ខេត្តត្បូងឃ្មុំ នឹងរៀបចំព្រឹត្តិការណ៍ដើរ៤០គីឡូម៉ែត្រ ដើម្បីអបអរខួបអនុស្សាវរីយន៍២ធ្នូ គម្រប់ខួប៤០ឆ្នាំ (១៩៧៨-២០១៨)


(ត្បូងឃ្មុំ)៖ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា នៅទី២៩ ខែវិច្ឆិកា ខាងមុខនេះ ខេត្តត្បូងឃ្មុំ និងសហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ដើរ៤០គីឡូម៉ែត្រ ចាប់ពីឃុំទន្លូង ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឆ្ពោះទៅកាន់ស្រុកស្នួល ខេត្តក្រចេះ ដើម្បីអបអរខួបអនុស្សាវរីយន៍២ធ្នូ គម្រប់ខួប៤០ឆ្នាំ (១៩៧៨-២០១៨)។

នេះជាការបញ្ជាក់របស់ឯកឧត្តម ជាម ច័ន្ទសោភ័ណ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងឱកាសលោកដឹកនាំមន្ត្រីក្រោមឱវាទបើកកិច្ចប្រជុំរៀបចំផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព នៅតាមដងផ្លូវក្នុងភូមិសាស្ត្រ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីអភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុងស្រុក ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត ស.ស.យ.ក និងមន្ត្រីសាលាខេត្តដែលពាក់ព័ន្ធផងដែរ។

នៅក្នុងឱកាសនេះដែរអភិបាលខេត្តត្បូងឃ្មុំ ដែលទើបត្រូវបានតែងតាំង ក៏បានស្នើឱ្យកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្តាប់ឱ្យបាននូវសភាពការណ៍ ពង្រឹងសន្តិសុខធានាសុវត្ថិភាព ដល់អ្នកចូលរួមទាំងអស់ ក្នុងដំណើរប្រវែង៤០គីឡូម៉ែត្រ ទៅកាន់ទីប្រវត្តិសាស្ត្រ ដើម្បីអបអរពិធីខួបអនុស្សាវរីយ២ធ្នូ ដោយមានរៀបចំក្រុមគ្រូពេទ្យ ថ្នាំពេទ្យ ក៏ដូចជា ឡានពេទ្យ សម្រាប់សង្គ្រោះករណីបន្ទាន់ណាមួយផងដែរ។

ឯកឧត្តមអភិបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ រួមជាមួយលោកអភិបាលក្រុងស្រុក មន្ទីរពាក់ព័ន្ធជុំវិញខេត្ត សហការគ្នាឱ្យបានស្អិតរមួត ធ្វើយ៉ាងណាឱ្យកម្មវិធីដំណើរការទៅដោយរលូន តាមការគ្រោងទុក៕