សម្តេចភក្តី សាយ ឈុំ អញ្ជើញ បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា


ព្រឹកថ្ងៃពុធ ៦រោច ខែកត្តិក ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកិច្ចប្រជុំ ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលមានរបៀបវារៈ៖
១- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤។
២- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤។
៣- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ នូវសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖
១-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា
និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ។
២ – កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា
និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ។
៤- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៦ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្និសញ្ញា ស្តីពីបត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤។
៥. កំណត់របៀបវារៈ និងកាលបរិច្ឆេទ បន្តសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤។
បន្ទាប់ពីស្តាប់របាយការណ៍របស់គណៈកម្មការ ដែលជាវិស័យសមត្ថកិច្ច និងស្តាប់មតិពិភាក្សាផ្តល់យោបល់របស់សមាជិក សមាជិការួចមក អង្គប្រជុំ បានសម្រេចអនុម័តសំណើរបស់គណៈកម្មការទី២ និងគណៈកម្មការទី៦ ព្រឹទ្ធសភា ដោយដាក់សេចក្តីព្រាងច្បាប់ទាំង៤ខាងលើ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤ ដោយចាត់ទុកជាការប្រញាប់ និងកំណត់យកថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង០៨:០០ព្រឹក បន្តសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤ ដោយមានរបៀវារៈ គឺៈ ពិនិត្យ និងអោយយោបល់លើសេចក្តីព្រាងច្បាប់ទាំង៤ខាងលើ ។