជាការភូមិភាគ សោ ភឹម បានសរសេរសំបុត្រមួយផ្ញើទៅតាម៉ុក។ សំបុត្រ នោះត្រូវបានបេសកជនម្នាក់ឈ្មោះ អយ ជាប្រធានកងវរៈសេនាតូចលេខ ១២យកទៅឲ្យ។ លោកអយ បានកាន់សំបុត្រធ្វើដំណើរទៅជួបតាម៉ុក ដោយផ្ទាល់នៅស្រុកបាទី ខេត្តតាកែវ។ សម្តេចបានរៀបរាប់បន្តថា «តាម៉ុកបានឆ្លើយថាគាត់មិនបានដឹងទេ ហើយថា គេចាប់តែខ្មាំងទេ។ ពីពេលនោះមក យើងមិនដែលឃើញទាហានរបស់យើងទៀតឡើយ»

ក្រោយមកទៀតក៏មានការប៉ះទង្គិចគ្នាម្តងទៀតនៅតំបន់ព្រំដែនស្រុកស្អាង និងស្រុកព្រៃកប្បាស ត្រង់ម្តុំព្រែកអំបិល។ នោះគឺជាការប៉ះទង្គិចទ្រង់ទ្រាយធំមួយរវាង កងកំលាំងថ្មើរជើងរបស់ភូមិភាគទាំងពីរ រហូតមានការប្រឈមមុខដាក់គ្នា ដោយប្រើកំាភ្លើងត្បាល់ទៀតផង។

សម្តេច ហេង សំរិន មានប្រសាសន៍ថា ភាពតានតឹងជាមួយតំបន់និរតីបានបន្តកើតមានភ្លាមៗ បន្ទាប់ពីកងកម្លាំងបដិវត្តន៍បានផ្តួល រំលំរបបលន់ ណុល កាលពី ខែមេសា ឆ្នាំ១៩៧៥។ «ភូមិភាគនិរតីបានហាមឃាត់កងទ័ពភូមិភាគបូព៌ា២០៣ មិនឲ្យដើរឆ្លងថ្នល់ធំ (ផ្លូវព្រះមុនីវង្ស) ហួសគំនូសមកខាងលិចជាដាច់ខាត។ ស្រាប់តែមានពេលមួយនោះ លោក ឈូក សៅ អនុបញ្ជាការកងវរៈសេនាធំលេខ១២៦ របស់ខ្ញុំបានដើរឆ្លងគំនូសទៅខាងលិចថ្នល់ធំ ក៏ត្រូវសន្តិសុខកងពលលេខ១២ ចាប់ឃុំអស់ជិតមួយយប់ បង្អត់បាយបង្អត់ទឹក ទម្រាំខ្ញុំដោះស្រាយរួច ទើបគេព្រមដោះលែង»។ នេះជាការគូសបញ្ជាក់របស់សម្តេចប្រធានរដ្ឋសភា។

* ការដកកំលាំងចេញពីភ្នំពេញ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានប្រសាសន៍ថា កងកម្លាំងតំបន់បូព៌ារបស់សម្តេចបានឈរជើងត្រួតត្រានៅភ្នំពេញរយ:ពេលមួយខែ មុនពេលត្រូវជំនួសដោយកម្លាំងមជ្ឈឹម តាមបទបញ្ជាអោយចាកចេញ។ «ពួកកងកម្លាំងមជ្ឈឹមម៉ឺងមាត់ ហ្មត់ចត់ និងដាច់ខាត»។ នៅពេលណាចេញបញ្ជា ការងារដាច់ខាតត្រូវតែសម្រេច ដោយមិនត្រូវបរាជ័យជាដាច់ខាត។ សម្តេចបានរំលឹកឡើងវិញ។

«អង្គភាពរបស់ខ្ញុំទាំងអស់បានដកកម្លាំងឆ្លងទៅខាងកើត ស្ពានព្រះមុនីវង្ស និងបានឈរជើងចាប់ពីផ្សារច្បារអំពៅទៅកើត។ ឯទីបញ្ជាការរបស់វរៈសេនាធំលេខ១២៦ ខ្ញុំបានបោះទីតាំងនៅព្រែកឯង ជ្រោយអំពិល ក្នុងស្រុកគៀនស្វាយ។ នៅពេលដែលកងកម្លាំងរបស់ខ្ញុំបានដកចេញពីភ្នំពេញ សន្តិសុខរបស់មជ្ឈឹមបានឆែកឆេរ រើបាឡូដែលស្ពាយពីក្រោយខ្នងទាំងអស់ មុនពេលយើងឆ្លងស្ពានព្រះមុនីវង្ស។ សម្ភារៈផ្ទាល់ខ្លួន ដូចជា ច្រាស់ និងថ្នាំដុសធ្មេញ បើមានលើសពីមួយ គឺត្រូវគេដកយកទាំងអស់ លើកលែងតែចបកាប់ប៉ុណ្ណោះ មានច្រើនប៉ុន្មានក៏គេមិនដកយកដែរ»

* ការបោះពុម្ពផ្សាយនិងផ្សព្វផ្សាយ

«ការតស៊ូរបស់ប្រជាជន៖ កម្ពុជារស់ឡើងវិញ» ត្រូវបានរៀបចំបោះពុម្ពផ្សាយដោយក្រុមហ៊ុន EDM Books នៅប្រទេសសិង្ហបូរី ដែលជាទីស្នាក់ការធំរបស់ក្រុមហ៊ុន Editions Didier Millet ដែលបានបង្កើតឡើងនៅទីក្រុងប៉ារីសកាលពីឆ្នាំ១៩៧៩។ ការចែកផ្សាយនៅកម្ពុជានឹងធ្វើឡើងតាមរយ: Monuments Books នៅទីក្រុងភ្នំពេញ និងសៀមរាប ព្រមទាំង នៅបណ្ណាគារ Kinokuniya នៅផ្សារទំនើប អ៊ីអន II សែនសុខ។

ដោយឡែកការចែកចាយនៅក្រៅប្រទេសកម្ពុជា គឺតាមរយៈ APD សឹង្ហបូរី និងបណ្តាញសៀវភៅជាតិក្នុងសហរដ្ឋអាមេរិក។ សៀវភៅថ្មីនេះក៏នឹងអាចរកទិញបានផងដែរនៅតាម Amazon.com នាដើមឆ្នាំ២០១៩៕