ជំនួបពិភាក្សាការងារជាមួយលោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា និងគណៈ ប្រតិភូអមដំណើរ


ថ្ងៃអង្គារ ៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តី ការក្រសួង ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួប ពិភាក្សាការងារជាមួយលោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ និងដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភានីតិកាលទី៦ ដោយមានការអមដំណើរពីគណៈប្រតិភូអម ដំណើរផងដែរ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសមិទ្ធផលនានាដែលសម្រេចបាននៅក្នុងអាណត្តិទី៥កន្លងមក ដែលក្នុងនោះរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវដែក ផ្លូលថ្នល់ ផ្លូវទឹក និងស្ពាន ត្រូវបានសាងសង់ តភ្ជាប់ទៅកាន់គ្រប់ច្រកល្ហកទូទាំងប្រទេស ការពង្រីកនិងលើកកម្ពស់គុណភាពពីប្រភេទផ្លូវDBSTទៅជា ប្រភេទផ្លូវAC ការសាងសង់និងពង្រីកកំពង់ផែដើម្បីបំពេញតម្រូវការកើនឡើងនៃការនាំចេញនិងនាំចូលនិងការបញ្ចប់ផែនការមេភស្តុភារកម្មដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងការប្រកួតប្រជែងជាមួយប្រទេសក្នុង តំបន់ បដិវត្តន៍ឧស្សាហកម្មទី៤ ក៏ដូចជាត្រៀមខ្លួនតភ្ជាប់ជាមួយខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់មហាអំណាច ចិនផងដែរ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានបន្តថា៖ សេវាសាធារណៈត្រូវបានកែទម្រង់ស៊ីជម្រៅ ដោយប្រើប្រាស់ប្រព័ន្ធ ស្វ័យប្រវត្តិកម្មដើម្បីបង្ខិតសេវាទៅជិតប្រជាពលរដ្ឋ ក្នុងនោះរួមមាន៖ ការបង្កើតមណ្ឌលប្ដូរ និងពន្យារ បណ្ណបើកបរនៅតាមផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ និងឈៀកចល័តជាដើម។

ជាមួយគ្នានេះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានជម្រាបជូនលោកជំទាវ និងគណៈប្រតិភូអំពីផែនការ និងទិសដៅការងារសម្រាប់អាណត្តិទី៦ ដែលមានដូចជា៖ ការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុង ព្រះសីហនុ និងពីភ្នំពេញទៅបាវិត ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការកែលម្អសេវា សាធារណៈឱ្យកាន់តែប្រសើរឡើង ការបង្កើតយន្តការនិងយុទ្ធសាស្ត្រលុបបំបាត់គ្រោះថ្នាក់ចរាចរណ៍ ការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស និងលុបបំបាត់ការផ្ទុកទំនិញលើសទម្ងន់កម្រិតកំណត់ ជាពិសេសផែនការ១០០ថ្ងៃរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅដើមអាណត្តិទី៦នេះ។

ជាលទ្ធផល លោកជំទាវប្រធានគណៈកម្មការទី៩ បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី ដែលមានភាពឆ្លាតវៃ គំនិតផ្ដួចផ្ដើមច្នៃប្រឌិត និងដែលបានខិតខំប្រឹងប្រែងអស់ពី លទ្ធភាព និងប្រើអស់សក្ដានុពលដែលខ្លួនមានដើម្បីអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូនស្របតាម គោលនយោបាយរបស់រាជរដ្ឋាភិបាល។

ជាទីបញ្ចប់ ឯកឧត្ដមទេសរដ្ឋមន្ត្រី សម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវប្រធាន និង គណៈប្រតិភូដែលជានិច្ចជាកាលតែងតែសហការយ៉ាងស្អិតរមួតជាមួយក្រសួងសាធារណការ និងដឹក ជញ្ជូនក្នុងការតាក់តែងច្បាប់ ក៏ដូចជាការផ្ដល់អនុសាសន៍ដ៏មានតម្លៃ ក្នុងបុព្វហេតុអភិវឌ្ឍវិស័យ សាធារណការ និងដឹកជញ្ជូនជូនជាតិមាតុភូមិ។