អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រជុំផ្សព្វផ្សាយរបាយការណ៍លទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀននព្វមាស២០១៨និងលើកទិសដៅអនុវត្តការងារ៤ខែបន្ត


នាព្រឹកថ្ងៃពុធ ៦រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានរៀបចំប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីលទ្ធផលការងាត្រួតពិនិត្យគ្រឿងញៀន នព្វមាសឆ្នាំ២០១៨ នៅសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម ងួន រតន: អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង និងជាប្រធានគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ប្រធានសាលាដំបូងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្រុងស្រុក លោកស្នងការនគរបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ អភិបាលក្រុង ស្រុក និងប្រធាន អនុប្រធានមន្ទីរនានាជុំវិញខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធចូលរួមជាច្រើននាក់ផងដែរ។

បន្ទាប់របាយការណ៍ស្វាគមន៍របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងនគរបាលខេត្តទទួលបន្ទុកប្រឆាំងបទល្មើស ដោយបានបញ្ជាក់ពីលទ្ធផលការងារដែលបានអនុវត្ត៩ខែកន្លងមក។

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ មានប្រសាសន៍ក្នុងអង្គកិច្ចប្រជុំថា ក្នុងនាមអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនសូមថ្លែងអំណរគុណដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលបានខិតខំធ្វើការងារនេះកន្លងមក។

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបញ្ជាក់ថា ដើម្បីកាត់បន្ថយជនប្រើប្រាស់គ្រឿងញៀន យើងត្រូវសិក្សា ភូមិសាស្រ្ត ទីតាំងប្រើប្រាស់គ្រឿងញៀន ឲ្យបានច្បាស់លាស់ជាមុនសិនដើម្បីមានវិធានការទុបស្កាត់បានទាន់ពេលវេលាផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍បានបន្តថា យន្តការដ៏មានប្រសិទ្ធភាពបំផុតក្នុងការងារទប់ស្កាត់គ្រឿងញៀន គឺត្រូវបង្កើតគណ:កម្មាធិការតាមគោលដៅនៅមូលដ្ឋានគ្រប់ទីកន្លែង ដោយមានអធិការរងស្រុកម្នាក់ជាអ្នកទទួលខុសត្រូវការងារជំនាញគ្រឿងញៀននេះ ហើយអាជ្ញាធរភូមិ ឃុំ ត្រូវធ្វើបច្ចុប្បន្នភាព ជនប្រើប្រាស់គ្រឿងញៀននិងកំណត់មុខសញ្ញាឲ្យបានច្បាស់លាស់ផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍បានបន្តទៀតថា យើងជាអាជ្ញាធរមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធត្រូវធ្វើការផ្សព្វផ្សាយជាប្រចាំ នៅតាមគោលដៅដូចជានៅតាម សណ្ឋាគារ ក្លឹបកំសាន្ត ឬកន្លែងផ្សេងទៀត ពិសេសជាមួយប្រជាពលរដ្ឋដោយឲ្យគាត់ចូលរួមកិច្ចសហការទើបការងារទប់ស្កាត់ការងារប្រើប្រាស់គ្រឿងញៀននេះឲ្យមានប្រសិទ្ធភាពខ្ពស់បានល្អ។

នាយឧត្តមសេនីយ៍ យើងក៏ត្រូវមានទីកន្លែងអប់រំបន្សាបគ្រឿងញៀននៅតាមបណ្តាខេត្តរបស់ខ្លួនសម្រាប់ទទួលព្យាបាលជនដែលញៀន គ្រឿងញៀនដោយស្ម័គ្រចិត្តនិងមានការឯកភាពពីអាណាព្យាបាលផងដែរ។

ឯកឧត្តម ងួន រតន: សូមគាំទ្រទាំងស្រុង និងចូលរួមសហការគ្រប់ពេលវេលានូវការងារទប់ស្កាត់ពីបញ្ហាគ្រឿងញៀនក្នុងខេត្តជាមួយសមត្ថកិច្ចជំនាញបន្តទៀត។

ឯកឧត្តម ងួន រតន: អភិបាល នៃគណៈអភិបាលខេត្ត បានបញ្ជាក់ថា តាមរយ:វេទិការសាធារណ:កន្លងមក គឺអាជ្ញាធរខេត្តបានធ្វើរួចហើយ និងបានជម្រាបជូនប្រជាពលរដ្ឋពីបញ្ហាផ្សេងៗនៅតាមមូលដ្ឋាន ពិសេសបញ្ហាគ្រឿងញៀនតែម្តង។

ឯកឧត្តមបានបន្តថា មានតែការចូលរួមពីយើងទាំងអស់គ្នាទេ ទើបការងារនេះទទួលបានជោគជ័យក្នុងការទប់ស្កាត់បញ្ហាគ្រឿងញៀន និងកាត់បន្ថយឲ្យនៅសល់តិចបំផុតផងដែរ។