ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ជិតបញ្ចប់អាណត្តិ សរសើរពីកំណើនសេដ្ឋកិច្ចរឹងមាំ និងការរីកចម្រើនឥតឈប់ឈររបស់កម្ពុជា


លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ដែលជិតបញ្ចប់អាណត្តិរយៈពេល៣ឆ្នាំ បានលើកសរសើរពីកំណើនសេដ្ឋកិច្ចរឹងមាំ និងការរីកចម្រើនឥតឈប់ឈរ របស់កម្ពុជា នាពេលបច្ចុប្បន្ន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី២៨ ខែវិច្ឆិកានេះ។

ការសរសើរពីសេដ្ឋកិច្ច និងការអភិវឌ្ឍន៍របស់កម្ពុជារបស់លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងឱកាសដែលលោកចូលជួប អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិភាក្សាការងារ ខណៈដែលលោកឯកអគ្គរដ្ឋទូត ចូលជួបជម្រាបលា នៅពេលដែលអាណត្តិបេសកកម្មការទូតរបស់លោកនៅកម្ពុជា នឹងត្រូវបញ្ចប់នាចុងខែ វិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលទាំងឡាយ ដែលកើតពីការខិតខំប្រឹងប្រែងទាំងកម្លាំងកាយ និងកម្លាំងចិត្តរបស់លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ក្នុងអាណត្តិការងាររយៈពេលបីឆ្នាំ របស់លោកនៅកម្ពុជា ដែលបានធ្វើឲ្យទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-អាមេរិក មានភាពល្អប្រសើរ ជាពិសេសវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម ដែលបានរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ។

លោក William Heidt បានវាយតម្លៃខ្ពស់អំពីកំណើនសេដ្ឋកិច្ចរឹងមាំ និងការរីកចម្រើនឥតឈប់ឈរ របស់កម្ពុជានាពេលបច្ចុប្បន្ន។ លទ្ធផលដែលសម្រេចបានទាំងនេះ គឺកើតចេញមកពីការខិតខំប្រឹងប្រែង និងគោលដៅ ច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា។

ដើម្បីចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ី ជម្រៅនាពេលអនាគតរវាងកម្ពុជា-សហរដ្ឋអាមេរិក, លោក William Heidt បានលើកឡើងថា សហរដ្ឋអាមេរិក អាចនឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ, ការលើកកម្ពស់ និងពង្រីកសហគ្រិនភាពរបស់ស្រ្តីវ័យក្មេងនៅក្នុងវិស័យធុរកិច្ច, សេដ្ឋកិច្ច និងសង្គម សំដៅលើកកម្ពស់សីលធម៌ សង្គម, តម្លៃស្រី្ត និងសមភាពយេនឌ័រ ក៏ដូចជា ការត្រៀមខ្លួនរបស់កម្ពុជាស ម្រាប់ការមកដល់នៃសេដ្ឋកិច្ចឌីជីថល និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានថ្មី ជាដើម ។

ជាមួយគ្នានេះ, លោក William Heidt ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធ របស់កម្ពុជា ពិសេស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានផ្ដល់កិច្ចសហប្រតិបត្ដិការយ៉ាងល្អប្រសើរ និងសម្រួល ដល់បរិយាកាសការងារ ក្នុងរយៈពេលបីឆ្នាំនៃបេសកកម្មការទូតរបស់លោកនៅកម្ពុជា ។ ទោះបីលោក ត្រូវទទួលតួទីថ្មី តែរូបលោកនៅតែមានអារម្មណ៍ដិតដានជាមួយនឹង បទពិសោធន៍ការងារជាច្រើននៅកម្ពុជា ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានគូសបញ្ជាក់ថា កម្ពុជាស្វាគមន៍ និងគាំទ្ររាល់គ្រប់គំនិតផ្តួចផ្តើមពីគ្រប់ដៃគូអភិវឌ្ឍន៍ទាំងអស់ រួមទាំងសហរដ្ឋអាមេរិកផងដែរ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដែលនាំមកនូវភាពសុខដុមរមនា និងភាពរីកចម្រើនរុងរឿងរបស់ប្រជាជនកម្ពុជា និងសម្រាប់ជាឧត្តមប្រយោជន៍ទៅវិញ ទៅមកសម្រាប់កម្ពុជា-សហរដ្ឋអាមេរិក ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក៏បានជូនពរលោក William Heidt ឲ្យទទួលបានជោគជ័យ ក្នុងតួនាទីថ្មីរបស់លោកនាពេលខាងមុខ និងបានបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរក្សាទំនាក់ទំនងល្អជាមួយលោកឯកអគ្គរដ្ឋទូតថ្មី របស់សហរដ្ឋអាមេរិក ដែលនឹងត្រូវមកបន្តការងារពីលោក ដើម្បីបន្តលើកកម្ពស់កិច្ច សហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរថែមទៀត៕