ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំកិច្ចប្រជុំ ប្រចាំសប្តាហ៍ជាមួយនឹងមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន


ថ្ងៃពុធ ៦រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តី ការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំកិច្ចប្រជុំ ប្រចាំសប្តាហ៍ជាមួយនឹងមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

កិច្ចប្រជុំនេះផ្តោតជាសំខាន់លើការប្រកាសសុពលភាពមន្ត្រីរាជការទើបតែងតាំងនិងការផ្ទេរភារកិច្ចថ្មី ការពិនិត្យសម្រេចដោះស្រាយរាល់សំណូមពរ និងកិច្ចការដែលត្រូវរៀបចំធ្វើបន្ត ដែលលើកឡើងដោយ អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង ទាក់ទងនឹងការងាររដ្ឋបាល ការងារសាធារណការ ការងារដឹកជញ្ជូនផ្លូវគោក ភស្តុភារកម្ម និងវឌ្ឍនភាពនៃការអភិវឌ្ឍកម្មវិធីRoad Care Appដែលអាចឱ្យប្រជាពលរដ្ឋថតរូបភាពផ្លូវខូចបញ្ជូនមកក្រុមការងារក្រសួងដើម្បីចុះទៅជួសជុលបានទាន់ពេលវេលា។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានប្រកាសសុពលភាពមន្ត្រីរាជការទើបតែងតាំងដើម្បីបំពេញតាមមុខតំណែងក្នុងរចនាសម្ព័ន្ធអង្គការលេខថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទទួលបានការឯកភាពពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ រចនាសម្ព័ន្ធ ថ្មីនេះនឹងជួយធ្វើឱ្យកំណែទម្រង់របស់ក្រសួងអាចសម្រេចបាននូវប្រសិទ្ធភាព និងតម្លាភាពក្នុងការ បំពេញការងារជូនប្រជាពលរដ្ឋ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ និងបានជំរុញលើកទឹកចិត្តដល់មន្ត្រីដែលទើបបានតែងតាំងថ្មីទាំងអស់ ឱ្យខិតខំប្រឹងប្រែងធ្វើការងារឲ្យកាន់តែសកម្ម និងប្រកបដោយភាពទទួលខុសត្រូវនៅតាមមុខតំណែងរបស់ខ្លួន ដើម្បីជាផលប្រយោជន៍ដល់ក្រសួង និងប្រទេសជាតិ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបជូនអង្គប្រជុំអំពីគម្រោងរៀបចំការបណ្តុះបណ្តាលមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនទាក់ទងនឹងភាពជាអ្នកដឹកនាំដើម្បីបន្តវេនដឹកនាំ ក៏ដូចជាដើម្បីផ្តល់ចំណេះដឹងបន្ថែមដល់អង្គភាពពាក់ព័ន្ធផងដែរ៕