ឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន បានអនុញ្ញាតឲ្យលោកស្រី Jin Lee នាយកក្រុមហ៊ុន WINGO Cambodia និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលម៉ោង ១៥:០០ ថ្ងៃព្រហស្បតិ៍ ៧រោច ខែកត្តិក ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថៃ្ងទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន បានអនុញ្ញាតឲ្យលោកស្រី Jin Lee នាយកក្រុមហ៊ុន WINGO Cambodia និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជានាពេលអនាគតតាមរយៈការបង្កើតធនាគារកសិករ ការធ្វើអាជីវកម្មគ្រាប់ពូជ និងការបង្កើតរោងចក្រផលិតជីធម្មជាតិ។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ចំពោះគម្រោងវិនិយោគលើវិស័យកសិកម្មរបស់ក្រុមហ៊ុន ស្របពេលដែលវិស័យមួយនេះត្រូវការការអភិវឌ្ឍពីវិនិយោគិនទាំងក្នុងនិងក្រៅស្រុក ក្នុងពេលបច្ចុប្បន្ននិងក៏ដូចជាពេលអនាគតដើម្បីបង្កើនផលិតភាពផលិតកម្ម ដោយប្រើប្រាស់បច្ចេកទេសទំនើប ការជ្រើសរើសពូជ និងជីសមស្របតាមគោលការណ៍បច្ចេកទេស ការប្រែប្រួលអាកាសធាតុ និងតម្រូវការទីផ្សារ។ ចំពោះគោលបំណងនាំចូលគ្រាប់ពូជ និងជី ឯកឧត្តមរដ្ឋមន្ត្រីស្នើឲ្យក្រុមហ៊ុនសហការ និងពិគ្រោះយោបល់ទាក់ទងនីតិវិធីច្បាប់ និងបច្ចេកទេសជាមួយអគ្គនាយកដ្ឋានកសិកម្ម និងនាយកដ្ឋាននីតិកម្មកសិកម្ម ដើម្បីធ្វើការសាកល្បងដាំដុះជាមួយកសិករ ឬសហគមន៍ស្វែងរកគុណសម្បត្តិ និងគុណវិបត្តិរបស់គ្រាប់ពូជបន្លែនៃដំណាំនីមួយៗ និងជីឲ្យបានច្បស់លាស់ សមស្របតាមអាកាសធាតុ ភូមិសាស្រ្ត ទឹកដីនៅកម្ពុជាយើងជាមុនសិន មុនធ្វើការនាំចូលធ្វើអាជីវកម្ម។ ក៏ប៉ុន្តែឯកឧត្តមរដ្ឋមន្ត្រីស្នើឲ្យក្រុមមហ៊ុនពិនិត្យលទ្ធភាពក្នុងការវិនិយោគនៅកម្ពុជា ល្អប្រសើរជាងការនាំចូល ដើម្បីប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឲ្យអស់លទ្ធភាព បង្កើតការងារ កាត់បន្ថយថ្លៃដើម និងការនាំចូល។

ជាការឆ្លើយតប លោកស្រីបានឯកភាពតាមសំណើរបស់ឯកឧត្តមរដ្ឋមន្រី ហើយសន្យាថានឹងសហការលើការងារបច្ចេកទេស និងអនុវត្តតាមនីតិវិធីច្បាប់ដែលបានចូលជាធរមាន ជាមួយនាយកដ្ឋានពាក់ព័ន្ធ ដើម្បីឲ្យគម្រោងរបស់ក្រុមហ៊ុនទទួលបានជោគជ័យ។