ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពី “នីតិវិធីគ្រប់គ្រងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន សម្រាប់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍”


ព្រឹកថ្ងៃព្រហស្បតិ៍ ០៧រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីគ្រប់គ្រងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន សម្រាប់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍” ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួង ព្រមទាំងមន្ត្រីរាជការមកពីមន្ទីរ ប.ទ.ខេត្ត សរុបចំនួន ១៨០នាក់ ។

មានប្រសាសន៍បើកសិក្ខាសាលា ឯកឧត្ដមរដ្ឋមន្ត្រី បានលើកឡើងពីការរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលនេះ គឺឆ្លើយតបទៅនឹងផែនការដែលក្រសួងបានត្រៀមទុកក្នុងការអនុវត្តន៍ប្រកាសរួមស្ដីពី “ការផ្ដល់សេវាសាធារណៈដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍”។ ឯកឧត្ដមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សិក្ខាសាលានេះនឹងមានការធ្វើបទបង្ហាញបញ្ជាក់ និងពន្យល់ឱ្យបានច្បាស់លាស់លើការគ្រប់គ្រងជំនាញបច្ចេកទេស និងគ្រប់គ្រងប្រភេទសេវារវាងនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក-TRC) និង អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ប.គ.ព-ICT) ដែលក្រសួងបានរៀបចំជាកម្រងសេវាសាធារណៈរួចហើយ រួមមាន៖
(១).នីតិវិធីសម្រាប់អនុវត្តការផ្ដល់សេវាសាធារណៈវិស័យ ICT
(២).នីតិវិធីនៃការផ្ដល់លិខិតអនុញ្ញាតប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុទាក់ទងនិងបរិក្ខារវិទ្យុគមនាគមន៍ និង
(៣).នីតិវិធីនៃការផ្ដល់លិខិតអនុញ្ញាតបើកអាជីវកម្មសាលបម្រើអ៊ីនធឺណិត ព្រមទាំងមានការពិភាក្សាសំណួរចម្លើយមុនបញ្ចប់អង្គសិក្ខាសាលាផងដែរ។

មុននឹងបញ្ចប់ ឯកឧត្ដមរដ្ឋមន្ត្រី សង្ឃឹមជឿជាក់ថា សិក្ខាសាលានេះនឹងជួយបង្កើនសមត្ថភាពសិក្ខាកាមទាំងអស់ឱ្យកាន់តែប្រសើរឡើង ជាពិសេសមន្ត្រីនៅមន្ទីរ ប.ទ.ខេត្ត ដើម្បីរួមចំណែកអភិវឌ្ឍវិស័យទូរគមនាគមន៍ និង វិស័យ ICT នៅកម្ពុជា ក្នុងការកៀរគរប្រមូលចំណូលចូលឱ្យអស់លទ្ធភាពសម្រាប់បង់ចូលថវិកាជាតិនាពេលអនាគត៕