ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជានឹងបន្តកើនឡើង ក្នុងអត្រា៧.១ភាគរយនៅឆ្នាំនេះ ទោះសេដ្ឋកិច្ចពិភពលោក មានបញ្ហាប្រឈមក្តី !


យោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ចុងក្រោយរបស់ធនាគារពិភពលោក (World Bank) ដែលចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា អត្រាកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងខ្ពស់ជាងឆ្នាំកន្លងទៅ គឺកើនឡើង៧.១ ភាគរយ ក្នុងឆ្នាំ២០១៨ ដែលកំណើននេះ នាំមុខដោយការប្រើប្រាស់ទំនិញក្នុងស្រុក និងការនាំចេញ។

របាយការណ៍បញ្ជាក់ថា បន្ទាប់ពីមានការងើបឡើងវិញបន្តិចម្ដងៗ នៃសេដ្ឋកិច្ចនៅឆមាសទី២ ឆ្នាំ២០១៧មក ការនាំចេញរបស់កម្ពុជា បានកើនឡើងយ៉ាងរហ័ស ដោយមួយភាគធំ គឺតម្រូវការដ៏ច្រើននៅក្នុងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ កម្ពុជាស្ថិតក្នុងចំណោមប្រទេសមួយចំនួនតូច ក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលគេរំពឹងថា នឹងមានកំណើនសេដ្ឋកិច្ចល្អប្រសើរតិចតួច។

ហានិភ័យនានា នៅក្នុងវិស័យហិរញ្ញវត្ថុបន្តកើនឡើង វានឹងពាក់ព័ន្ធច្រើនទៅលើវិស័យសំណង់ និងអចលនទ្រព្យ។ ហានិភ័យពីមជ្ឈដ្ឋានខាងក្រៅរួមមាន សក្តានុពលនៃការ ដកប្រព័ន្ធអនុគ្រោះពន្ធលើទំនិញនាំចេញសម្រាប់កម្ពុជា និងផលប៉ះពាល់ ដែលមិនអាចព្យាករណ៍ទុកបាន ដែលកើតចេញពីជម្លោះពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងប្រទេសចិន។

លោក លី ស៊ីដេត អ្នកសេដ្ឋកិច្ចជាន់ខ្ពស់ របស់ធនាគារពិភពលោកប្រចាំនៅកម្ពុជាបានឱ្យដឹងថា អាទិភាពជាច្រើនសម្រាប់កម្ពុជា រួមមានការការពារវិស័យហិរញ្ញវត្ថុឲ្យបានល្អ ខណៈដែលកំពុងតែកសាងធនធានបម្រុង ពង្រឹងភាពប្រកួតប្រជែង និងទប់ស្កាត់កំណើន នៃអត្រាប្ដូរប្រាក់ពិត ដែលបណ្ដាលមកពីកំណើនដ៏ឆាប់រហ័ស នៃការនាំចូលទំនិញនាពេលថ្មីៗ។

លោកស្រី អ៊ឹងហ្គូណា ដូប្រាចា​ ប្រធានគ្រប់គ្រងធនាគារពិភពលោក ប្រចាំនៅកម្ពុជា បានឱ្យដឹងដែរថា «ដើម្បីសម្រេចបានគោលបំណងរបស់ខ្លួន ក្នុងការទទួលបានចំណាត់ថ្នាក់ ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់កម្រិតមធ្យម កម្ពុជាចាំបាច់ត្រូវបង្កើនការវិនិយោគរបស់ខ្លួន លើផ្ទៃធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ និងធ្វើកំណែទម្រង់នានា ដែលគាំទ្រកំណើនសេដ្ឋកិច្ចគ្រប់វិស័យ និងប្រកបដោយចីរភាព។ ការគៀងគរប្រាក់សន្សំ ក្នុងស្រុកឲ្យបានច្រើន ដើម្បីយកទៅបង្កើនការវិនិយោគ គឺជាកត្តាសំខាន់ក្នុងការឈានទៅដល់គោលដៅមួយ ដូចបណ្ដាប្រទេសសេដ្ឋកិច្ចល្អជាងគេនៅអាស៊ីសម្រេចបាន»