រាជរដ្ឋាភិបាលកម្ពុជា បង្ហាញការយកចិត្តទុកដាក់ ចំពោះកង្វល់ជនរួមជាតិ ពាក់ព័ន្ធជនជាតិចិន នៅព្រះសីហនុ


ភ្នំពេញ៖ ការិយាល័យ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៧ ខែវិច្ឆិកានេះ បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះកង្វល់ជនរួមជាតិមួយចំនួន ដែលបានបង្ហាញអារម្មណ៍ របស់ខ្លួន តាមបណ្តាញព័ត៌មានសង្គម ចំពោះហេតុការណ៍ ដែលបានកើតឡើង នៅក្រុងព្រះសីហនុ នាពេលថ្មីៗនេះ ដោយមានការសង្ស័យ ពាក់ព័ន្ធទៅនឹង ជនជាតិចិន។

សេចក្ដីថ្លែងការណ៍ដដែល ឲ្យដឹងបន្ថែមថាទន្ទឹមគ្នានេះ សារព័ត៌មានមួយចំនួន ក៏បានធ្វើបទអត្ថាធិប្បាយ ក្នុងគោលដៅ ដើម្បីផលប្រយោជន៍សាធារណៈ នៅក្នុងតំបន់នោះ។

សេចក្ដីថ្លែងការណ៍ បន្តអះអាងថា រាជរដ្ឋាភិបាល បាននិងកំពុងចាត់វិធានការ យ៉ាងម៉ឺងម៉ាត់ ក្នុងការពង្រឹង សន្តិសុខ សុវត្ថិភាព ក៏ដូចជាសណ្តាប់ធ្នាប់សង្គម សម្រាប់បម្រើផលប្រយោជន៍ សាធារណៈ នៅក្នុងតំបន់នោះ។ ឧទាហរណ៍ជាក់ស្តែង ក៏មានជនបរទេស ដែលជាអ្នកទេសចរ ត្រូវបានឃាត់ខ្លួន ជាបន្តបន្ទាប់ និងបញ្ជូនត្រឡប់ទៅ ប្រទេសដើមវិញ ក្រោមការអនុវត្តន៍ច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាល មានគោលនយោបាយច្បាស់លាស់ ដោយមិនអនុញ្ញាត ឲ្យមានសកម្មភាពទាំងឡាយណា ដែលមានជាចរិត រើសអើងពូជសាសន៍ កើតមាននៅក្នុង ព្រះរាជាណាចក្រកម្ពុជា បានឡើយ។ រាជរដ្ឋាភិបាល នៅតែបន្តលើកទឹកចិត្ត ដល់វិនិយោគិនទាំងអស់ ដែលបាននិងកំពុងប្រតិបត្តិ ធុរកិច្ចក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ ដែលមកទស្សនាកម្សាន្ត រមណីដ្ឋានធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្រ្តនៅកម្ពុជា ស្របតាមគោលនយោបាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែង និងទាក់ទាញវិនិយោគ និងទេសចរ នៅគ្រប់វេទិកាជាតិ និងអន្តរជាតិទាំងអស់ សម្រាប់ការរួមចំណែក ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។

នៅក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាល សង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បន្តការអនុវត្តន៍ច្បាប់ ដែលស្របទៅនឹង គោលនយោបាយជាតិ ដាក់ចេញដោយ សម្តេចតេជោ នាយករដ្ឋមន្ត្រី ចំពោះវិស័យទេសចរណ៍ និងការវិនិយោគ។ ជាការចាំបាច់ ដើម្បីទប់ស្កាត់សកម្មភាព ទាំងឡាយណា ដែលអាចបណ្តាលឲ្យ កើតមានឡើង ជាសង្រ្គាមចិត្តសាស្ត្រ និងការរើសអើង ពូជសាសន៍ ដែលអាចធ្វើឲ្យផលប៉ះពាល់ ដល់កិត្យានុភាព និងវិបុលភាព របស់ព្រះរាជាណាចក្រកម្ពជា។

រាជរដ្ឋាភិបាល ក៏បានថ្លែងអំណរគុណ ដល់ជនរួមជាតិ និងមិត្តភក្តិបរទេសទាំងអស់ មេត្តាប្រកាន់ខ្ជាប់នូវភាពថ្លៃថ្នូរ និងគោរពច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមចំណែក ដល់សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលជាផលប្រយោជន៍ សម្រាប់ប្រទេសកម្ពុជា ប្រជាជនខ្លួន និងវិនិយោគិន ព្រមទាំងអ្នកទេសចរផងដែរ៕